- 2024-02-17 03:00:00
- បាល់ទះ
លីប្រូឆ្នើម កូនឪ កំណត់លេងបាល់ស្តង់ដារ២-៣ឆ្នាំទៀត
- 2024-02-17 03:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លីប្រូឆ្នើម កូនឪ កំណត់លេងបាល់ស្តង់ដារ២-៣ឆ្នាំទៀត
ចន្លោះមិនឃើញ
កីឡាករ កែម រតនា ហៅកូនឪជាលីប្រូឆ្នើមរបស់ក្លឹបបាល់ទះស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ដែលកំពុងទទួលបានការចាប់អារម្មណ៍ពីអ្នកគាំទ្របាល់ទះកម្ពុជា។ ដោយបច្ចុប្បន្នមានវ័យ៣៤ឆ្នាំ គេបានកំណត់គោលដៅ២ទៅ៣ឆ្នាំទៀតក្នុងការលេងបាល់ទះស្តង់ដារ ហើយបើសិនក្លឹបតូចធំណាចាប់អារម្មណ៍លើរូបគេ គេរីករាយនឹងចូលរួមបើសិនត្រូវលក្ខខណ្ឌគ្នាដើម្បីប្រកួតប្រជែងពានរង្វាន់នានា។
ចំពោះលក្ខខណ្ឌ គឺហ្វឹកហាត់នៅភ្នំពេញ នេះក៏ដោយសារតែគេមានប្រពន្ធកូននៅភ្នំពេញ ទើបពិបាកហ្វឹកហាត់នៅតាមខេត្ត។ ទាក់ទងនឹងកម្លាំង កែម រតនៈ ថាដោយសារគេមានវ័យជ្រេរ ដូច្នេះការហ្វឹកហាត់មិនបាន១០០% ដូចកម្លាំងក្មេងៗពោលគឺបានត្រឹម៧០ ទៅ ៨០%ប៉ុណ្ណោះ។
កីឡាកររូបនេះបានបញ្ជាក់ថា៖ «ដោយសារខ្ញុំនៅស្រលាញ់វិស័យកីឡាបាល់ទះអ៊ីចឹង ខ្ញុំលេងបាល់ទះយូរឆ្នាំដែរហើយ អ៊ីចឹងខ្ញុំអាចនឹងចូលរួមដែលក្លឹបតូចធំគេចង់បានអ៊ីចឹង ខ្ញុំអាចនឹងចូលរួមលេងឲ្យអស់ពីលទ្ធភាព ហើយខ្ញុំនឹងខំហ្វឹកហាត់ដើម្បីជួយក្លឹបដែលខ្ញុំត្រូវទៅ អ៊ីចឹងខ្ញុំនៅលេងបាន២បីឆ្នាំអីទៀត បើយើងហាត់លែងទៅមុខយើងទុកឱកាសឲ្យក្មេងៗលេងម្ដង នេះដោយសារខ្ញុំនៅស្រលាញ់»។
កែម រតនា ចាប់ផ្ដើមលេងនិងហាត់បាល់ទះមានគ្រូត្រឹមត្រូវនាអំឡុងឆ្នាំ២០០៤-២០០៥ ប៉ុន្តែមិនទាន់បានលេងបាល់ទះផ្លូវការឡើយ។ ចូលដល់ឆ្នាំ២០០៩ គេបានចូលលេងឲ្យក្លឹប 911 និងជួយក្លឹបនេះទទួលបានមេដាយមាសពាន «ក១» នៅរាជធានីភ្នំពេញ និងបានចំណាត់ថ្នាក់លេខ១ម្ដងទៀតនៅ «ក២» ទូទាំងប្រទេស។ ខាងក្រោមនេះជាស្នាដៃខ្លះៗដែលកីឡាករមាឌល្អិតចិត្តធំ កែម រតនា ទទួលបានទាំង៥ក្លឹប៖
ឆ្នាំ២០០៩ លេងឲ្យក្លឹបបាល់ទះឆ័ត្រយោង ៩១១ ប្រកួតនៅរាជធានីភ្នំពេញ ក២ បានលេខ១មេដាយមាស
ក្លឹបបាល់ទះក្រសួងការពារជាតិ៖ លេងទូទាំងប្រទេសបានលេខ៣
ក្លឹបបាល់ទះក្រសួងមហាផ្ទៃ៖ ប្រកួតពានរង្វាន់ស្រាបៀរលីអូខាប់បានចំណាត់ថ្នាក់លេខ១ ហេីយប្រកួតទូទាំងប្រទេស ក១ ចំណាត់ថ្នាក់លេខ១ និងប្រកួតនៅប្រទេសវៀតណាមបានចំណាត់ថ្នាក់៣។
ក្លឹបបាល់ទះខេត្តព្រះសីហនុ៖ ពានរង្វាន់ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ចំណាប់លេខ ១ ឆ្នាំ២០២៣។
ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់៖ លេងពានរង្វាន់សម្ដេចក្រឡាហោម ស ខេង ឆ្នាំ២០២៣ ទទួលបានចំណាតថ្នាក់លេខ៤។
យ៉ាងណាក្នុងឆ្នាំ២០២៤នេះ គេបានលេងឲ្យក្លឹបបាល់ទះស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ (ក្រុមម្ទេសខ្មាំង) បានត្រឹមជុំទី២ពានរង្វាន់តេជោលីគ ឆ្នាំ២០២៤ ដែលទើបបញ្ចប់កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ថ្មីៗនេះ៕