- 2023-12-08 12:32:50
- បាល់ទាត់
ក្លឹបធំ Lyon មានវិបត្តិ ហើយកំពុងឈរបាតតារាងលីគកំពូលបារាំង
- 2023-12-08 12:32:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្លឹបធំ Lyon មានវិបត្តិ ហើយកំពុងឈរបាតតារាងលីគកំពូលបារាំង
ចន្លោះមិនឃើញ
ក្លឹប Olympique Lyonnais ហៅកាត់ថា Lyon ធ្លាក់ទម្រង់លេងយ៉ាងគំហុក ក្នុងរដូវកាលនេះ។
បច្ចុប្បន្នក្លឹប Lyon កំពុងឈរបាតតារាងលីគកំពូលបារាំង ហើយមានត្រឹមតែ ៧ ពិន្ទុប៉ុណ្ណោះ។ Lyon លេង ១៤ ប្រកួតហើយគិតមកទល់ពេលនេះ ក្នុងនោះចាញ់ ៩ ប្រកួត ស្មើ ៤ ដង និងឈ្នះតែ ១ លើកគត់។
Lyon គឺជាក្លឹបដ៏ធំមួយនៅបារាំង ហើយមានប្រវត្តិជោគជ័យជាច្រើន។ ក្លឹបធ្លាប់ឈ្នះលីគកំពូលបារាំងដល់ទៅ ៧ រដូវកាលជាប់គ្នា ពីឆ្នាំ ២០០១ ដល់ ២០០៨។ មិនតែប៉ុណ្ណោះ ក្លឹបបានឡើងលេងដល់វគ្គផ្ដាច់ព្រ័ត្រ Champions League ដល់ទៅពីរលើកទៀតផង ពោលគឺរដូវកាល ២០០៩-២០១០ និង ២០១៩-២០២០។ ទោះជាង ១០ ឆ្នាំចុងក្រោយ ក្លឹបហាក់ធ្លាក់ទម្រង់លេង តែក៏មិនធ្លាក់បាតដូចរដូវកាលនេះដែរ។ កាលពីរដូវកាលមុន ក្លឹបបញ្ចប់រដូវកាលក្នុងតំណែងលេខ ៧។
គិតមកទល់ពេលនេះ មិនទាន់មានប្រភពណាហ៊ានអះអាងថាហេតុអីបានក្លឹបដ៏ធំមួយធ្លាក់ទម្រង់លេងយ៉ាងគំហុកយ៉ាងនេះ។ អ្នកវិភាគមួយចំនួនបានលើកឡើងពីកត្តាមួយចំនួនដែលជំរុញឲ្យក្លឹបធ្លាក់ទម្រង់លេងបែបនេះ រួមមានការរើរុះថ្នាក់ដឹកនាំក្លឹប បញ្ហាហិរញ្ញវត្ថុ និងការចាកចេញរបស់កីឡាករល្អៗមួយចំនួនកាលពីទីផ្សារដោះដូរកន្លងទៅ ហើយមិនមានកីឡាករល្អមកជំនួសវិញជាដើម។
ក្លឹបទើបតែបញ្ចប់តំណែងគ្រូបង្វឹកដល់ទៅ ២ រូបក្នុងរយៈពេល ២ ខែ នោះគឺបញ្ឈប់លោក Laurent Blanc កាលពីខែកញ្ញា និងលោក Fabio Grosso កាលពីខែវិច្ឆិកា។ ការបន្តធ្លាក់ទម្រង់លេងនេះ ធ្វើឲ្យអ្នកគាំទ្រក្លឹបជាច្រើន ព្រួយបារម្ភថា ក្លឹបអាចនឹងកាត់ចេញពីលីគលំដាប់ ១ ហើយធ្លាក់ទៅលេងលីគលំដាប់២វិញ៕