- 2024-03-25 14:39:30
- បាល់ទាត់
Ancelotti ប្រាប់មូលហេតុរឿងបដិសេធឱកាសដឹកនាំប្រេស៊ីល
- 2024-03-25 14:39:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Ancelotti ប្រាប់មូលហេតុរឿងបដិសេធឱកាសដឹកនាំប្រេស៊ីល
ចន្លោះមិនឃើញ
អ្នកចាត់ការក្លឹប Real Madrid លោក Carlo Ancelotti បានបញ្ជាក់ពីមូលហេតុដែលលោកបដិសេធឱកាសដឹកនាំក្រុមជម្រើសជាតិប្រេស៊ីល។
លោកបានប្រាប់សារព័ត៌មាន Sky Sports ថា មូលហេតុចម្បងនោះគឺ លោកមានអារម្មណ៍ល្អយ៉ាងខ្លាំងជាមួយ Real Madrid ហើយចង់ដឹកនាំក្លឹបបន្តទៀត។
កាលពីអំឡុងទីផ្សារដោះដូរកាលក្ដៅឆ្នាំមុន មានពាក្យចចាមអារ៉ាមថា លោក Ancelotti សម្រេចចិត្តចែកផ្លូវជាមួយ Real Madrid នាពាក់កណ្ដាលឆ្នាំ ២០២៤ នៅពេលចប់កុងត្រាជាមួយក្លឹប។ ក្រោយបែកជាមួយ Real លោកនឹងទៅដឹកនាំក្រុមជម្រើសជាតិប្រេស៊ីល។ នេះគឺជាការលើកឡើងមួយចំនួនក្នុងរបាយការណ៍ជាច្រើនចុះផ្សាយក្នុងអំឡុងពេលនោះ។
ទោះជាយ៉ាងណា លោក Ancelotti បានបង្កការភ្ញាក់ផ្អើល នៅពេលលោកបានសម្រេចចុះកុងត្រាថ្មីរយៈពេល ២ ឆ្នាំជាមួយ Real កាលពីខែធ្នូកន្លងទៅ។ នេះមានន័យថា លោកនឹងដឹកនាំក្លឹបរហូតដល់ឆ្នាំ ២០២៦។
ការវិភាគជាច្រើនបានលើកឡើងថា លោក Ancelotti សម្រេចចិត្តដូច្នេះដោយសាររឿងហិរញ្ញវត្ថុ។ ប្រាក់បំណាច់ក្នុងការដឹកនាំ Real Madrid មានសភាពច្រើនជាងការដឹកនាំប្រេស៊ីល។ មជ្ឈដ្ឋានខ្លះលើកឡើងអំពីភាពទាក់ទាញរបស់ Real តាមរយៈការនាំចូលកីឡាករល្អៗ ហើយមានវ័យក្មេង ដែលជាកត្តាសំខាន់មួយទាក់ទាញចិត្តលោក Ancelotti ឲ្យបន្តនៅជាមួយក្លឹប។ ឧទាហរណ៍ជាក់ស្តែង Real កំពុងព្យាយាមក្នុងការនាំចូលខ្សែប្រយុទ្ធវ័យ ២៥ ឆ្នាំ Kylian Mbappe ដែលនឹងដាច់កុងត្រាជាមួយ PSG នៅខែមិថុនាខាងមុខ។
លោក Ancelotti មានប្រវត្តិដឹកនាំ Real ចំនួនពីរលើក។ លើកទីមួយ គឺពីឆ្នាំ ២០១៣ ដល់ឆ្នាំ ២០១៥។ លើកទីពីរ គឺចាប់ពីឆ្នាំ ២០២១ ដល់ពេលបច្ចុប្បន្ន។ លោកបានជួយក្លឹបឈ្នះពានធំៗជាច្រើនរួមមាន Champions League ចំនួន ២ លើក Super Cup ២ លើក Club World Cup ២ លើក និងពានលីគកំពូលអេស្ប៉ាញចំនួនមួយលើក៕