• 2024-04-18 12:41:01
  • បាល់ទាត់

ក្លឹប​អង់គ្លេស​ធ្លាក់​ចេញពី​ UCL ទោះ​ជា​វគ្គ Final ប្រព្រឹត្តិ​ទៅ​នៅ​រាជធានី​ឡុងដុង​ក្ដី

  • 2024-04-18 12:41:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​អង់គ្លេស​ទាំងអស់​បាន​ធ្លាក់​ត្រឹម​វគ្គ​ ៨ក្រុម​ចុង​ក្រោយ​នៅ​ក្នុង​ព្រឹត្តិការណ៍​ក្របខ័ណ្ឌ​កំពូល​អឺរ៉ុប UEFA Champions League នៅ​ក្នុង​រដូវកាល​ ២០២៣/២៤។

ក្លឹប​ចុង​ក្រោយ​ចំនួន ២ ដែល​មាន​វាសនា​ត្រឹម​វគ្គ ៨ក្រុម​គឺ ក្លឹបកាំភ្លើងធំ Arsenal និង​ក្លឹប​មេឃខៀវ Manchester City។

Arsenal ត្រូវ​បាន​ក្លឹប​អាល្លឺម៉ង់ Bayern Munich ទម្លាក់​ក្រោម​លទ្ធផល​សរុប​ទាំង ២ជើង​ ៣ ទល់​នឹង ២។ កាល​ពី​ជើង​ទី១ ដែល​ប្រព្រឹត្តិ​ទៅ​នៅ​ទឹកដី Arsenal នៅ​រាជធានី​ឡុងដុង ការ​ប្រកួត​បញ្ចប់​ទៅ​ដោយ​លទ្ធផល ២-២ យ៉ាងណាមិញ ខាង Bayern Munich បាន​យក​ឈ្នះ​នៅ​ជើង​ទី២ ក្រោម​លទ្ធផល​យ៉ាង​ប្រផិតប្រផើយ​គឺ ១ ទល់​នឹង​ ០។

ចំណែក​ឯ Manchester City វិញ តាម​ពិត​ទៅ​លេង​ស្មើ​គ្រាប់​បាល់​ ៩០នាទី​ជាមួយ​នឹង​ក្លឹប​អធិរាជ​ស​ប្រចាំ​រាជធានី​អេស្ប៉ាញ Real Madrid។ លទ្ធផល​ទាំង ២ជើង​គឺ ៤ ទល់​នឹង​ ៤។ យ៉ាងណាមិញ ជា​អកុសល​ Manchester City បាន​ចាញ់ Real Madrid នៅ​ក្នុង​វគ្គ​កាត់​សេចក្ដី​បាល់​ទាត់ ១១ម៉ែត្រ ដោយ​ក្លឹប Real Madrid យក​ឈ្នះ​ក្នុង​លទ្ធផល ៤ ទល់​នឹង ៣។

សូម​ជម្រាប​ផង​ដែរ​ថា នៅ​ក្នុង​រដូវកាល​នេះ​ដែរ ក្លឹប​មក​ពី​អង់គ្លេស​មាន​ចំនួន ៤ រួម​មាន Manchester City, Arsenal, Manchester United និង Newcastle United។

សម្រាប់​វគ្គ​ផ្ដាច់​ព្រ័ត្រ UCL នៅ​ឆ្នាំ​នេះ​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃ​ទី១ ខែ​មិថុនា នៅ​ឯ​កីឡដ្ឋាន​ជាតិ​វេមប្ល៊ី រាជធានី​ឡុងដុង ប្រទេស​អង់គ្លេស៕

ប្រភព៖ eurosport អត្ថបទ៖ សេរី មង្គល

មតិយោបល់
អត្ថបទថ្មី