• 2024-03-14 13:43:14
  • បាល់ទាត់

De Bruyne រង​របួស ខណៈ​ Man City ត្រៀម​លេង​ប្រកួត​សំខាន់ៗ

  • 2024-03-14 13:43:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​ប្រយុទ្ធ Kevin De Bruyne រង​របួស​ដើម​ភ្លៅ។ របាយការណ៍​បឋម​បញ្ជាក់​ថា របួស​ស្រាល តែ​រង់​ចាំ​ការ​ពិនិត្យ​បន្ត។

ដំណឹង​នេះ​ត្រូវ​បាន​ទម្លាយ​ដោយ​គ្រូ​បង្វឹក​ជម្រើស​ជាតិ​បែលហ្សិក លោក Domenico Tedesco ក្រោយ​ឆ្លង​ការ​ពិនិត្យ​ដោយ​ក្រុម​គ្រូ​ពេទ្យ​ជំនាញ។

ដំបូង​ឡើយ De Bruyne មាន​ឈ្មោះ​ ត្រៀម​ចូល​លេង​ឲ្យ​ក្រុម​ជម្រើស​ជាតិ​បែលហ្សិក​ ក្នុង​ប្រកួត​មិត្តភាព​ជាមួយ​អៀរឡង់ និង​អង់គ្លេស នា​ចុង​ខែ​នេះ។ ទោះ​ជា​យ៉ាង​ណា ដោយ​ទទួល​បាន​ដំណឹង​បែប​នេះ​ពី​ក្រុម​គ្រូ​ពេទ្យ គ្រូ​បង្វឹក​បែលហ្សិក​ Tedesco សម្រេច​មិន​ដាក់​ឈ្មោះ De Bruyne ចូល​លេង​ប្រកួត​មិត្តភាព​ខាង​មុខ​នោះ​ឡើយ។

មិន​ទាន់​មាន​របាយការណ៍​ណា​អាច​បញ្ជាក់​បាន​ថា De Bruyne នឹង​អវត្តមាន​រយៈ​ពេល​ប៉ុន្មាន​ឡើយ​ដោយ​សារ​របួស​នេះ។

De Bruyne ទើប​បាន​ចូល​លេង​បាល់​វិញ​ឲ្យ​ក្លឹប​ Manchester Cityកាល​ពី​ថ្មីៗ​ប៉ុណ្ណោះ ក្រោយ​អវត្តមាន​ជាង ៥ ខែ ដោយ​សារ​របួស​សរសៃ​ពួរ។ ទោះ​ជា​បាន​ចូល​លេង​ក្ដី កីឡាករ​ចូល​លេង​បាន ១២ ប្រកួត ក្នុង​នោះ​កីឡាករ​លេង​បាន​ពេញ​ម៉ោង ៩០ នាទី ត្រឹម ៥ ប្រកួត​ប៉ុណ្ណោះ។

Manchester City ត្រូវ​ប៉ះ Newcastle United នា​ចុង​សប្ដាហ៍​នេះ ក្នុង​កម្មវិធី FA Cup ហើយ​ត្រូវ​ប៉ះ Arsenal នៅ​ចុង​ខែ​មីនា​ ក្នុង​កម្មវិធី​លីគ​កំពូលអង់គ្លេស Premier League ដែល​កំពុង​មាន​ការ​ប្រណាំង​ប្រជែង​គ្នាយ៉ាង​ខ្លាំង។

ខ្សែ​បម្រើ​វ័យ ៣២ ឆ្នាំ De Bruyne គឺ​ជា​កីឡាករ​បង្គោល​របស់ Manchester City។ តាំង​ពី​ចូល​រួម​ជាមួយ​ក្លឹប​តាំង​ពី​ឆ្នាំ ២០១៥ មក កីឡាករ​តែង​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ​ជា​ពិសេស​ចូល​រួម​បង្កើត​ឱកាស និង​បញ្ជូន​បាល់​ឲ្យ​មិត្ត​រួម​ក្រុម​ស៊ុត​ចូល​ទី។ គិត​មក​ទល់​ពេល​នេះ កីឡាករ​លេង​ឲ្យ​ក្លឹប ៣៧០ ប្រកួត និង​ស៊ុត​ចូល ៩៨ គ្រាប់៕

ប្រភព៖ Independent អត្ថបទ៖ សេរី មង្គល

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី