• 2024-02-19 06:00:00
  • បាល់ទះ

បញ្ជាការដ្ឋានអង្គរក្សលាក់ធ្មុង គប់វិសាខាបីធ្មុងលើកពានតេជោលីគជាប្រវត្តិសាស្ត្រ

  • 2024-02-19 06:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹបបាល់ទះបញ្ជាការដ្ឋានអង្គរក្ស បានធ្វើឲ្យមានការភ្ញាក់ផ្អើល ក្រោយពួកគេគប់វិសាខាបីធ្មុងទល់នឹងមួយ (៣សិតទល់១សិត) នៅវគ្គផ្ដាច់ព្រ័ត្រលើកពានតេជោលីគជាប្រវត្តិសាស្រ្តយក៦០លានរៀលផ្ទះកាលពីយប់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ថ្មីៗនេះ។

ជាមួយលទ្ធផលនេះអ្នកស្នេហាវិស័យកីឡាបាល់ទះទាំងក្នុងនិងក្រៅប្រទេសរាប់សែនរាប់ម៉ឺននាក់រស្រឡាំងកាំង ព្រោះពួកគេយល់ឃើញថាពានរង្វាន់​តេជោលីគស័ក្តិសមបំផុតជាមួយក្លឹបមានធន់ធានវិសាខា។ សមនឹងវិសាខាដោយសារក្រុមខ្លាំងនៅកម្ពុជាមួយនេះ បានបង្ហាញទម្រង់លេងយ៉ាងល្អឥតខ្ចោះតាំងពីបើករដូវកាល ពោលបំបាក់គូប្រកួតបីសិតសូន្យសឹងតែគ្រប់ការប្រកួតទាំងអស់។

ទោះបីជាយ៉ាងណាគេសង្កេតឃើញថា ឆ្លងកាត់ការប្រកួតវគ្គសន្សំពិន្ទុ២ជុំ ក្លឹបបញ្ជាការដ្ឋានអង្គរក្ស ហាក់ដឹងពីទិចនិកនិងរបៀបលេងរបស់វិសាខា រហូតធ្វើឲ្យក្រុមមួយនេះយកឈ្នះ២សិតនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ បើទោះពួកគេមិនបានឈ្នះការប្រកួតក៏ដោយ ប៉ុន្តែពួកគេជាក្រុមតែមួយគត់ ដែលបញ្ចប់កំណត់ត្រាឈ្នះបីសិតសូន្យរបស់វិសាខា។ គ្រានោះដែរក្លឹបដែលនាំចូលកីឡាករឥណ្ឌូណេស៊ីដល់ទៅបួនរូប ក៏បានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលនិងបានលាក់ធ្មុងរបស់ពួកគេ ដើម្បីសងសឹកនៅវគ្គផ្ដាច់ព្រ័ត្រ។

វគ្គផ្ដាចព្រ័ត្របានមកដល់ក្លឹបបញ្ជាការដ្ឋានអង្គរក្ស បានបញ្ចេញធ្មុងដ៏មុតស្រួចនិងមានពិសរបស់គេ គប់ទៅលើវិសាខាចំនួនបីធ្មុងចុកចាប់ពេញខ្លួន ខណៈវិសាខាវាយបក់បានតែមួយធ្មុងវិញប៉ុណ្ណោះ។ បើនិយាយតាមភាសានិងបច្ចេកទេសបាល់ទះក្លឹបបញ្ជាការដ្ឋានអង្គរក្ស បានយកឈ្នះវិសាខា ៣សិតទល់នឹង១សិត។

កីឡាកររបស់បញ្ជាការដ្ឋានអង្គរក្សថ្ងៃចុងក្រោយ បានបង្ហាញទម្រង់លេងនិងសមត្ថភាពដ៏ល្អសឹងតែគ្រប់គ្នាជាពិសេសកីឡាករឥណ្ឌូណេស៊ី Luvi, Dio, Doni និងកីឡាករខ្មែរកម្ពុជា ស៊ុយ ខន, គង់ ពិសី, រី សារៈ, ឡេក លាងហុង រ៉េន ឆាយហុង និង ពៅ ស្រស់ ជាដើម។ នេះជាមោទនភាពមួយរបស់បញ្ជាការដ្ឋានអង្គរក្ស ដែលលើកពានតេជោលីគជាប្រវត្តិសាស្រ្តនេះ ខណៈពានរង្វាន់ក្នុងស្រុកកន្លងមក ពួកគេទទួលបានត្រឹមចំណាត់ថ្នាក់លេខ៣តែប៉ុណ្ណោះដូចជាពានសម្ដេចក្រឡាហោម ស សេង ឆ្នាំ២០២២ ពានឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា និងពានសម្ដេចក្រឡាហោម ស ខេង ឆ្នាំ២០២៣កន្លងទៅ។

ចំណែកក្លឹបបាល់ទះវិសាខា បានរងការឈឺចាប់ពីរលើកដោយរបូតពានធំៗក្នុងស្រុក២ពោលគឺពានឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឆ្នាំ២០២៣ ចាញ់ក្រុមថ្វីដៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ និងទី២នៅពានរង្វាន់តេជោលីគនេះ ដោយពានទាំងពីរសុទ្ធតែមានធន់ធានកីឡាករបរទេស។ សម្រាប់លេខបីនៃពានតេជោលីគបានលើស្នងការនគរបាលរាជធានីភ្នំពេញ និងលេខបួនបានលើក្រសួងមហាផ្ទៃ។

គួរបញ្ជាក់ថា តេជោលីគជាលីគដំបូងនិងប្រវត្តិសាស្ត្ររបស់កម្ពុជាទទួលស្គាល់ដោយសហព័ន្ធកីឡាបាល់ទះពិភពលោក និងសហព័ន្ធកីឡាបាល់ទះទ្វីបអាស៊ី ហើយ៨ក្រុមដែលបាន​ចូលរួមត្រូវបានកត់ត្រាចូលក្នុងបញ្ជីឈ្មោះរបស់សហព័ន្ធបាល់ទះពិភពលោកហើយ៕

អត្ថបទ៖ Um Sopheak

មតិយោបល់
អត្ថបទថ្មី