- 2024-01-23 00:45:00
- បាល់ទះ
តើក្រុមបាល់ទះមួយណាអាចបំបែកទម្រង់លេងរបស់ក្រុមវិសាខាក្នុងពានតេជោលីគ ឆ្នាំ២០២៤ នេះ
- 2024-01-23 00:45:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តើក្រុមបាល់ទះមួយណាអាចបំបែកទម្រង់លេងរបស់ក្រុមវិសាខាក្នុងពានតេជោលីគ ឆ្នាំ២០២៤ នេះ
ចន្លោះមិនឃើញ
ក្រុមបាល់ទះវិសាខា កំពុងបង្ហាញទម្រង់លេងយ៉ាងល្អ រឹងមាំ និងឈ្នះបាន ២សប្ដាហ៍មកហើយដែលត្រូវជា ៥ប្រកួតដោយមិនទាន់ចាញ់សោះកំពុងមាន ១៥ពិន្ទុក្នុងដៃ។ ក្រៅតែពីមិនទាន់ចាញ់ហើយនោះក្រុមវិសាខា សុទ្ធតែយកឈ្នះលើក្រុមដទៃដោយលទ្ធផល ៣-០ ទៀតផង។ យ៉ាងណាការប្រកួតពានរង្វាន់តេជោលីគនេះនៅមិនទាន់បញ្ចប់នោះទេ ពោលមានការប្រកួតវិលជុំសន្សំពិន្ទុជុំទី១ រួចបន្តទៅប្រកួតជុំទី២ និងបន្តទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ បន្ទាប់មកឈានទៅប្រកួតផ្ដាច់ព្រ័ត្របន្តទៀត ដូច្នេះការប៉ះគ្នារវាងក្រុមខ្លាំងៗនៅមានជាច្រើនប្រកួតទៀត។
ងាកមកចាប់អារម្មណ៍ពីការយល់ឃើញរបស់ Admin បាល់ទះល្បីឈ្មោះ ២រូប រួមមាន Admin Duku និង Admin Ken យល់ឃើញថាក្រុមមួយនេះអាចនឹងបំបែកទម្រង់លេងដ៏រឹងមាំរបស់ វិសាខា បាន។
Admin Duku លើកឡើងថា ក្រុមវិសាខា គឺកំពុងល្អ និងឈរលេខ១ កំពូលតារាងតេជោលីគ។ យ៉ាងណាតាមការយល់ឃើញគឺក្រុមបញ្ជាការដ្ឋានអង្គរក្ស អាចនឹងរកវិធីសាស្ត្រក្នុងការបំបែកទម្រង់លេងរបស់ក្រុមវិសាខា បាននៅជំនួបវិលជុំសន្សំពិន្ទុជុំទី១នេះ។ តាមអ្វីដែលលោកបានឃើញគឺក្រុមអង្គរក្ស មានចំណុចខ្លាំងស្ទើគ្រប់ Role ប្រកួតដូចជាអ្នកលើកបាល់ ស្មាត់ស្ដាំ ស្មាត់ឆ្វេង គឺសុទ្ធតែល្អ និងមានគុណភាព ប៉ុន្តែគិតថាក្រុមវិសាខាក៏មើលទម្រង់លេង ឬត្រៀមផ្លាស់ប្ដូរបច្ចេកទេសទប់ទល់ និងក្រុមអង្គរក្ស ឬក្រុមដទៃដូចគ្នា។
ចំណែក Admin Ken វិញបង្ហាញការយល់ឃើញថា ក្រុមបញ្ជាការដ្ឋានអង្គរក្ស អាចនឹងបំបែកទម្រង់លេងរបស់ វិសាខា បាន ព្រោះមើលឃើញថាពីមួយប្រកួតទៅមួយប្រកួតក្រុមរបស់ពួកគេលេងកាន់តែស៊ីចង្វាក់គ្នា។ មួយវិញទៀតកត្តាកីឡាករសុទ្ធតែល្អៗដូចជាដៃប៉ះសឺ លេខ១៥ Dio ស្មាត់លេខ២១ Luvi ស្មាត់លេខ ៧ Doni ដូច្នេះទាំងអ្នកចែកបាល់ះ ទាំងស្មាត់លេងឆ្វេងស្ដាំសុទ្ធតែល្អ និងអាចលេងក្រឡុកបាន។
បន្ថែមទៀតពីនេះគឺខាងអង្គរក្ស មិនត្រឹមតែនាំយកកីឡាករឥណ្ឌូណេស៊ីមកនោះទេមានទាំងគ្រូបង្វឹកមកជាមួយទៀតស្របពេលទម្រង់លេងរៀបចំមកមានការខុសប្លែកពីកម្ពុជា ហើយលោកគិតថាគ្រូបរទេសរូបនេះនឹងអាចចាប់ទម្រង់លេងរបស់វិសាខាបាន។ យ៉ាងណា Admin ចាស់វស្សារូបនេះជឿជាក់ថាការប៉ះគ្នារវាង វិសាខា និង បញ្ជាការដ្ឋានអង្គរក្ស នឹងល្អមើល។
បញ្ជាក់ដែរថា ពានរង្វាន់បាល់ទះ តេជោលីគ ឆ្នាំ២០២៤ នេះមាន ៨ក្រុមចូលរួមប្រកួតប្រជែង។ ការប្រកួតបានបញ្ចប់ ២សប្ដាហ៍ ត្រូវជា ៥ប្រកួតម្នាក់ហើយដូច្នេះសល់២ប្រកួតម្នាក់ទៀតនឹងបញ្ចប់ជុំទី១។ ការប្រកួតនេះបន្តរហូតដល់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ ទើបរកឃើញម្ចាស់ជើងឯក៕