- 2024-02-18 01:45:00
- បាល់ទះ
ចេញលទ្ធផលហើយ ឈាង ជីវវេង របូតក្រឡាស់កជើងនិងស្រាំឆ្អឹង
- 2024-02-18 01:45:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចេញលទ្ធផលហើយ ឈាង ជីវវេង របូតក្រឡាស់កជើងនិងស្រាំឆ្អឹង
ចន្លោះមិនឃើញ
នៅសិតទី២នៃការប្រកួតដណ្ដើមពានរង្វាន់តេជោលីគឆ្នាំ២០២៣-២០២៤ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាមួយសមាគមបាល់ទះក្រសួងមហាផ្ទៃកាលពីម្សិលមិញនេះ កីឡាករដេញបាល់លឿនរបស់ក្លឹបបញ្ជាការដ្ឋានអង្គរក្ស ឈាង ជីវវេង បានរងរបួសក្រោយរូបគេហក់លោតបាំងកីឡាករ ទ្រឹង ដឹក ហាញ់ ហើយធ្លាក់មកវិញកាច់កជើងខាងស្ដាំបណ្ដាលឲ្យភ្លាត់និងដឹកទៅសង្រ្គោះនៅមន្ទីរពេទ្យកាល់ម៉ែត្រភ្លាមៗតែម្ដង។
បើតាមការបញ្ជាក់ពី ជីវវេង នៅព្រឹកនេះក្រោយពិនិត្យរួចរាល់កាលពីយប់មិញក្រុមគ្រូពេទ្យរកឃើញថា គេរបូតក្រឡាស់ជង្គង់និងស្រាំឆ្អឹង ប៉ុន្តែយ៉ាងណាក្រុមគ្រូពេទ្យបានណាត់គេស្កេនម្ដងទៀតនៅម៉ោង៩ព្រឹកនេះ។
«...ខ្ញុំបានធូរខ្លះហើយ ពេទ្យថារបូតក្រឡាស់ហើយមានស្រាំឆ្អឹង ម៉ោងប្រហែលជា៩គាត់ចុះឲ្យទៅស្កេន អាការៈរៀងចុកយប់មិញចុកដេកអត់បាន»។ នេះបើតាមសម្ដីរបស់ជីវវេង។
ដោយសារតែមានការភ្លាត់ខ្លាំង ក្រុមគ្រូពេទ្យត្រូវការស្កេនម្ដងទៀត ដើម្បីកំណត់លទ្ធផលឲ្យកាន់តែច្បាស់លាស់។
គួរបញ្ជាក់ថានៅសិតទី២បន្ទាប់ពី ឈាង ជីវវេង បានរងរបួសក្រុមបញ្ជាការដ្ឋានអង្គរក្សបានវាយបកយកឈ្នះក្រសួងមហាផ្ទៃវិញ និងបន្តយកឈ្នះទាំងតានតឹងនៅសិតទី៣និងទី៤។ ចប់ការប្រកួតដ៏ជក់ចិត្តក្លឹបបញ្ជាការដ្ឋានអង្គរក្សឈ្នះក្រសួងមហាផ្ទៃ ៣សិតទល់នឹង១សិតឡើងទៅកាន់វគ្គផ្ដាច់ព្រ័ត្រជាមួយវិសាខា។ ថ្ងៃនេះពួកគេប្រកួតនៅម៉ោង៦ល្ងាច ខណៈក្រុមដណ្ដើមចំណាត់ថ្នាក់លេខ៣និងលេខ៤រវាងក្រសួងមហាផ្ទៃ និងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើឡើងនៅម៉ោង៣រសៀលនៅសាលបាល់ទះនៃពហុកីឡដ្ឋានជាតិ៕