/65116f4cb8ab0_1695641400_medium.jpg)
- 2023-09-25 12:03:06
- បាល់ទាត់
កាតលឿង កាតក្រហម ក្នុងបាល់ទាត់មានកំណើតនៅឆ្នាំណា?
- 2023-09-25 12:03:06
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កាតលឿង កាតក្រហម ក្នុងបាល់ទាត់មានកំណើតនៅឆ្នាំណា?
ចន្លោះមិនឃើញ
ចំពោះអ្នកតាមដាន និងស្នេហាវិស័យបាល់ទាត់ ពិតជាដឹងអំពីការពិន័យក្នុងបាល់ទាត់ក្នុងនោះរួមមានកាតលឿង និងកាតក្រហម។
ឧទាហរណ៍នៅពេលកីឡាករណាមួយប្រព្រឹត្តកំហុសលើដៃគូប្រកួត អាជ្ញាកណ្ដាលនឹងផ្ដល់កាតលឿងម្ដងជាការព្រមាន ហើយនៅតែបន្តប្រព្រឹត្តខុសឆ្គងទៀត កីឡាករនោះនឹងទទួលបានកាតលឿងម្ដងទៀត។ ការណ៍ដែលកីឡាករនោះទទួលបានកាតលឿងពីរដង ស្មើនឹងទទួលកាតក្រហមម្ដង ហើយត្រូវបានបណ្ដេញចេញពីការប្រកួតតែម្ដង រួចទទួលការពិន័យមិនឲ្យចូលប្រកួតនៅការប្រកួតបន្ទាប់។
ក្នុងករណីកីឡាករណាមួយប្រព្រឹត្តកំហុសធ្ងន់ធ្ងរទៅលើគូប្រកួតដូចជាការប្រើអំពើហិង្សា ឬពាក្យសំដីប្រមាថធ្ងន់ធ្ងរជាដើម ហើយអាជ្ញាកណ្ដាលចាប់បាន នោះអាជ្ញាកណ្ដាលច្រើនតែផ្ដល់កាតក្រហមតែម្ដង។ ការទទួលកាតក្រហម មានន័យថា កីឡាករដៃដល់ នឹងត្រូវបានអាជ្ញាកណ្ដាលបណ្ដេញចេញពីការប្រកួត ហើយរងពិន័យមិនឲ្យចូលលេងជាទូទៅចំនួន ៣ ប្រកួត។ នេះបើតាមច្បាប់បាល់ទាត់ទូទៅដែលត្រូវបានអនុវត្តក្នុងលីគកំពូលជាច្រើននៅអឺរ៉ុប។
ក្នុងន័យនេះ តើការផ្ដល់កាតលឿង ឬកាតក្រហមនេះត្រូវបានអនុវត្តតាំងពីឆ្នាំណា?
យោងតាមការចុះផ្សាយរបស់គណៈកម្មការអូឡាំពិកអន្តរជាតិ ការផ្ដល់ការព្រមាន ឬបណ្ដេញកីឡាករដែលឆ្គាំឆ្គងមិនមែនជារឿងថ្មីនោះទេ គឺមានចាប់តាំងពីបាល់ទាត់ទំនើបកកើតជាដុំកំភួនមកម្ល៉េះកាលពីសតវត្សទី ១៩។ ទោះជាយ៉ាងណា ការផ្ដល់ជាកាតលឿង ឬកាតក្រហមដោយអាជ្ញាកណ្ដាលគឺទើបតែចាប់ផ្ដើមជាផ្លូវការនៅព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ ១៩៧០។ ក្នុងព្រឹត្តិការណ៍នោះ ប្រទេសម៉ិកស៊ិកគឺជាម្ចាស់ផ្ទះ។
មូលហេតុចម្បងដែលឈានឲ្យសហភាពសហព័ន្ធបាល់ទាត់អន្តរជាតិហៅកាត់ថា FIFA សម្រេចអនុវត្តច្បាប់នេះ គឺដោយសារតែដើម្បីសម្រួលដល់ការប្រាស្រ័យទាក់ទងគ្នាជាពិសេសរវាងអាជ្ញាកណ្ដាល និងកីឡាករ។ ក្នុងការប្រកួតបាល់ទាត់អន្តរជាតិ ទាំងអាជ្ញាកណ្ដាល និងកីឡាករអាចនិយាយភាសាខុសគ្នា ហើយពិបាកទាក់ទងគ្នា ជាពិសេសនៅពេលមានស្ថានភាពតានតឹងដូចជាការចាប់កំហុស និងពិន័យជាដើម។ ដូច្នេះហើយ ការប្រើប្រាស់កាតលឿង ឬកាតក្រហមបង្កភាពងាយស្រួលក្នុងការបញ្ជាក់ច្បាស់ៗពីការពិន័យពីសំណាក់អាជ្ញាកណ្ដាលទៅកាន់កីឡាករដែលបានប្រព្រឹត្តិកំហុសឆ្គងទៅលើគូប្រកួត៕