- 2024-04-18 12:03:13
- បាល់ទាត់
មកដឹងកាលបរិច្ឆេទប្រកួត Semi Final កម្មវិធី Champions League
- 2024-04-18 12:03:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកដឹងកាលបរិច្ឆេទប្រកួត Semi Final កម្មវិធី Champions League
ចន្លោះមិនឃើញ
ក្រោយវគ្គ ៨ ក្រុមចុងក្រោយនៃកម្មវិធី UEFA Champions League បានប្រព្រឹត្តទៅយ៉ាងស្វិតស្វាញ ហើយបានបញ្ចប់ទៅនោះ ក្រុមចំនួន ៤ បានឈ្នះឡើងទៅលេងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។ ក្រុមទាំង ៤ នោះរួមមាន៖ ក្លឹប Borussia Dortmund ក្លឹប Paris Saint Germain ក្លឹប Bayern Munich និងក្លឹប Real Madrid។ ខាងក្រោមជាពេលវេលា និងព័ត៌មានលម្អិតមួយចំនួនទាក់ទងនឹងប្រកួតវគ្គ Semi Final នៃកម្មវិធីលីគកំពូលអឺរ៉ុប។
ប្រកួតបើកឆាកវគ្គ Semi Final របស់ UCL ក្នុងរដូវកាលនេះ គឺការប្រកួតជើងទីមួយដែល Bayern Munich ត្រូវប៉ះជាមួយ Real Madrid នៅថ្ងៃពុធទី ១ ខែឧសភា ឆ្នាំ ២០២៤ វេលាម៉ោង ២ ព្រឹក (ម៉ោងនៅកម្ពុជា) នៅកីឡដ្ឋាន Allianz Arena ដែលជាទឹកដីរបស់ Bayern។ ក្នុងប្រកួតជើងទីពីរ Real Madrid ត្រូវបើកទ្វារកីឡដ្ឋាន Estadio Santiago Bernabeu ដើម្បីស្វាគមន៍ក្រុមភ្ញៀវ Bayern Munich នៅថ្ងៃព្រហស្បត្តិ៍ទី ៩ ខែឧសភា វេលានម៉ោង ២ ព្រឹក (ម៉ោងនៅកម្ពុជា)។ ក្នុងព្រឹត្តិការណ៍ Champions League ក្លឹបទាំងពីរធ្លាប់ជួបគ្នា ២៦ លើករួចមកហើយ ក្នុងនោះ Real Madrid ធ្លាប់យកឈ្នះ ១២ លើក ឯ Bayern ធ្លាប់មានជ័យជំនះ ១១ ដង ហើយក្រុមទាំងពីរធ្លាប់ស្មើ ៣ ប្រកួត។
ដោយឡែកការប្រកួតវគ្គពាក់កណ្ដាលព្រ័ត្រមួយគូទៀតគឺប្រកួតជើងដំបូងធ្វើឡើងនៅថ្ងៃព្រហស្បត្តិ៍ទី២ ខែឧសភា វេលាម៉ោង ២ ព្រឹក (ម៉ោងនៅកម្ពុជា) រវាង Borussia Dortmund និង PSG ក្នុងទឹកដីរបស់ Dortmund គឺកីឡដ្ឋាន Signal Iduna Park។ ចំណែកឯជើងទីពីរវិញ គឺនឹងប្រព្រឹត្តិនៅទឹកដី PSG វិញនាកីឡដ្ឋាន Parc des Princes ម្ដងនៅថ្ងៃពុធ ទី៨ ខែឧសភា វេលាម៉ោង ២ ព្រឹក (ម៉ោងនៅកម្ពុជា)។ ចំពោះប្រវត្តិនៃជំនួបរវាងគូប្រកួតទាំងពីរ គឺធ្លាប់ជួបគ្នាសរុប ៤ ដង ក្នុងនោះ PSG ឈ្នះ ២ លើក Dortmund ឈ្នះម្ដង ហើយស្មើគ្នាមួយលើក។
ក្នុងវគ្គ ៨ ក្រុមចុងក្រោយកន្លងទៅ Dortmund បានយកឈ្នះក្លឹបអេស្ប៉ាញ Atletico Madrid ក្នុងលទ្ធផលសរុប ៥ ទល់នឹង ៤ ខណៈ PSG បានបំបាក់ Barcelona ក្នុងលទ្ធផល ៦ ទល់នឹង ៤។ ដោយឡែក Real Madrid បានយកឈ្នះជើងឯកឆ្នាំមុន Manchester City ក្នុងវគ្គទាត់បាល់ពិន័យ ១១ ម៉ែត្រក្រោយប្រកួតស្វិតស្វាញក្នុងលទ្ធផលសរុបស្មើរយៈពេល ១២០ នាទី។ ចំណែកឯ Bayern Munich វិញ បានយកឈ្នះក្លឹបកាំភ្លើងធំ Arsenal ក្នុងលទ្ធផលសរុប ៣ ទល់នឹង ២។
តើក្លឹបណាខ្លះក្នុងចំណោមក្លឹបទាំង ៤ ដែលនឺងឡើងវគ្គផ្ដាច់ព្រ័ត្រ UCL រដូវកាលនេះ?