• 2024-02-05 02:43:25
  • ព័ត៌មាន

កែវ ស្រេងលីហួរ អាចជាអ្នកស្នងតំណែង សួន ចាន់ណារ៉ូ នៅក្រុមជម្រើសជាតិ

  • 2024-02-05 02:43:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កែវ ស្រេងលីហួរ នាថ្ងៃអនាគតអាចជំនួសតំណែងកីឡាកររៀមច្បង សួន ចាន់ណារ៉ូ បាននៅក្រុមជម្រើសជាតិបាល់ទះកម្ពុជា ដ្បិតកីឡាករវ័យក្មេងនៃក្លឹបក្រសួងមហាផ្ទៃរូបនេះមានកាយសម្បទារខ្ពស់ល្អ ក្មេង និងមានភាពឆ្លាតវ័យ។ នេះបើផ្អែកតាមការតាមការយល់ឃើញរបស់កីឡាករជើងចាស់ ផាត សុភ័ក្រ្ត។

ផាត សុភ័ក្រ្ត ហៅទូច អង្គរក្ស

កីឡាករចាស់វស្សា ផាត សុភ័ក្រ្ត ហៅទូចអង្គរក្ស ដែលជំនាញខាងផ្នែកបាល់ទះក្នុងសាលនិងលើខ្សាច់ បានបង្ហាញទស្សនៈផ្ទាល់ខ្លួនថា កែវ ស្រេងលីហួរ ជាកីឡាករដែលមានភាពឆ្លាតវ័យ នៅក្មេង និងមានសមត្ថភាពខ្ពស់។

កីឡាករក្លឹបស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុលេងក្នុងពានរង្វាន់ «តេជោលីគ» រដូវកាលទី១ ឆ្នាំ២០២៣-២០២៤ រូបនេះបានបញ្ជាក់ដូច្នេះថា ៖ «មានតែប៉ះសេរបស់មហាផ្ទៃ (កែវ ស្រេងលីហួរ) ឃើញដៃគាត់ល្អហើយរាងគាត់ស្គម ហើយណាមួយអាយុគាត់ជាវ័យគឺថាកំពុងពេញហាត់កំពុងពេញចង់...ចំណុចដែលល្អរបស់គាត់គឺថាគាត់បាញ់បាល់ ប៉ះសេឆ្លាត គាត់ភាគច្រើនសល់តែបាំងមួយមួយ ភ្នែកគាត់រហ័ស»។

កែវ ស្រេងលីហួរ

នៅក្នុងពានរង្វាន់បាល់ទះសម្ដេចក្រឡាហោម ស ខេង រដូវកាលទី២ ឆ្នាំ២០២៣ និងពានតេជោលីគ ឆ្នាំ២០២៤ ផាត សុភ័ក្រ្ត បានពន្យល់ប្រាប់ទៀតថា គេធ្លាប់ប៉ះ កែវ ស្រេងលីហួរ ច្រើនប្រកួត ហើយជាលទ្ធផលក្រុមព្រះសីហនុរបស់គេតែងតែចាញ់ ព្រោះកីឡាករវ័យក្មេងរូបនេះតែងធ្វើបានល្អតាមរយៈការចែកបាល់ដ៏ប៉ិនប្រសប់របស់គេ។ ទោះបីជាយ៉ាងណា សុភ័ក្រ្ត បានក្រើនរំលឹងដល់ លីហួរ ថាកុំភ្លេចខ្លួនអោយសោះពោលគឺ ត្រូវប្រឹងប្រែងហ្វឹកហាត់បន្ថែមទៀត ដើម្បីសម្រួចសមត្ថភាព និងអភិវឌ្ឍខ្លួនក្លាយជាកីឡាករជម្រើសជាតិស្នងតំណែងរៀមច្បង សួន ចាន់ណារ៉ូ។

ផាត សុភ័ក្រ្ត ហៅទូច អង្គរក្ស

គួរបញ្ជាក់ថា ក្នុងឆ្នាំនេះអតីតយុវជនសមាគមន៍បាល់ទះវិសាខា ឆ្នាំ២០១៩ និងអ្នកប៉ះសេដៃទី២ឆ្នើម របស់ក្រសួងមហាផ្ទៃ កែវ ស្រេងលីហួរ មានអាយុ១៩ឆ្នាំ។ តាំងពីចូលក្លឹបក្រសួងមហាផ្ទៃអំឡុងឆ្នាំ ២០២១មក លីហួរ បានបង្ហាញសមត្ថភាពច្រើនក្នុងការប្រកួតនានាដូចជាពានរង្វាន់ Spescial Volleyball League, ISI PIPE ISI PALM រដូវកាលឆ្នាំ២០២១-២០២២, ពានរង្វាន់សម្ដេចក្រឡាហោម ស ខេង ឆ្នាំ២០២៣ (ហើយធ្លាប់ជួយអោយមហាផ្ទៃលើកពានមួយនេះក្នុងនាមជាកីឡាករឈុត B និងទទួលបានពានអ្នកប៉ះសេល្អបំផុត) និងពានតេជោលីគរដូវកាលឆ្នាំ ២០២៣-២០២៤នេះ៕

កែវ ស្រេងលីហួរ

SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB

អត្ថបទ៖ សុភក្ដិ មុនីលិ

មតិយោបល់