/64f9b7519db48_1694086980_medium.jpg)
- 2023-09-07 11:49:44
- បាល់ទាត់
ដឹងទេ ធ្លាប់មានអ្នកចាំទីលេងអត់ពាក់ស្រោមដៃក្នុងប្រកួតធំមួយ
- 2023-09-07 11:49:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដឹងទេ ធ្លាប់មានអ្នកចាំទីលេងអត់ពាក់ស្រោមដៃក្នុងប្រកួតធំមួយ
ចន្លោះមិនឃើញ
ជាទូទៅ ហើយជាទម្លាប់ ក្នុងពិភពបាល់ទាត់ទំនើប អ្នកចាំទីគឺតែងពាក់ស្រោមដៃ។ អ្នកចាំទីប្រើស្រោមដៃ ដើម្បីជួយបង្កើនសុវត្ថិភាព និងប្រសិទ្ធភាពរបស់កីឡាករនៅពេលបំពេញតួនាទីចាំទីមិនឲ្យក្រុមគូប្រកួតស៊ុតចូលបាន។
ទោះជាយ៉ាងណា យោងតាមការចុះផ្សាយរបស់ The Guardian មិនមានច្បាប់ទម្លាប់ណាមួយរបស់សហភាពសហព័ន្ធបាល់ទាត់ពិភពលោកហៅកាត់ថា FIFA ដែលតម្រូវថាអ្នកចាំទីគ្រប់រូបត្រូវតែពាក់ស្រោមដៃពេលលេងក្នុងការប្រកួតនោះទេ។ នេះបានន័យថា រឿងពាក់ ឬមិនពាក់ស្រោមដៃគឺជាសិទ្ធិសម្រេចរបស់អ្នកចាំទី។
ទោះជាយ៉ាងនេះក្ដី ក្នុងប្រកួតធំៗកម្រណាស់ ឃើញអ្នកចាំទីមិនប្រើស្រោមដៃ។ នេះមិនមែនមានន័យថាមិនធ្លាប់មាននោះទេ។
ព្រឹត្តិការណ៍ដ៏ចម្លែក ហើយគួរឲ្យចាប់អារម្មណ៍មួយនេះ បានកើតឡើងក្នុងការប្រកួតវគ្គ ៨ ក្រុមចុងក្រោយនៃកម្មវិធី Euro ឆ្នាំ ២០០៤ កាលពីថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០០៤ រវាងក្រុមជម្រើសជាតិព័រទុយហ្គាល់ និងអង់គ្លេស។ ការប្រកួតបានបញ្ចប់ក្នុងលទ្ធផល ២ ទល់នឹង ២ បន្ទាប់ពីថែមម៉ោងរួច។ ដូច្នេះ មានន័យថាការប្រកួតត្រូវកាត់សេចក្ដីដោយការទាត់បាល់ ១១ ម៉ែត្រ។ ជាលទ្ធផល ព័រទុយហ្គាល់ បានយកឈ្នះអង់គ្លេសក្នុងវគ្គទាត់បាល់ ១១ ម៉ែត្រក្នុងលទ្ធផល ៦ ទល់នឹង ៥។
កីឡាករដែលមិនបានប្រើស្រោមដៃក្នុងប្រកួតនោះ គឺ អ្នកចាំទី Ricardo មកពីខាងព័រទុយហ្គាល់។ តាមពិតទៅ ក្នុងអំឡុងពេលប្រកួតផ្លូវការ កីឡាកររូបនេះបានប្រើស្រោមដៃ។ ទោះជាយ៉ាងណា ពេលដែលដល់វគ្គចុងក្រោយនៃការទាត់បាល់ ១១ ម៉ែត្រ ស្រាប់តែ Ricardo បង្កការភ្ញាក់ផ្អើលដោយបានដោះស្រោមដៃចេញ ហើយចាំទីចាប់បាល់ពីកីឡាករមកពីក្រុមជម្រើសជាតិអង់គ្លេស។
អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺកីឡាកររូបនេះជួយសង្គ្រោះបាល់ ១១ ម៉ែត្រនោះបានសម្រេចដោយមិនប្រើប្រាស់ស្រោមដៃ។ បន្ថែមពីលើនេះទៅទៀត បន្ទាប់ពីជួយសង្គ្រោះបាល់រួច ដល់វេន Ricardo ជាអ្នកទាត់បាល់ ១១ ម៉ែត្រម្ដង ហើយកីឡាកររូបនេះធ្វើការទាត់ចូលបានសម្រេច ជួយឲ្យព័រទុយហ្គាល់ឈ្នះក្រុមអង់គ្លេសឡើងទៅវគ្គបន្ទាប់។
ព័រទុយហ្គាល់ក៏បន្តដំណើររហូតដល់វគ្គផ្ដាច់ព្រ័ត្រ តែបែរជាចាញ់ក្រិកទៅវិញ ធ្វើឲ្យមិនបានលើកពាន Euro ឆ្នាំ ២០០៤។
សូមទស្សនាទិដ្ឋភាពសំខាន់ៗនៃការប្រកួតរវាងព័រទុយហ្គាល់ និងអង់គ្លេសក្នុងកម្មវិធី Euro ឆ្នាំ ២០០៤ ដូចខាងក្រោម៖៕