• 2024-02-22 07:56:59
  • បាល់ទះ

សហព័ន្ធ​កីឡា​បាល់ទះ​កម្ពុជា៖​ ពាន​រង្វាន់​បាល់ទះ 4x4​ ជា​ការ​ផ្ដល់​ឱកាស​ដល់​អ្នក​ខេត្ត​បង្ហាញ​សមត្ថភាព​

  • 2024-02-22 07:56:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អគ្គលេខាធិការ​សហព័ន្ធ​កីឡា​បាល់ទះ​កម្ពុជា​ ថា​ពាន​រង្វាន់​បាល់ទះ​ Wurkz Special Volleyball Cup 4x4 2024 ​នេះ​ជា​ឱកាស​ពិសេស​ និង​ជា​ការ​លើក​ទឹកចិត្ត​កីឡាករ​នៅ​តាម​បណ្ដា​ខេត្ត​បាន​បង្ហាញ​សមត្ថភាព​លេចធ្លោ​របស់​ខ្លួន​ឲ្យ​មហាជន​បាន​ស្គាល់។​

ទិដ្ឋភាពសន្និសីទសារព័ត៌មាន

លោក​ អាំង​ សិរីពិសិដ្ឋ​ អគ្គលេខាធិការ​សហព័ន្ធ​បាល់ទះ​កម្ពុជា​ បាន​ឲ្យ​ដឹង​ថា​ ពាន​រង្វាន់​ Wurkz Special Volleyball Cup​ ជា​ការ​ប្រកួត​ដ៏​ពិសេស​មួយ​សម្រាប់​ប្រជាជន​ទូទាំង​ខេត្ត​ក្រុង​ទាំង​ ២៥។​ ការ​ប្រកួត​នេះ​រៀបចំ​ឡើង​ដល់​ភូមិឋាន​រស់នៅ​របស់​ប្រជាពលរដ្ឋ​តែ​ម្ដង។​

ទិដ្ឋភាពសន្និសីទសារព័ត៌មាន

ពាន​រង្វាន់​ថ្មី​របស់​សហព័ន្ធ​ខាង​លើ​នេះ​ គឺ​នឹង​ផ្ដល់​ឱកាស​ដល់​យុវជន​ កីឡាករ​ ដែល​មាន​ទេពកោសល្យ​បាន​ប្រកួត​ជាក់ស្ដែង​លើ​ទីលាន​ស្តង់ដារ​ បាន​បង្ហាញ​សមត្ថភាព​លេចធ្លោ​របស់​ខ្លួន។​ ការ​ប្រកួត​នេះ​ក៏​ជា​សារ​មួយ​ដល់​មហាជន​ដែល​ធ្លាប់​លេង​បាល់​មិន​ត្រឹមត្រូវ​តាម​ស្តង់ដារ​ឲ្យ​កែប្រែ​មក​លេង​តាម​ច្បាប់​ទម្លាប់​ស្តង់ដារ​វិញ​ដើម្បី​ភាព​រីកចម្រើន​លើ​វិស័យ​បាល់ទះ​នៅ​កម្ពុជា។​ ពាន​រង្វាន់​នេះ​ក៏​ជា​យុទ្ធសាស្ត្រ​រុញ​វិស័យ​បាល់ទះ​ឲ្យ​ទៅ​កៀក​ដល់​តំបន់​រស់នៅ​របស់​ប្រជាពលរដ្ឋ​តែ​ម្ដង។​

ទិដ្ឋភាពសន្និសីទសារព័ត៌មាន

ថ្នាក់ដឹកនាំ​សហព័ន្ធ​ខាង​លើ​បាន​លើក​ទឹកចិត្ត​ឲ្យ​កីឡាករ​ទាំង​អស់​ដែល​នឹង​ចូលរួម​លេង​ពាន​រង្វាន់​នេះ​ឲ្យ​ខំ​ប្រឹងប្រែង​ពង្រឹង​សមត្ថភាព​របស់​ខ្លួន​ឲ្យ​ខ្លាំង​ដូច​ទៅ​ហ្នឹង​កីឡាករ​អាជីព​មួយ​របស់​កម្ពុជា​ដូច​ជា​ វឿន​ វាសនា​ គួន​ ម៉ុម​ សួន​ ចាន់ណារ៉ូ​ និង​កីឡាករ​ផ្សេងៗ​ទៀត​ដែល​អន្តរជាតិ​ទទួល​ស្គាល់​ និង​បាន​យក​ទៅ​លេង​នៅ​ក្រៅ​ស្រុក​ជា​ដើម។​

ទិដ្ឋភាពសន្និសីទសារព័ត៌មាន

រំលឹក​ដែរ​ថា​ សហព័ន្ធ​កីឡា​បាល់ទះ​កម្ពុជា​ និង​ម្ចាស់​ឧបត្ថម្ភ​បាន​ធ្វើ​សន្និសីទ​នៃ​ការ​ប្រកួត​ពាន​រង្វាន់​ Wurkz Special Volleyball Cup 4x4 2024 ​និង​បាន​ចាប់​គូ​រួចរាល់​ហើយ​ដែរ​កាល​ពី​ថ្ងៃ​ទី២០​ ខែ​កុម្ភៈ​ ឆ្នាំ​២០២៤​ នៅ​ផ្សារ​ទំនើប​ ជីប​ ម៉ុង​ ២៧១។​ ការ​ប្រកួត​ជម្រុះ​របស់​ម្ចាស់​ពាន​ប្រចាំ​ភូមិភាគ​នឹង​ចាប់​ផ្ដើម​ឡើង​ពី​ថ្ងៃ​ទី២៤ ខែ​កុម្ភៈ​ នៅ​មណ្ឌល​ខេត្ត​បាត់ដំបង​មុន​គេ។​ ពាន​រង្វាន់​មួយ​នេះ​បន្ទាប់​ពី​រក​ឃើញ​ជើងឯក​តាម​ភូមិភាគ​ហើយ​នោះ​នឹង​ឡើង​មក​ធ្វើ​ការប្រកួត​ផ្ដាច់ព្រ័ត្រ​នៅ​រាជធានី​ពេញ​អំឡុង​ចុង​ខែ​មេសា​ ឆ្នាំ​២០២៤ ។​ ប្រាក់​រង្វាន់​ពាន​នេះ​ដែរ​គឺ លេខ១​ ទទួល​បាន​ ៥០​លាន​រៀល​ លេខ២​ ទទួល​បាន​ ២០​លាន​រៀល​ និង​លេខ៣​ ទទួល​បាន​ ១២លាន​រៀល។​ ចំណែក​ពាន​ឯកត្តជន​គឺ​មាន​ ៦ពាន​ សម្រាប់​ពាន​រង្វាន់​ក្នុង​១ពាន​ ទទួល​បាន​ ១លាន​រៀល៕​

SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់