• 2024-05-28 06:00:00
  • បាល់ទះ

កែវ ស្រេងលីហួរ ប្រាប់​មូល​ហេតុ​គេ​ប៉ះសេ​មិន​បាន​ល្អ​ក្នុងជំនួប​មិត្តភាព U20

  • 2024-05-28 06:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​​បាល់ទះ​ជម្រើសជាតិ​កម្ពុជា​អាយុ​ក្រោម​២០​ឆ្នាំ​ កាល​ពី​ថ្ងៃ​ទី​២៤ ខែឧសភា ឆ្នាំ​២០២៤ បាន​ធ្វើ​ការ​ប្រកួត​មិត្តភាព​ជាមួយ​ក្លឹប​បាល់ទះ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដោយ​ក្រុម U20 កម្ពុជា​ចាញ់​​ក្នុង​លទ្ធផល​៣-១ (U20 កម្ពុជា​ឈ្នះ​សិត​ទី​៣​)។

កែវ ស្រេងលីហួរ និងអ្នកប៉ះសេបារាំង Thomas Gill

ក្នុង​ជំនួប​​នេះ​ កែវ ស្រេងលីហួរ ត្រូវ​បាន​​លោក លីជុន ផ្ដល់​ទំនុក​ចិត្ត​ដាក់​ឱ្យ​លេង​ជម្រើស​៦​នាក់​ដំបូង។ នៅ​ដើម​តង់​​សិត​ទី​១ក្រុម U20 កម្ពុជា​ធ្វើ​បាន​ល្អ ប៉ុន្តែ​បន្តិច​ក្រោយ​មក​ហាក់​បី​លេង​មិន​សូវ​ត្រូវ​គ្នា ជាពិសេស​ការ​ចែក​បាល់​របស់ កែវ ស្រេងលីហួរ មិន​សូវ​បាន​ល្អ​ឡើយ ហើយ​រូប​គេ​ត្រូវ​បាន​គ្រូ​បង្វឹក​ជនជាតិ​ចិន​ប្ដូរ​ចេញ​ភ្លាមៗ ជំនួស​មក​វិញ​ដោយកីឡាករ​ស្នងការ​រាជធានីភ្នំពេញ យុន ខេមរះ ។

អ្វី​ជា​កត្តា​ធ្វើ​ឱ្យ​អតីត​យុវជន​ក្លឹប​បាល់ទះ​វិសាខា​ធ្វើ​មិន​បាន​ល្អ​នា​ថ្ងៃ​នោះ? ក្នុង​កិច្ច​សម្ភាសន៍​ខ្លី​មួយ​ យុវជន​អាយុ​១៩​ឆ្នាំ បាន​ឆ្លើយ​ប្រាប់​ Sabay ថា មក​ពី​កត្តា​បី​​យ៉ាង​រួម​មាន​កត្តា​​ទី​១ កីឡាករ​ថ្មី​មិន​មាន​បទពិសោធន៍​ច្រើន កត្តា​ទី​២ ហ្វឹកហាត់​ជាមួយ​គ្នា​បាន​តិច​តួច និង​កត្តា​ទី​៣ ចាប់​សេវា​មិន​សូវ​បាន​។

កែវ ស្រេងលីហួរ និង ផុល រតនៈ

"បាទ​បង! ចំពោះ​ខ្ញុំ​ប៉ះដូច​អត់​សូវ​​កើត ទើប​លោក​គ្រូ​គាត់​ដូរ​ចេញ​ ប៉ុន្តែ​ខ្ញុំ​សារក្រោយ​បើ​មាន​ឱកាស​ខ្ញុំ​នឹង​ខំប្រឹងប្រែង កត្តា​ទី​១ ខាង​ខ្ញុំ​លេង​បាន​ច្រើន​តែ​ពីរ​បី​នាក់​ទេ ចឹង​អ្នក​អត់​បាន​លេង​រៀង​ភ័យៗ​ហើយ​កត្តា​ទី​២​ ចាប់​សឺវីស ចាប់​សឺវីស​អត់​សូវ​បាន​ តែ​ពេល​សិត​ទី​១​ដំបូង​ពួកយើង​ធ្វើ​បាន​ល្អ​ តែ​ដល់​ពេល​ពាក់​កណ្ដាល​សិត ពួកយើង​ចាប់​សឺវីសអត់​សូវ​បាន​ យើង​ឡាក​ទៅ​ហ្មង ហើយ​ណា​មួយ​​ទើប​តែ​ហាត់​អត់​​ទាន់​បាន​មួយ​ខែ ចឹង​លេង​អត់​ទាន់​សង់តង់​»។ នេះ​បើ​តាម​ការ​បញ្ជាក់​​បន្ថែម​ពី​ កែវ ស្រេងលីហួរ។

អតីត​យុវជន​របស់​ក្លឹប​បាល់​ទះ​វិសាខា​រូប​នេះ បាន​ធ្វើតេស្ត​ជាប់​ជម្រើស​ជាតិ​ទាំង​ U20 និង​ឈុត​ធំ ហើយ​ការ​ប្រកួត​មិត្ត​ភាព​កាល​ពី​ពេល​ថ្មីៗ​នេះ គឺ​ដើម្បី​ត្រៀម​ប្រកួត​ជម្រុះ​ដណ្ដើមពាន​រង្វាន់​បាល់​ទះ​ជើងឯក​អាស៊ី​អាយុ​ក្រោម​២០​ឆ្នាំ​នា​ពេល​ខាង​មុខ។

គួរ​បញ្ជាក់​ដែរ​ថា បើ​មិន​មាន​ការប្រែប្រួល​ទេក្រុម​បាល់​ទះ​ជម្រើសជាតិ​កម្ពុជា​អាយុ​ក្រោម​២០​ឆ្នាំ នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​​ទឹកដី​កណ្ដាល​ប្រទេស​ថៃ នៅ​ថ្ងៃ​ទី​២៤​ ខែ​មិថុនា ឆ្នាំ​២០២៤ ដើម្បី​ប្រកួត​ជាមួយ​ U20 វៀតណាម​។ ក្រុម​ណា​ឈ្នះ​នឹង​ឡើង​ទៅ​ប្រកួត​​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ​ប្រទេសឥណ្ឌូណេស៊ីនាថ្ងៃទី២៣ ខែកក្តដា ឆ្នាំ​២០២៤​៕​​​​​​​ ​​

អត្ថបទ៖ Um Sopheak

មតិយោបល់