• 2024-02-07 14:01:17
  • បាល់ទាត់

មក​ស្គាល់​ក្លឹប​តែ​មួយ​គត់​ដែល​មិន​ទាន់​ស្គាល់​រសជាតិ​ចាញ់​ក្នុង​ចំណោម​លីគ​ធំៗ​នៅ​អឺរ៉ុប

  • 2024-02-07 14:01:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បច្ចុប្បន្ន​មាន​តែ​ក្លឹប​មួយ​គត់​ដែល​មិន​ទាន់​ស្គាល់​ពាក្យ​ថា​ចាញ់​ក្នុង​ចំណោម​ក្លឹប​ធំ​ៗ​ទាំង ៥ នៅ​អឺរ៉ុប​ក្នុង​ ៣០ ប្រកួត​ចុង​ក្រោយ។ ក្លឹប​នោះ​គឺ​ក្លឹប​អាល្លឺម៉ង់ Bayer Leverkusen។

Bayer Leverkusen បាន​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ។ នា​ ៣០ ប្រកួត​ចុង​ក្រោយ ក្លឹប​បាន​យក​ឈ្នះ​ដល់​ទៅ ២៦ លើក និង​ស្មើ ៤ ដង ហើយ​មិន​ទាន់​ស្គាល់​រសជាតិ​ចាញ់​ឡើយ។ ក្នុង​អំឡុង​ពេល​នោះ ក្លឹប​បាន​ស៊ុត​ចូល​ដល់​ទៅ ៩០ គ្រាប់។ បច្ចុប្បន្ន​ Leverkusen កំពុង​ឈរ​លេខ ១ ក្នុង​លីគ​កំពូល​អាល្លឺម៉ង់។

កំណត់​ត្រា​ល្អ​នេះ ធ្វើ​ឲ្យ​ Leverkusen គឺ​ជា​ក្លឹប​តែ​មួយ​គត់​ដែល​មិន​ទាន់​ស្គាល់​ជាតិ​ចាញ់​ក្នុង​ចំណោម​លីគ​ធំៗ​ទាំង ៥ នៅ​អឺរ៉ុប រួម​មាន​អង់គ្លេស អេស្ប៉ាញ អ៊ីតាលី អាល្លឺម៉ង់ និង​បារាំង។

លើស​ពី​នេះ Leverkusen ស្ថិត​ក្នុង​ចំណោម​ក្លឹប​តែ ២ គត់​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់​អាល្លឺម៉ង់​ដែល​លេង ៣០ ប្រកួត មិន​ដែល​ស្គាល់​ជាតិ​ចាញ់។ ក្លឹប​មួយ​ទៀត​គឺ Bayern Munich។ បន្ថែម​ពី​នេះ Leverkusen នៅ​ខ្វះ​តែ ២ ប្រកួត​ប៉ុណ្ណោះ​នឹង​តាម​ស្មើ​កំណត់​ត្រា​របស់ Bayern ក្នុង​ការ​លេង​ប្រកួត​មិន​ដែល​ចាញ់​ជាប់ៗ​គ្នា​ដល់​ទៅ ៣២ ប្រកួត។

ប្រកួត​បន្ទាប់​របស់ Leverkusen គឺ​ត្រូវ​ប៉ះ​ជាមួយ Bayern Munich នៅ​ថ្ងៃ​អាទិត្យ ១១ កុម្ភៈ ខាង​មុខ ក្នុង​កម្មវិធី​លីគ​កំពូល​អាល្លឺម៉ង់។

Bayer Leverkusen បាន​តែង​តាំង​លោក Xabi Alonso ជា​អ្នក​ចាត់​ការ​កាល​ពី​ខែ​តុលា​ ឆ្នាំ​២០២២។ តាំង​ពី​លោក​មក​ដឹកនាំ​មក ក្លឹប​បាន​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ ជា​ពិសេស​ក្នុង​រដូវ​កាល​ថ្មី​នេះ​តែ​ម្ដង៕

ប្រភព៖ transfermarkt អត្ថបទ៖ សេរី មង្គល

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី