• 2024-05-28 03:50:00
  • បាល់ទះ

គួន ម៉ុម ទម្លាយចំៗ​ថាវ៉ៃ​បាល់​របស់​អ្នកប៉ះសេបារាំង Thomas Gill មិន​ទាន់​ត្រូវ​ទេ

  • 2024-05-28 03:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្មាត់ធំរបស់ក្លឹបបាល់ទះវិសាខា គួន ម៉ុម មិនទាន់លេងស៊ីចង្វាក់ជាមួយអ្នកប៉ះសេសញ្ជាតិបារាំង Thomas Gill នៅ​ឡើយ​ទេ ព្រោះពួកគេ​ទើបតែហ្វឹកហាត់ជាមួយគ្នាបាន៤ថ្ងៃប៉ុណ្ណោះ។

កីឡាករ គួន ម៉ុម

កីឡាករកម្ពស់ ១ម៉ែត្រ ៩៨សង់ទីម៉ែត្រ គួន ម៉ុម បានឲ្យដឹងថា ៖«ហាត់ជាមួយគ្នាបាន៤ថ្ងៃនេះ ការយល់ចិត្តវាបានច្រើនហើយ តែសំខាន់អាទម្រង់លេងវាមិនទាន់បានច្រើន ទម្រង់លេងមិនទាន់បានច្រើនទេ សម្រាប់ខ្ញុំផ្ទាល់ ខ្ញុំអត់ទាន់វ៉ៃបាល់គាត់ត្រូវទេ បើខ្លួនខ្ញុំផ្ទាល់ តែបើកីឡាករផ្សេងទៀតខ្ញុំមិនទាន់ហ៊ានថាដែរ»។

កីឡាករបារាំងចូល​ចិត្ត​លេងបាល់ខ្ពស់ៗនិងលេងលឿនៗ ជាហេតុធ្វើ​ឱ្យ​កីឡាករ​កម្ពុជា​ពិបាកលេងជាមួយ ប៉ុន្តតែ​ស្មាត់បាល់ទះជម្រើសជាតិកម្ពុជាគួនម៉ុម​យល់​ថា បើពួកគេហ្វឹកហាត់ជាមួយគ្នាបានយូរជាង​នេះ​ នោះការលេង និង​ការយល់ចិត្ត​ទៀត​សោត​នឹងល្អប្រសើរឡើង​។

អ្នកប៉ះសេបារាំង Thomas Gill

ថ្មីៗនេះវិសាខាបាននាំចូលកីឡាករបារាំងបីរូបមកចូលរួមក្រុម ហើយពួកគេក៏បានបង្ហាញសមត្ថភាពដែរក្នុងជំនួបមិត្តភាពអន្តរជាតិរ​វាង​ក្លឹប​បាល់ទះ​វិសាខា និងក្លឹប Lavie Long An ប្រទេសវៀតណាម កាលពីថ្ងៃសៅរ៍ទី២៤ ខែឧសភា ឆ្នាំ២០២៤ នៅសាលបាល់ទះពហុកីឡដ្ឋានជាតិ។ មិន​តែ​ប៉ុណ្ណោះ​ពួកគេទាំងបីក៏បានទៅចូលរួមជាមួយវិសាខាដែរ ក្នុងការប្រកួតដណ្ដើមពានរង្វាន់ Win+ Streak Volleyball Invitational នៅកោះតៃវ៉ាន់ប្រទេសចិន​ ដែលការប្រកួតមានរយៈពេលចាប់ពីថ្ងៃទី២៩ ខែឧសភា ដល់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៤។

គួរបញ្ជាក់ថាក្រៅពីកីឡាករបារាំង Thomas Gill, Francois Toledo និង Rebeyrol ក្នុងនោះក៏មានវត្តមានកីឡាករកម្ពុជាសំខាន់ៗបីរូបរបស់ក្លឹប​បាល់ទះ​ក្រសួងមហាផ្ទៃ និងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដែរគឺ កូននាគស្លាបហង្ស ធី ម៉េងហួង ស្មាត់ស្ដាំ មឿន ម៉េងឡាយ និង ចាន់ វាសនា ក្នុងការប្រកួតពានរង្វាន់ខាងលើ៕

អត្ថបទ៖ Um Sopheak

មតិយោបល់