• 2024-04-02 04:40:00
  • បាល់ទះ

ស្មាត់ស្ដាំវ័យក្មេង ឆោម ទីណា យល់ថាល្អសម្រាប់បាល់ទះក្រៅផ្លូវការ បើក្លឹបអាជីពអនុញ្ញាតឲ្យចេញលេង

  • 2024-04-02 04:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ពេល​ថ្មីៗ​នេះ កីឡាករ​វ័យ​ក្មេង​កំពុង​​មាន​​ឈ្មោះ​​បោះ​សំឡេង​​នៅ​​សមាគម​​បាល់​ទះ​​ក្រសួង​​មហាផ្ទៃ ឆោម ទីណា បាន​ចេញ​លេង​បាល់​ទះ​​បួន​​​ស្មើ​ក្រៅ​ផ្លូវការ​បែប​ស្តង់​ដារ​រៀបចំ​ដោយ​ក្រុមហ៊ុន​ឯកជន​មួយ ហើយ​ក្រុម​របស់​គេ​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​១។ ចំពោះ​ការចេញ​លេង​បាល់​ទះ​ក្រៅ​ផ្លូវ​ការ​បែប​ស្តង់​ដារ​នេះ ទីណា​យល់​ឃើញ​ថា​ល្អ​សម្រាប់​បាល់​ទះ​ក្រៅ​ផ្លូវការ ហើយ​នឹង​កាន់​តែ​ល្អ​បើ​សិន​ក្លឹប​អាជីព​មួយ​​ចំនួន​អនុញ្ញាត​ឲ្យ​កីឡាករ​​ចេញ​​លេង​ខាង​ក្រៅ។

ល្អ​ព្រោះ ទីណា មើល​​ឃើញ​​​បាល់​ទះ​ក្រៅ​ផ្លូវការ​នា​ពេល​​បច្ចុប្បន្ន លេង​ខុស​បច្ចេកទេស​បាល់ទះ ពោល​គឺ​​លេង​ល្អិត​ជាប់​ដៃ បោក​រញ៉េរញ៉ៃ ធ្វើ​ឲ្យ​ប្រទេស​ជិត​ខាង​យក​ទៅ Troll សើច​ចំអក​នាំ​ឲ្យអាប់ឱន​មុខ​មាត់​​ប្រទេស​​ជាតិ។ ជន​​បរទេស​​ខ្លះ​បាន​យក​វីដេអូ​ប៉ះ​សេ​ស្អិត​ជាប់​ដៃ​របស់​អ្នក​លេង​បាល់​ទះ​ក្រៅ​ផ្លូវការ​​កម្ពុជា ទៅ​ប្រៀប​ធៀប​នឹង​សត្វ​សុនក ដែល​ចង់​​ឆ្លុះ​បញ្ចាំង​​ថា​ការ​ប៉ះ​សេ​អន់​ជាង​សត្វ​ទៅ​ទៀត។

ស្មាត់​​វ័យ​​​ក្មេង​​ដដែល​​បាន​បន្ត​ថា​ថ្មីៗ​នេះ​ ក្រោយ​មាន​ការ​ចេញ​លេង​របស់​កីឡាករ​សមាគម​បាល់​ទះ​វិសាខា គួន ម៉ុម, សឿន ហេង និង សួន ចាន់ណារ៉ូ​មក បាល់​ទះ​ក្រៅ​ផ្លូវការ​ហាក់​កែប្រែ​បាន​ល្អ​បន្តិច ដោយ​មិន​មាន​ការ​លេង​បោក​និង​ប៉ះ​សេ​ដាច់​ៗ​ល្អ​​ ហើយ​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ពី​​ទស្សនិកជន​។ ជា​រឿង​មិន​អាច​ទៅ​រួច​ដែល​ក្នុង​នាម​ជា​ក្លឹប​អាជីព អនុញ្ញាត​ឲ្យ​កីឡាករ​ចេញ​លេង​ខាងក្រៅ​រហេត​រហូត ប៉ុន្តែ​ប្រសិន​បើ​ក្លឹប​អាជីព​អាច​អនុញ្ញាត​បាន​​មែន​​នោះ​ ទី​ណា​ ថា​​ពិត​ណាស់​​នឹង​ជួយ​កែ​បាល់ទះ​ក្រៅ​ផ្លូវការ​ឲ្យល្អ​ច្រើន ដោយ​លេង​ប្រកាន់​ភ្ជាប់​ប៉ះ​សេ​ដាច់​ៗ​និង​លេង​ហាម​បោក​ជា​ដើម​។

ទីណា ​បាន​​បញ្ជាក់​​បែប​​នេះ​ ៖«ប៉ុន្តែ​ភាគច្រើន​បណ្ដា​ក្លឹប​មួយ​ៗ​ ​គេប្រកួត៦ស្មើ គេ​អត់​ប្រកួត៤ ប៉ុន្តែ​ប្រសិន​​ជា​បណ្ដា​​ក្លឹប​​មួយ​​ចំនួន​​គាត់​​អាច​​ធ្វើ​​ចឹង​​បាន​​ក៏​​ល្អ​​ដែរ បើ​​យើង​​ចុះ​​ទៅ​​តាម​​ភូមិ​​ភាគ​​ផ្សេង​ៗ​ដូច​ជា​​តាម​​បណ្ដា​​ខេត្ត​​នានា​​ទៅ​​ ពួក​គាត់​អាច​​យក​​គំរូ​​តាម​​យើង ឃើញ​ អ៎ អ្នក​​ខាង​​ណោះ​​ គាត់​​លេង​​អ៊ី​ចេះ​​ទៅ ចឹង​​ពួក​យើង​​កែ​​ទម្លាប់​​ទៅ​​ល្អ​»។

អ្វី​ជា​បញ្ហា​ចោទ​នៅ​ត្រង់​ស្មាត់​ធំ​ៗស្រុក​ខ្មែរ បើ​សិន​ពួកគេ​ចេញ​លេង​តាម​បណ្ដា​ខេត្ត ហើយ​អាច​សន្យា​លេង​ស្តង់ដារ​កាន់​តែ​ល្អ។ ត្រង់​ចំណុច​នេះ​ ឆោម ទីណា បាន​សំណូមពរ​ឲ្យ​កីឡាករ​លំដាប់ Grade A កម្ពុជា​លេង​ឲ្យត្រូវ​តាម​ក្បួន​ខ្នាត​នៃ​ច្បាប់​បាល់ទះ​។

កីឡាករ​វ័យក្មេង​ដែល​បាន​ចូល​ហ្វឹក​ហាត់​ជាមួយ​សមាគម​បាល់​ទះ​ក្រសួង​មហាផ្ទៃ​បាន​ជិត​ ២ ឆ្នាំ ពន្យល់​ថា ៖«ស៊ីសង​លើ​ពួក​គាត់​ដែរ​បង​ បើ​សិន​ជា​ពួក​គាត់​គិត​ថា បើ​ចង់​លើក​ស្ទួយ​វិស័យ​កីឡា​បាល់ទះ ពេល​ណាត់​ជួប​ទាល់​ពួក​គាត់​និយាយ​ចឹង​ តែ​ភាគច្រើន​ស៊ីសង​លើ​ទឹក​លុយ​...បើ​សម្រាប់​ខ្ញុំ ខ្ញុំ​មាន​សំណូមព​រមួយ​ដូចជា​ស្មាត់​ធំ​ៗ​នៅ​ស្រុក​ខ្មែរ​យើង​ជាដើម​ បើ​ចង់ណាត់​គូ​លេង​នៅ​តាម​ខេត្ត សុំ​ពួក​គាត់​សំណូមពរ​ប៉ះ​សេ​ដាច់​ៗ ហើយ​កុំ​លេង​បោក​»៕

អត្ថបទ៖ Um Sopheak

មតិយោបល់
អត្ថបទថ្មី