• 2024-02-06 13:54:13
  • បាល់ទាត់

ភាព​ខុស​គ្នា​ដាច់​រវាង​តម្លៃ​ផ្ទេរ​ថ្លៃ​បំផុត​កីឡាករ​បាល់ទាត់​បុរស និង​កីឡាករ​បាល់ទាត់​នារី

  • 2024-02-06 13:54:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តម្លៃ​ផ្ទេរ​ថ្លៃ​បំផុត​កីឡាករ​បាល់ទាត់​​បុរស និង​កីឡាករ​បាល់ទាត់​នារី​មាន​ភាព​ខុស​គ្នា​ប្រមាណ ៥២៦ ដង។

រហូត​មក​ដល់​ពេល​បច្ចុប្បន្ន​ តម្លៃ​ផ្ទេរ​ថ្លៃ​បំផុត​របស់​កីឡាករ​បាល់ទាត់​បុរស គឺ​ខ្សែ​ប្រយុទ្ធ​ប្រេស៊ីល Neymar នៅ​ពេល​ដែល​កីឡាករ​រូប​នេះ​ផ្ទេរ​ពី Barcelona មក​ចូល​រួម​ជាមួយ PSG កាល​ពី​ខែ​សីហា ឆ្នាំ ២០១៧។ កាល​ពី​ពេល​នោះ ក្លឹប​យក្ស​បារាំង​ចំណាយ​ក្នុង​តម្លៃ​ផ្ទេរ​ប្រមាណ ២៦០ លាន​ដុល្លារ​សហរដ្ឋអាមេរិក ដែល​ជា​កំណត់​ត្រា​តម្លៃ​ផ្ទេរ​ថ្លៃ​បំផុត​ក្នុង​ពិភព​បាល់ទាត់។

ដោយ​ឡែក​ តម្លៃ​ផ្ទេរ​ថ្លៃ​បំផុត​របស់​កីឡាករ​បាល់ទាត់​នារី គឺ​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​កូឡុំប៊ី Mayra Ramirez នៅ​ពេល​ដែល​កីឡាករ​រូប​នេះ​បាន​ផ្ទេរ​ទៅ​ក្លឹប​អង់គ្លេស Chelsea ពី​ក្លឹប​អេស្ប៉ាញ Levante ក្នុង​តម្លៃ​ផ្ទេរ​សរុប​ប្រមាណ ៥០ ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក កាល​ពី​ពេល​ចុង​ខែ​មករា​កន្លង​ទៅ។

ការ​ពិត​ទៅ បាល់ទាត់​នារី​មាន​តាំង​ពី​យូរ​ហើយ​នៅ​អឺរ៉ុប ពោល​គឺ​នៅ​ចុង​សតវត្ស​ទី ១៩។ ប្រកួត​ផ្លូវ​ការ​បាល់ទាត់​នារី​ ហើយ​ត្រូវ​បាន​កត់​ត្រា គឺ​ធ្វើ​ឡើង​នៅ​អង់គ្លេស​ក្នុង​ឆ្នាំ ១៨៩៥។ ទោះ​ជា​យ៉ាង​ណា ដោយ​បញ្ហា​ផ្សេងៗ​ដូច​ជា​រចនាសម្ព័ន្ធ​លីគ ការ​គ្រប់គ្រង ក៏​ដូច​ជា​ចំណាប់អារម្មណ៍​របស់​ទស្សនិកជន បាល់ទាត់​នារី​មិន​សូវ​ទទួល​មាន​​ប្រជាប្រិយភាព​ បើ​ប្រៀប​នឹង​បាល់ទាត់​បុរស។ ទោះ​ជា​យ៉ាង​ណា ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ​នេះ ចំណាប់អារម្មណ៍​ជា​ច្រើន​បាន​កើន​ឡើង​ក្នុង​ការ​គាំទ្រ​បាល់ទាត់​នារី។ ក្លឹប​ធំៗ​នៅ​អឺរ៉ុប និង​អាមេរិក បាន​រៀប​ចំ​ឲ្យ​មាន​ក្រុម​បាល់ទាត់​នារី ហើយ​មាន​ការ​ប្រកួត​ប្រជែង​មាន​លីគ និង​កម្មវិធី​ច្បាស់លាស់ ដោយ​ទស្សនិកជន​ចូល​ទស្សនា​ច្រើន​។

ការណ៍​នេះ ធ្វើ​ឲ្យ​មាន​គិត​គូរ​ឡើង​វិញ ពី​រឿង​តម្លៃ​ផ្ទេរ​ក្នុង​បាល់ទាត់​នារី។ តួ​យ៉ាង​ កាល​ពី​ជាង ១០-២០ ឆ្នាំ​មុន តម្លៃ​ផ្ទេរ​គឺ​មាន​ តែ​មាន​ក្នុង​កម្រិត​តិច​តួច។ ទោះ​ជា​យ៉ាង​ណា និន្នាការ​នេះ​មាន​ការ​ផ្លាស់​ប្តូរ​បន្តិច​ម្ដងៗ​ជា​ពិសេស​នៅ​លីគ​ធំៗ​នៅ​អឺរ៉ុប។ ឧទាហរណ៍​កាល​ពី​ឆ្នាំ ២០២០ តម្លៃ​ផ្ទេរ​ថ្លៃ​បំផុត​នៅ​បាល់ទាត់​នារី​គឺ​ប្រមាណ ៣០ ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក។ ​ជាង ៣ ឆ្នាំ​ក្រោយ​មក កំណត់​ត្រា​បច្ចុប្បន្ន​គឺ ៥០ ម៉ឺន​ដុល្លារ​សហរដ្ឋ​អាមេរិក៕

ប្រភព៖ Reuters អត្ថបទ៖ សេរី មង្គល

មតិយោបល់