• 2024-04-17 10:53:04
  • បាល់ទាត់

Mbappe មិន​ដូរ​ចិត្ត ទោះ​ជួយ PSG ឡើង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ UCL

  • 2024-04-17 10:53:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ Kylian Mbappe មិន​ផ្លាស់​ប្ដូរ​ចិត្ត​ទេ ក្នុង​ការ​ចាក​ចេញ​ពី​ក្លឹប​យក្ស​បារាំង Paris Saint Germain។ នេះ​បើ​ទោះ​កីឡាករ​ទើប​ជួយ​ក្លឹប​ឡើង​ទៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​កម្មវិធី UEFA Champions League។

កាល​ពី​វេលា​រំលង​អាធ្រាត្រ​ថ្ងៃ​នេះ PSG បាន​យក​ឈ្នះ​ Barcelona ក្នុង​លទ្ធផល ៤ ទល់​នឹង ១ ក្នុង​ប្រកួត​ជើង​ទី ២ នៃ​វគ្គ​ ៨ ក្រុម​ចុងក្រោយ​នៃ​កម្មវិធី​ប្រកួត​លីគ​កំពូល​អឺរ៉ុប។ ក្នុង​ចំណោម ៤ គ្រាប់​នោះ Mbappe បាន​ស៊ុត​ចូល ២ គ្រាប់ ជួយ​ឲ្យ PSG យក​ឈ្នះ Barca។ កាល​ពី​ប្រកួត​ជើង​ទី​ ១ កាល​ពី​សប្ដាហ៍​មុន PSG បាន​ចាញ់​ Barca ក្នុង​លទ្ធផល​ ២ ទល់​នឹង ៣។ ដូច្នេះ​ បើ​គិត​លទ្ធផល​សរុប​ការ​ប្រកួត​ទាំង​ពីរ​ជើង​ ក្លឹប PSG បាន​យក​ឈ្នះ​ទម្លាក់ Barca ហើយ​ឡើង​ទៅ​លេង​ប្រកួត​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ UCL។

Mbappe ត្រូវ​បាន​សង្កេត​ថា​បាន​បង្ហាញ​ទឹក​មុខ​រីករាយ​ចំពោះ​ជ័យជំនះ​មួយ​នេះ។ ក្រោយ​ការ​ប្រកួត អ្នក​សារព័ត៌មាន​បាន​សួរ​ Mbappe​ ថា តើ​លទ្ធផល​ឈ្នះ​ថ្ងៃ​នេះ អាច​ប្ដូរ​ចិត្ត​ឲ្យ​កីឡាករ​រូប​នេះ​បន្ត​រួម​រស់​ជាមួយ PSG ឬ​ទេ។ កីឡាករ​វ័យ ២៥ ឆ្នាំ​បាន​ឆ្លើយ​យ៉ាង​ខ្លី​ថា ទេ មិន​បាន​ប្ដូរ​ចិត្ត​នោះ​ទេ។ កីឡាករ​បាន​បន្ថែម​ទៀត​ថា អាទិភាព​របស់​រូប​គេ​នៅ​ពេល​នេះ គឺ​ខិតខំ​ប្រឹងប្រែង​អស់​ពី​សមត្ថភាព​ក្នុង​ការ​ជួយ​ក្រុម​ PSG ដើម្បី​ប្រជែង​យក​ពាន Champions League។

កាល​ពី​ខែ​កុម្ភៈ​ ឆ្នាំ​២០២៤ នេះ Mbappe បាន​ប្រាប់​ក្លឹប PSG ជា​ផ្លូវ​ការ​ថា នឹង​ចេញ​ពី​ក្លឹប​នៅ​ពេល​កុងត្រា​ផុត​កំណត់​នៅ​ខែ​មិថុនា​ខាង​មុខ។ នេះ​បើ​ទោះ​ជា​ PSG បាន​ខិតខំ​យ៉ាង​ណា​ក្នុង​ការ​ទទូច​ឲ្យ​កីឡាករ​ចុះ​កុងត្រា​ថ្មី​ជាមួយ​ក្លឹប តែ​កីឡាករ​នៅ​តែ​មិន​ព្រម។

របាយការណ៍​ចុង​ក្រោយ​បាន​បញ្ជាក់​ថា ក្លឹប​ Real Madrid ស្ថិត​ក្នុង​ជួរ​មុខ​ក្នុង​ការ​ផ្ទេរ​ចូល​កីឡាករ Mbappe នៅ​ពេល​កុងត្រា​របស់​ខ្សែ​ប្រយុទ្ធ​ផុត​កំណត់​នៅ PSG។

Mbappe បាន​មក​ចូល​រួម​ជាមួយ PSG កាល​ពី​ឆ្នាំ ២០១៧ ហើយ​បាន​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ។ កីឡាករ​លេង​សរុប ៣០២ ប្រកួត​ និង​ស៊ុត​ចូល ២៥៣ គ្រាប់។ ជាង ៧ ឆ្នាំ​ជាមួយ​ក្លឹប កីឡាករ​មិន​ដែល​ឈ្នះ​ពាន​ Champions League ជាមួយ PSG ឡើយ​គិត​មក​ទល់​ពេល​នេះ។ PSG ធ្លាប់​ឡើង​ដល់​វគ្គ​ផ្ដាច់​ព្រ័ត្រ UCL កាល​ពី​រដូវ​កាល ២០១៩/២០២០ តែ​ចាញ់​ក្រោម​ថ្វី​ដៃ Bayern Munich ក្នុង​លទ្ធផល ១ ទល់​នឹង ០ នា​ពេល​នោះ។

និយាយ​ពី​កម្មវិធី UCL រដូវ​កាល​នេះ​វិញ មាន​ក្លឹប​ពីរ​ហើយ​ដែល​បាន​កក់​កៅអី UCL ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ក្នុង​នោះ​រួម​មាន PSG និង Borussia Dortmund។ ដោយ​ឡែក​ នៅ​សល់​ក្លឹប​ ៤ ទៀត​ ដែល​កំពុង​ត្រៀម​ខ្លួន​ដើម្បី​ព្យាយាម​កក់​កន្លែង​របស់​ខ្លួន​ក្នុង​វគ្គ Semi Final រួម​មាន Bayern Munich Arsenal Manchester City និង Real Madrid។ ក្លឹប Bayern នឹង​ត្រូវ​ប៉ះ Arsenal (ជើង​ទី ១ លទ្ធផល ២ ទល់​នឹង ២) ហើយ​ក្លឹប Manchester City ត្រូវ​ប្រកួត​ជាមួយ Real Madrid (ជើង​ទី ១ លទ្ធផល ៣ ទល់​នឹង​ ៣) ក្នុង​ប្រកួត​ជើង​ទី ២ នៃ​វគ្គ ៨ ក្រុម​ក្នុង​កម្មវិធី UCL នា​វេលា​រំលង​អាធ្រាត្រ​ថ្ងៃ​ស្អែក​នេះ៕

ប្រភព៖ Goal អត្ថបទ៖ សេរី មង្គល

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី