• 2024-04-14 01:00:00
  • បាល់ទះ

ស្មាត់​ ក្អាត់​ រំលឹករឿងហួសចិត្តនិងអស់សំណើចមួយកាលដើរលេងបាល់ទះឆ្នាំ ២០០៤-២០០៥

  • 2024-04-14 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើនិយាយពីឈ្មោះ ចាន់ សារ៉ន ប្រិយមិត្តស្នេហាវិស័យកីឡាបាល់ទះច្បាស់ជាស្គាល់ ប៉ុន្តែបើនិយាយពីឈ្មោះក្អាត់ ប្រិយមិត្តខ្លះស្គាល់ហើយក៏​ប្រិយមិត្ត​ខ្លះ​ទៀត​ប្រហែល​ក៏មិនស្គាល់ដែរ។

តាមពិតទៅ ចាន់ សារ៉ន និង ក្អាត់ ជាឈ្មោះមនុស្សតែម្នាក់​ទេ ហើយជាស្មាត់ធំបាល់ទះខ្លាំង​មួយរូប​នៅ​កម្ពុជា​។ លោកបានប្រឡូក​ក្នុង​វិស័យ​មួយ​នេះ​ច្រើន​ឆ្នាំ ហើយ​ក៏​បាន​ជួប​រឿងរ៉ាវ​ច្រើន​ផង​ដែរ។ ជាមួយ​គ្នា​នេះ​ដែរ​កីឡាករ​ដែល​ជួយ​ឱ្យ​ក្លឹប​បាល់​ទះ​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហនុ​ លើក​ពានរង្វាន់​បាល់ទះ​ឯកឧត្ដម អភិសន្តិបណ្ឌិត ស សុខា ឆ្នាំ​២០២៣ បាន​រំលឹករឿងហួសចិត្តកាលពីអំឡុងឆ្នាំ២០០៤-២០០៥។ លោកបានទៅលេងបាល់ទះ៣ស្មើនៅស្រុកមួយក្នុងខេត្តតាកែវ ដែលកាលនោះភ្នាល់ដាក់លុយ ១សិត ១ម៉ឺនរៀល ១ម៉ឺនប្រាំពាន់រៀល ពីរទៅបីម៉ឺនរៀលប៉ុណ្ណោះ ហើយលោកបាន​លេងឈ្នះរហូតដល់ទៅ៨សិតជាប់ៗគ្នាបានលុយប្រម៉ាណ២៨ម៉ឺនរៀល។ ហេតុតែជំនាន់គ្មាន Internet, Youtube, Facebook និងទូរសព្ទដៃទំនើប ធ្វើឲ្យមនុស្សម្នាក់ៗស្គាល់គ្នាបានត្រឹមលឺឈ្មោះប៉ុណ្ណោះ។

ក្រោយឈ្នះ៨សិតជាប់គ្នា ពេលប្រមូលលុយជិះម៉ូតូ​មកផ្ទះវិញ ស្រាប់តែម្ចាស់តារាងបាល់ទះ​បានហៅឲ្យស្មាត់រ៉នឈប់រួចសួរថា តើលោកហ៊ានលេងជាមួយស្មាត់ ក្អាត់ ដែរឬទេ? ឭដូចនេះលោក ចាន់ សារ៉ន នឹកអស់សំណើចក្នុងចិត្ត ហើយ​ឆ្លើយតបវិញថាលោកមិនហ៊ានលេងទេ ព្រោះស្មាត់ក្អាត់នេះខ្លាំងណាស់ លោកសុំ​​មិន​ជួប​ឡើយ​។

លោក ចាន់ សារ៉ន បានប្រាប់ Sabay ទាំងអស់សំណើចថា ៖«ជំនាន់នោះ១សិត២ម៉ឺន៣ម៉ឺនច្រើនហើយ មុនដំបូង៣ស្មើឈ្នះ គេដូរ១លេង៣ស្មើយើងឈ្នះ លេងបីបួនយើងឈ្នះទៀត គេដើរហៅគ្នាមកអស់ហើយ អាហ្នឹងអាខ្លាំងគេអត់ទាន់មក ដល់អាខ្លាំងគេមក គេថាសុំដកដកពីរលេងតែបីទេ យើងលេងទៀតឈ្នះទៀត ហើយអាចុងក្រោយលេងពីរបួន គេដើររ៉ៃលុយគ្នាអស់ហើយបាន៨ម៉ឺន សរុបទៅឈ្នះលុយប្រហែល២៨ម៉ឺន...ឈ្នះហើយយកលុយហើយជិះចេញវិញ ហើយម្ចាស់តារាងគេហៅ បង!បង!បង! ខ្ញុំឈប់! ខ្ញុំសួរ​ម៉េចបង? ម្ចាស់​តារាង​គេ​ឆ្លើយ​ ស្អែកបងឯងលេងមួយបងក្អាត់? ខ្ញុំថាអត់ទេ! (សើច) កាលណុងមានស្គាល់មុខណា លឺតែឈ្មោះល្បីតៗគ្នា ឲ្យខ្ញុំលេងជាមួយស្មាត់ក្អាត់ម៉េច បើស្មាត់ក្អាត់ខ្ញុំហ្នឹងហើយ»៕

អត្ថបទ៖ Um Sopheak

មតិយោបល់
អត្ថបទថ្មី