• 2024-01-19 07:23:46
  • ព័ត៌មាន

អ្នក​និពន្ធ​បទ​ចម្រៀង​ ងាក​មក​បង្កើត​ក្រុម​បាល់​ទាត់​ ប្រកួត​ឈ្នះ​គូ​ប្រកួត​ លទ្ធផល​ត្រចះត្រចង់

  • 2024-01-19 07:23:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​មួយ​រយៈ​នេះ មាន​មនុស្ស​ក្រៅ​វិស័យ​ច្រើន​ណាស់​ហក់ចូល​បាល់​ទាត់ ក្នុង​នោះ​មាន​ក្រុម "ផ្ការីក​គ្រប់រដូវ" របស់ ពាក់មី ក្រុមបាល់​ទាត់ "កីឡាគុនខ្មែរ" ឥឡូវ​នេះ មាន​ក្រុម​ថ្មី​ទៀត​ដឹកនាំ​ដោយ​អ្នក​និពន្ធ​ចម្រៀង ទើប​បង្កើត​ឡើង​ថ្មីៗ​ទៀត។

ក្រុម​បាល់​ទាត់​របស់​ក្រុម​​សិល្បករ​ថ្មី​នេះ​មាន​ឈ្មោះ​ថា "THO MEET.FC” ជា​ក្រុម​បង្កើត​ឡើង​ដោយ​លោក THO MEET អ្នក​និពន្ធ​បទ​ចម្រៀង​ល្បី​ឈ្មោះ​នៅ​ផលិតកម្ម​រស្មី​ហង្សមាស។ ក្រុម​នេះ ទើប​បង្កើត​បាន​ប្រមាណ​១ខែ មាន​សមាជិក​សរុប​ជាង ២០នាក់ ក្នុង​នោះ​មាន​អ្នក​និពន្ធ អ្នកចម្រៀង អ្នក​ភ្លេង តារា​សម្ដែង និង​ខ្លះ​ទៀត​មក​ពី​ស្ថាប័ន​រដ្ឋ។

តាម​លោក THO MEET ដែល​ជា​ស្ថាបនិក បាន​ប្រាប់​ឲ្យ​ដឹង​ថា លោក​មាន​ចក្ខុវិស័យ​វែង​ឆ្ងាយ​ចំពោះ​ការ​បង្កើត​ក្រុម​បាល់​ទាត់​នេះ​ឡើង ក្នុង​នោះ​ទី​១ គឺ​ដើម្បី​សុខភាព​ នាំ​យុវជន​ចៀស​ឆ្ងាយ​ពី​គ្រឿង​ញៀន និង​អំពើ​អបាយមុខ​ផ្សេង​ៗ។ ទី២ ដើម្បី​រឹត​ចំណង​ទាក់​ទង​ក្នុង​រង្វង់​សិល្បករ​ដូច​គ្នា ពិសេស​គឺ​ទំនាក់ទំនង​រវាង​តារាចម្រៀង និង​អ្នក​និពន្ធ​ទាំង​អស់។ និង​ធំ​ជាង​គេ ទី៣ ដើម្បី​ជា​ចំណែក​មួយ​ជួយ​រក​មូលនិធិ​ជួយ​ដល់​មន្ទីរ​ពេទ្យ​គន្ធបុប្ផា និង​កុមារ​កំព្រា។ ដូច្នេះ​ហើយ លោក​រីករាយ ប្រសិន​បើ​មាន​ម្ចាស់​ស្បុនស័រ​ណា ចាប់​អារម្មណ៍​ធ្វើ​ការ​ឧបត្ថម្ភ​ដាក់​ស្លាកយីហោ ផលិតផល ឬសេវាកម្ម​ផ្សេង​ៗ​លើ​អាវ​ក្រុមបាល់​ទាត់ "THO MEET.FC”។

ជា​ក្រុម​បាល់​ទាត់​ថ្មី​ថ្មោង "THO MEET FC” មក​ដល់​ពេល​នេះ ទើប​ប្រកួត​បាន​១​ប្រកួត​ប៉ុណ្ណោះ ជាមួយ​ក្រុម​បាល់​ទាត់ "រាហ៊ូ FC” ដោយ​ទទួល​លទ្ធផល​ត្រចះត្រចង់ ឈ្នះ​គូរ​ប្រកួត​ក្នុង​លទ្ធផល ០៦ ទល់​នឹង ១៤ គ្រាប់។ នេះ​ជា​ការ​ចាប់​ផ្ដើម​យ៉ាង​ល្អ​នៃ ក្រុម​បាល់​ទាត់ "THO MEET FC” របស់​អ្នកនិពន្ធ​ផលិតកម្ម​រស្មី​ហង្សមាស។ យ៉ាង​ណា នៅ​ដើម​សប្ដាហ៍​ក្រោយ​នេះ ក្រុម​បាល់​ទាត់​មួយ​នេះ នឹង​ត្រូវ​ជួប​តតាំង​ជាមួយ ក្រុម​បាល់ទាត់ "ផ្កា​រីក​គ្រប់​រដូវ" របស់​នាយ ពាក់មី។

ចំពោះ​ការ​ប្រកួត​សប្ដាហ៍​ក្រោយ​នេះ លោក THO MEET មិន​ហ៊ាន​និយាយ​អ្វី​ច្រើន​ទេ ព្រោះថា​នរណា​ក៏​ដឹង​ថា ក្រុម​ផ្កា​រីក​គ្រប់​រដូវ របស់ ពាក់មី ជា​ក្រុម​ខ្លាំង មាន​កីឡាករ​ល្អ​ៗ​ច្រើន។ យ៉ាង​ណា លោក​បញ្ជាក់​ថា នឹង​ប្រឹង​ប្រែង​ឲ្យ​អស់​លទ្ធភាព​ក្នុង​ការ​ប្រកួត​ដ៏​ស្វិតស្វាញ​មួយ​នេះ។

ការ​ប្រកួត​រវាង THO MEET FC vs ផ្កា​រីក​គ្រប់រដូវ ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ២២ មករា ២០២៤ វេលា​ម៉ោង ៦ល្ងាច នៅ​តារាង​របស់​ក្រុមបាល់​ទាត់ "ផ្ការីក​គ្រប់រដូវ" ផ្ទាល់​តែ​ម្ដង​នៅ​គីឡូម៉ែត្រ​លេខ​៦៕​

SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB

អត្ថបទ ៖ សង្ហា

មតិយោបល់