• 2024-02-12 04:28:00
  • បាល់ទះ

បាត់ឱកាស២ដង សេង គីមហាប់ មិនឲ្យរបូតតំណែងមួយនេះទៀតឡើយ

  • 2024-02-12 04:28:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សេង គីមហាប់ ហៅឆែលស៊ី ក្នុងរដូវកាលឆ្នាំ២០២៤នេះបានសម្រេចចិត្តមកចូលរួមជាមួយសមាគមន៍បាល់ទះវិសាខា និងបានបង្ហាញខ្លួនយ៉ាងល្អឲ្យក្លឹបធំមួយនេះ ហើយការចូលរួមជាមួយក្លឹបនេះទៀតសោតដោយសាររូបគេធ្លាប់បាត់ឱកាសពីរលើករួចមកហើយ ពោលគឺពេលវិសាខាទើបបើកដំបូង និងឱកាសចូលរួមក្រុមជម្រើសជាតិ។

បើតាមការបញ្ជាក់របស់លីប្រូឆ្នើមរូបនេះ ការខកខានលើកទីមួយរបស់គេគឺការចូលរួមជាមួយវិសាខាលើកដំបូង ដោយកាលនោះក្លឹបបាល់ទះសំបូរ​ធន់​​ធាន​មួយនេះមានឈ្មោះថា សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តព្រៃវែង។ ដោយមិនអាចស៊ូទ្រាំនឹងការហ្វឹកហាត់បានគេក៏បានសុំឈប់តែម្ដង (ហាត់នៅកោះពេជ្រ)។

លើកទីពីរ សេង គីមហាប់ ត្រូវបានសហព័ន្ធកីឡាបាល់ទះកម្ពុជាកោះហៅឲ្យចូលរួមហ្វឹកហាត់ជាមួយក្រុមជម្រើសជាតិ ក្រោយរូបគេបង្ហាញសមត្ថភាពបានយ៉ាងល្អឲ្យស្នងការដ្ឋាននគរបាលខេត្តសៀមរាប (លេខ៣) ក្នុងការប្រកួតដណ្ដើមពានរង្វាន់សម្ដេចក្រឡាហោម ស ខេង ឆ្នាំ២០២៣។ ដោយមានបញ្ហាជីវភាព ណាមួយទើបរៀបការថ្មីថ្មោងមិនអាចឆ្ងាយប្រពន្ធបាន ណាមួយគេទើបទទួលការងារកាន់តារាងបាល់ទះនៅសៀមរាប គីមហាប់ ក៏សម្រេចចិត្តមិនចូលរួមវិញ។ កីឡាករជំនាញការពារមកពីខេត្តសៀមរាប បានបង្ហាញការសោកស្ដាយជាខ្លាំង ដោយបានទម្លាយថាបើសិនគេចូលហាត់ជម្រើសជាតិ គេអាចបានចូលរួមប្រកួតព្រឹត្តិការណ័កីឡា SEA Games លើកទី៣២កម្ពុជាធ្វើជាម្ចាស់ផ្ទះមិនខាន។

ទោះបីជាយ៉ាងណាក្រោយមានការផ្ដល់ទំនុកចិត្តជាថ្មីម្ដងទៀតពីថ្នាក់ដឹកនាំក្លឹបវិសាខា សេង គីមហាប់ ក៏សម្រេចចិត្តចូលរួមតែម្ដងនៅឆ្នាំ២០២៤នេះ ហើយគេបានបញ្ចេញសមត្ថភាពយ៉ាងល្អនៅក្នុងពានរង្វាន់ តេជោលីគ រដូវកាលទី១ឆ្នាំ២០២៣-២០២៤នេះ ខណៈក្រុមវិសាខាមិនទាន់ស្គាល់ពាក្យថាចាញ់មួយសិតណានិងមួយប្រកួតណាឡើយ ពោលគឺបំបាក់គូប្រកួត៣សិតសូន្យគ្រប់គូតែម្ដង។

ជាមួយការបង្ហាញសមត្ថភាពដ៏ល្អក្នុងពានរង្វាន់តេជោលីគនេះ គីម ហាប់ សង្ឃឹមថានឹងក្ដាប់បានកៅអីជម្រើស ហើយគេប្ដេជ្ញាខំប្រឹងហ្វឹកហាត់ឲ្យអស់កម្លាំងកាយចិត្តដើម្បីខ្លួនគេផ្ទាល់ ដើម្បីក្រុមនិងដើម្បីប្រទេសជាតិកម្ពុជា៕

អត្ថបទ៖ Um Sopheak

មតិយោបល់
អត្ថបទថ្មី