- 2024-03-12 12:41:37
- បាល់ទាត់
ទាយមើល កំណត់ត្រាផ្ទេរថ្លៃបំផុតក្នុងឆ្នាំ ១៩៩០ មានតម្លៃប៉ុន្មាន?
- 2024-03-12 12:41:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទាយមើល កំណត់ត្រាផ្ទេរថ្លៃបំផុតក្នុងឆ្នាំ ១៩៩០ មានតម្លៃប៉ុន្មាន?
ចន្លោះមិនឃើញ
ក្នុងពិភពបាល់ទាត់ កំណត់ត្រាផ្ទេរកីឡាករត្រូវបានសង្កេតឃើញមានការកើនឡើងជាលំដាប់ដោយនៅក្នុងពេលបច្ចុប្បន្ននេះតម្លៃផ្ទេរកីឡាករជាពិសេសនៅតំបន់អឺរ៉ុបក្នុងតម្លៃរាប់រយលានជារឿងសាមញ្ញទៅហើយ ប៉ុន្តែបើត្រលប់ទៅកាន់ឆ្នាំ ១៩៩០ វិញកំណត់ត្រាផ្ទេរថ្លៃបំផុតកាលនោះគឺប្រមាណ ១០ លានដុល្លារសហរដ្ឋអាមេរិកប៉ុណ្ណោះ។
ទំហំលុយនេះ គឺជាទឹកប្រាក់ដែលក្លឹប Juventus បានចំណាយក្នុងការផ្ទេរចូលខ្សែប្រយុទ្ធសញ្ជាតិអ៊ីតាលី Roberto Baggio ពីក្លឹប Florentina។ Baggio លេងឲ្យ Juventus រយៈពេល ៥ ឆ្នាំ មុនមកចូលរួម AC Milan រយៈពេល ២ ឆ្នាំពីឆ្នាំ ១៩៩៥ ដល់ ១៩៩៧។ បន្ទាប់កីឡាករទៅលេងឲ្យ Bologna បាន ១ ឆ្នាំ រួចក៏ទៅលេងឲ្យ Inter Milan រយៈពេល ២ ឆ្នាំ ដល់ឆ្នាំ ២០០០។ ចុងបញ្ចប់ Baggio ចំណាយពេលរយៈពេល ៤ ឆ្នាំចុងក្រោយក្នុងអាជីពរបស់ខ្លួននៅក្លឹប Brescia មុនចូលនិវត្តន៍នៅឆ្នាំ ២០០៤។
តម្លៃនៃការផ្ទេររបស់ Baggio ក្នុងទំហំទឹកប្រាក់ប្រមាណ ១០ លានដុល្លារសហរដ្ឋអាមេរិក កាលពីឆ្នាំ ១៩៩០ គឺជាតម្លៃផ្ទេរថ្លៃបំផុតក្នុងពិភពបាល់នាពេលនោះ។ ទោះជាយ៉ាងណា បើប្រៀបនឹងទំហំកំណត់ត្រាតម្លៃផ្ទេរថ្លៃបំផុតនាពេលបច្ចុប្បន្ន គឺមានភាពខុសគ្នាឆ្ងាយខ្លាំងពោលគឺដល់ទៅ ២៥ ដងឯណោះ។
កំណត់ត្រាផ្ទេរថ្លៃបំផុតបច្ចុប្បន្ន គឺតម្លៃ ២៤០ លានដុល្លារសហរដ្ឋអាមេរិក។ នេះគឺជាទំហំលុយដែល PSG បានចំណាយក្នុងការផ្ទេរចូលកីឡាករ Neymar Jr កាលពីឆ្នាំ ២០១៧។
កំណត់ត្រាផ្ទេរថ្លៃបំផុតមានការប្រែប្រួលជាលំដាប់ពីមួយដំណាក់កាលទៅមួយដំណាក់កាល ហើយមានការកើនឡើងគួរឲ្យកត់សម្គាល់ជាពិសេសមួយរយៈពេលចុងក្រោយនេះ។ នេះក៏ដោយសារមូលហេតុសំខាន់ៗជាច្រើន រួមមានការកើនឡើងនៃចំណូលនៃក្លឹបបាល់ទាត់ ដែលបណ្ដាលមកពីការរីកដុះដាលឡើងនៃប្រជាប្រិយភាពនៃកីឡាបាល់ទាត់ជាពិសេសនៅលីគធំៗនៅអឺរ៉ុប។ ដូច្នេះ ទើបមានការបំបែកកំណត់ត្រាផ្ទេរថ្លៃបំផុតជាច្រើនដង តាំងពីជំនាន់ Baggio មក។ តួយ៉ាង កាលពីឆ្នាំ ២០០១ ក្លឹប Real Madrid បានផ្ទេរចូល Zinedine Zidane ពី Juventus ក្នុងតម្លៃផ្ទេរប្រមាណ ៥០ លានដុល្លារសហរដ្ឋអាមេរិក ដែលជាតម្លៃផ្ទេរថ្លៃបំផុតនាពេលនោះ។ ក្រោយៗមកទៀត ការផ្ទេរកីឡាករល្បីៗដូចជា Cristiano Ronaldo (ឆ្នាំ ២០០៩) Gareth Bale (ឆ្នាំ ២០១៣) Paul Pogba (ឆ្នាំ ២០១៦) និងចុងក្រោយ Neymar (ឆ្នាំ ២០១៧) សុទ្ធតែបំបែកកំណត់ត្រាផ្ទេរថ្លៃបំផុត។
ការណ៍នេះ ធ្វើឲ្យទីផ្សារដោះដូរកីឡាករក៏មានការប្រែប្រួលតាមនោះដែរ ដែលធ្វើឲ្យតម្លៃកីឡាករ ជាពិសេសកីឡាករលេងក្នុងលីគអឺរ៉ុបធំៗ មានតម្លៃផ្ទេរខ្ពស់កប់ពពក បើទោះជាពួកគេខ្លះទើបមានវ័យក្មេង ហើយទើបចូលលេងឈុតធំមួយរយៈពេលខ្លីក្ដី៕