• 2023-10-03 12:18:04
  • បាល់ទាត់

មក​ស្គាល់​កីឡាករ​បាល់ទាត់​អាជីព​វ័យ​ចំណាស់​ជាង​គេ​លើ​ពិភពលោក

  • 2023-10-03 12:18:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​បាល់ទាត់​អាជីព​ដែល​មាន​វ័យ​ចំណាស់​ជាង​គេ​លើ​ពិភពលោក​គឺ​កីឡាករ Kazuyoshi Miura។

ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ជប៉ុន Miura បច្ចុប្បន្ន​មាន​វ័យ ៥៦ ឆ្នាំ ហើយ​កំពុង​ប្រកប​មុខរបរ​ជា​កីឡាករ​បាល់ទាត់​អាជីព​នៅ​ក្លឹប Oliveirense ដែល​ជា​ក្លឹប​ស្ថិត​នៅ​លីគ​ព័រទុយហ្គាល់​លំដាប់​ទី ២។ Miura លេង​នៅ​ទីនោះ​ក្នុង​នាម​ជា​កីឡាករ​ខ្ចី​ជើង​ពី​ក្លឹប​ជប៉ុន Yokohama។

Miura ចាប់​ផ្ដើម​អាជីព​បាល់ទាត់​កាល​ពី​ ៣៧ ឆ្នាំ​មុន ពោល​គឺ​នៅ​ឆ្នាំ ១៩៨៦ នៅ​ក្លឹប​ប្រេស៊ីល Santos ហើយ​បន្ទាប់​មក​នៅ​ក្លឹប​ជា​ច្រើន​នៅ​ប្រេស៊ីល ក្រូអាត អ៊ីតាលី និង​ជប៉ុន។ ពី​ឆ្នាំ ២០០១-២០០៥ កីឡាករ​លេង​នៅ​ក្លឹប Vissel Kobe ហើយ​ចាប់​ពី​ឆ្នាំ ២០០៥ មក​រហូត​មក​ពេល​បច្ចុប្បន្ន គឺ​លេង​នៅ​ក្លឹប​ Yokohama ដែល​ជា​ក្លឹប​ស្ថិត​ក្នុង​លីគ​កំពូល​ជប៉ុន។ ក្នុង​អំឡុង​ពេល​នៅ​ជាមួយ Yokohama កីឡាករ​ធ្លាប់​ត្រូវ​បាន​ខ្ចី​ជើង​ចំនួន​បី​លើក គឺ​លើក​ទី ១ នៅ​ក្លឹប Sydney នៅ​ឆ្នាំ​ ២០០៥ លើក​ទី ២ នៅ​ក្លឹប Suzuka Point Getters នៅ​ឆ្នាំ ២០២២ និង​ក្លឹប​ព័រទុយហ្គាល់ Oliveirense នៅ​ឆ្នាំ ២០២៣។

គិត​តាំង​ពី​ថ្ងៃ​ចូល​លេង​អាជីព​ដំបូង​រហូត​ដល់​បច្ចុប្បន្ន​ ខ្សែ​ប្រយុទ្ធ​លេង ៧៨៧ ប្រកួត និង​ស៊ុត​ចូល ២១៨ គ្រាប់។

Kazuyoshi Miura ធ្លាប់​លេង​ឲ្យ​ក្រុម​ជម្រើស​ជាតិ​ជប៉ុន​ពី​ឆ្នាំ ១៩៩០ ដល់​ឆ្នាំ ២០០០ ដោយ​លេង​សរុប ៨៩ ប្រកួត និង​ស៊ុត​ចូល ៥៥ គ្រាប់។

យោង​តាម​ការ​ចុះ​ផ្សាយ​របស់ BBC កីឡាករ Miura ធ្លាប់​បាន​និយាយ​ថា ចង់​បន្ត​លេង​អាជីព​រហូត​ដល់​អាយុ ៦០ ទើប​ចូល​និវត្តន៍៕

ប្រភព៖ BBC អត្ថបទ៖ សេរី មង្គល

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី