• 2024-02-22 06:22:00
  • បាល់ទះ

ប្ដូរចង្កេះលើអាកាសតែប៉ះសេចាប់បោះ ទោះយកកីឡាករប្រេស៊ីលមកក៏បាំងកម្ពុជាមិនជាប់ដែរ

  • 2024-02-22 06:22:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការលេងប៉ះសេចាប់បោះ និងការបោកស្អិតខុសបច្ចេកទេស បានចាក់ឫសចាក់គល់យ៉ាងជ្រៅនៅវិស័យក្នុងបាល់ទះក្រៅផ្លូវការនៅកម្ពុជា ខណៈកាលពីមុនគេមិនលេងដូច្នេះឡើយ រហូតមតិជាច្រើនលើកឡើងថាវាជារឿងដ៏ពិបាកមួយក្នុងការផ្លាស់ប្ដូរ។

លោកបណ្ឌិត អាំង សិរីពិសិដ្ឋ

ទោះបីជាយ៉ាងណា លោកបណ្ឌិត អាំង សិរីពិសិដ្ឋ អនុប្រធាននិងអគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា នៅតែមានសុទិដ្ឋិនិយមថា អាចនឹងកែប្រែបាន ប្រសិនបើកីឡាករមានឆន្ទៈក្នុងការកែប្រែ ហើយប្រព័ន្ធផ្សព្វផ្សាយជួយផ្សាយកែតម្រូវឲ្យបានទូលំទូលាយ។

លោកបណ្ឌិតបន្តថាការលេងបាល់ខុសបច្ចេកទេសគ្មានអ្វីល្អនោះឡើយ ផ្ទុយទៅវិញមានតែផ្ដល់គំរូអាក្រក់ដល់ក្មេងជំនាន់ និងឱនមុខមាត់ប្រទេសជាតិ។ លោកបណ្ឌិតមើលឃើញថា កីឡាករក្រៅផ្លូវការខ្លះលេងសុទ្ធតែប្ដូរចង្កេះលើអាកាស ប៉ុន្តែដល់ទៅមើលអ្នកប៉ះសេបែរជាចាប់បោះខុសបច្ចេកទេស បើទោះយកកីឡាករដេញបាល់លឿនមកពីប្រទេសប្រេស៊ីលក៏បាំងមិនជាប់ដែរ ហើយការលេងបែបនេះទៀតសោត មិនបានចំណេញធន់ធានកីឡាករ មិន​ចំណេញ​​សហព័ន្ធ និងមិនចំណេញ​មុខមាត់ប្រទេសជាតិឡើយ។

លោកបណ្ឌិត អាំង សិរីពិសិដ្ឋ បានបញ្ជាក់បែបនេះ៖ «ហេតុអីគាត់គេចបាំងសុទ្ធតែប្ដូរចង្កេះលើអាកាសម៉េច បើអ្នកប៉ះសេដាក់បាល់នៅឆ្វេងងាកទៅវិញបាល់ទៅស្ដាំអាហ្នឹងអាម៉េចវិញ សួរថាអ្នកណាទៅតាមបាំង ចង់ឲ្យអ្នកដេញបាល់លឿនរបស់ប្រេស៊ីលមកចាប់បាល់ខ្មែរក៏ចាប់មិនបានដែរ បើយើងលេងទម្រង់បែបហ្នឹង»។

លោកបណ្ឌិត អាំង សិរីពិសិដ្ឋ បានដាស់តឿនដល់កីឡាករលេងក្រៅប្រព័ន្ធគ្រប់រូបជាពិសេសយុវជនបន្តវេនថា បើសិនចង់ក្លាយខ្លួនជា Legend និងចង់ក្លាយជាវីរៈបុរសបាល់ទះតំណាងឲ្យប្រទេសកម្ពុជា ត្រូវដុសខាត់ខ្លួនជាពិសេសលេងឲ្យត្រូវក្បួនច្បាប់ បើទោះបីលេងបែបសប្បាយបាយឆ្ងាញ់ដ៏ដោយ។ មួយវិញទៀតកីឡាកររៀមច្បង សូមផ្ដល់នូវ​គំរូល្អដល់ក្មេងៗជំនាន់ក្រោយ ពោលគឺ​ជួយលេងបាល់ឲ្យត្រូវក្បួនខ្នាតដែលនេះជាការជួយជាតិមួយផងដែរ៕

អត្ថបទ៖ Um Sopheak

មតិយោបល់