• 2023-10-25 12:36:43
  • បាល់ទាត់

គ្រូ Spurs បំបែក​កំណត់ត្រា​ក្នុង Premier League

  • 2023-10-25 12:36:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Ange Postecoglou ក្លាយ​ជា​អ្នក​ចាត់​ការ Premier League ដែល​ជួយ​ក្លឹប​ទទួល​​បាន​ពិន្ទុ​ច្រើន​ជាង​គេ​ ក្នុង​ការ​ដឹកនាំ​ប្រកួត​លីគ​ចំនួន ៩ ប្រកួត​ដំបូង។​

បច្ចុប្បន្ន​ Spurs កំពុង​ឈរ​កំពូល​តារាង Premier League មាន ២៣ ពិន្ទុ​ក្នុង​ដៃ​បន្ទាប់​ពី​លេង​ ៩ ប្រកួត​រួច​មក។ ក្លឹប​បាន​ឈ្នះ ៧ ប្រកួត ស្មើ ២ ដង និង​មិន​ទាន់​ចាញ់​នៅ​ឡើយ។ Spurs ​បាន​ស៊ុត​ចូល​ក្រុម​គូ​ប្រកួត​ដល់​ទៅ ២០ គ្រាប់ ហើយ​ឲ្យ​គេ​ស៊ុត​ចូល​វិញ​ចំនួន​តែ ៨ គ្រាប់​ប៉ុណ្ណោះ។

ក្នុង​ប្រវត្តិសាស្ត្រ Premier League មិន​ដែល​មាន​អ្នក​ចាត់​ការ​ណា​មួយ​កំណត់ត្រា​ចាប់​ផ្ដើម​រដូវ​កាល​ល្អ​ដូច​លោក Ange Postecoglou នោះ​ទេ​គិត​មក​ទល់​ពេល​នេះ។

បើ​ប្រៀបធៀប​នឹង​អ្នក​ចាត់​ការ​ល្បីៗ លោក Postecoglou មាន​កំណត់​ត្រា​ល្អ​ជាង​គេ​ក្នុង​ការ​ដឹកនាំ​ ៩ ប្រកួត​ដំបូង។ តួ​យ៉ាង​ លោក Pep Guardiola កាល​ពី​ពេល​ដឹកនាំ Man City ៩ ប្រកួត​ដំបូង លោក​ឈ្នះ ៦ ដង ស្មើ ២ លើក និង​ចាញ់​ ១ ប្រកួត ខណៈ​លោក Erik Ten Hag ពេល​ចាប់​ផ្ដើម​ជាមួយ​ Manchester United គឺ​ឈ្នះ ៥ លើក ស្មើ ១ ដង និង​ចាញ់ ៣ ដង។ កំណត់ត្រា​លោក Mikel Arteta វិញ​គឺ​ឈ្នះ ៣ ប្រកួត ស្មើ ៥ ដង និង​ចាញ់ ១​លើក។ ចំណែក​លោក Jurgen Klopp អ្នក​ចាត់​ការ Liverpool គឺ​ឈ្នះ ៣ លើក ស្មើ ៣​ដង និង​ចាញ់ ៣​ប្រកួត។

កាល​ពី​ខែ​មិថុនា ឆ្នាំ​២០២៣ ក្លឹប Spurs បាន​សម្រេច​ចិត្ត​តែងតាំង​លោក Ange Postecoglou ដែល​ធ្លាប់​ដឹកនាំ​យ៉ាង​ជោគជ័យ​នៅ​ក្លឹប​ស្កុតឡែន Celtic។ បើ​ទោះ​ជា​ជោគជ័យ​បែប​នេះ​ក្ដី លោក​មិន​ដែល​មាន​បទ​ពិសោធន៍​ដឹកនាំ​ក្លឹប​ធំៗ​ឡើយ​នៅ​អឺរ៉ុប។ ហេតុ​នេះ​ហើយ កាល​ពី​ពេល​ដែល​តែងតាំង​លោក​ដំបូងៗ ​អ្នក​គាំទ្រ​ក្លឹប​ជា​ច្រើន​បាន​ទិតៀន​សេចក្ដី​សម្រេច​ចិត្ត​របស់​ក្លឹប។

ទោះ​ជា​យ៉ាង​ណា ក្រោម​ការ​ដឹកនាំ​របស់​លោក Postecoglou ក្លឹប Tottemham Hotspur បាន​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ ហើយ​ទទួល​បាន​ការ​សរសើរ​ជា​ច្រើន​ពី​មជ្ឈដ្ឋាន​បាល់ទាត់​ជា​ច្រើន៕

ប្រភព៖ 90min អត្ថបទ៖ សេរី មង្គល

មតិយោបល់
អត្ថបទថ្មី