- 2023-09-07 04:57:02
- ព័ត៌មាន
វ៉ាត់ ចំរើន៖ ការអប់រំកាយ និងកីឡា ជាវិស័យប្រកួតប្រជែង ត្រូវធ្វើឲ្យមានលទ្ធផលប្រែប្រួល និងច្បាស់លាស់
- 2023-09-07 04:57:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វ៉ាត់ ចំរើន៖ ការអប់រំកាយ និងកីឡា ជាវិស័យប្រកួតប្រជែង ត្រូវធ្វើឲ្យមានលទ្ធផលប្រែប្រួល និងច្បាស់លាស់
ចន្លោះមិនឃើញ
មន្ដ្រីជាន់ខ្ពស់ នៃក្រសួងទេសចរណ៍ និងក្រសួងអប់រំ យុវជន និងកីឡា ដែលជាថ្នាក់ដឹកនាំវិស័យអប់រំកាយ និងកីឡា បានរៀបចំពិធីសំណេះសំណាលមួយជាមួយថ្នាក់ដឹកនាំ ព្រមទាំងលោកគ្រូអ្នកគ្រូនៅក្នុងអគ្គនាយកដ្ឋានអប់រំកាយ និងកីឡា ក្រោមអធិបតីភាពលោក វ៉ាត់ ចំរើន នៅព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣។
បន្ទាប់ពីបង្ហាញការស្វាគមន៍ចំពោះអ្នកចូលរួម រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិក លោក វ៉ាត់ ចំរើន បានសង្កត់ធ្ងន់លើការអនុវត្ដការងារជាក់ស្ដែងរបស់នាយកដ្ឋាននានា នៃអគ្គនាយកដ្ឋានអប់រំកាយ និងកីឡា ដែលជាសេនាធិការរបស់ក្រសួងអប់រំ ត្រូវធ្វើឲ្យមានលទ្ធផលប្រែប្រួលច្បាស់លាស់ ព្រោះការអប់រំកាយ និងកីឡា គឺជាវិស័យប្រកួតប្រជែងជាមួយបណ្ដាប្រទេសផ្សេងៗ។
បើតាមលោក វ៉ាត់ ចំរើន ដើម្បីទទួលបានកំណើនលទ្ធផលការងារក្នុងវិស័យអប់រំកាយ និងកីឡាច្បាស់លាស់ គឺត្រូវផ្ដើមចេញពីប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ប្រើធនធានមនុស្សឲ្យត្រូវកន្លែង ហើយបន្ដបណ្ដុះធនធានកីឡាថ្មីៗឲ្យច្រើន។ ត្រង់ចំណុចនេះ លោកបង្ហើបថារូបលោកផ្ទាល់បានជួបជាមួយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីសុំឲ្យលោកជួយស្នើសុំទៅប្រទេសជឿនលឿនខាងសេដ្ឋកិច្ច និងកីឡាដែលលោកបានអញ្ជើញទៅដល់ក្នុងដំណើរបេសកកម្មផ្លូវរដ្ឋឲ្យជួយស្វែងរកអាហារូបករណ៍ពីប្រទេសទាំងនោះ ដើម្បីឲ្យមន្ដ្រីកីឡារបស់កម្ពុជាបានទៅសិក្សាបន្ថែម។
អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិអូឡាំពិក រូបនេះ បញ្ជាក់ថា នៅក្នុងអាណត្ដិទី៧ នៃរាជរដ្ឋាភិបាល បានដាក់គោលនយោបាយ និងតាមដានការអនុវត្ដការងារអប់រំកាយ និងកីឡា យ៉ាងម៉ឺងម៉ាត់ ដោយសើររើលើការគ្រប់គ្រង និងដឹកនាំរបស់នាយកដ្ឋាននីមួយៗ ក្នុងគោលដៅធ្វើឲ្យមានប្រសិទ្ធភាពការងារខ្ពស់ ច្បាស់លាស់ ដោយផ្អែកលើគោលនយោបាយរបស់រាជរដ្ឋាភិបាល។ ដូច្នេះមន្ដ្រីគ្រប់រូប ត្រូវប្រឹងប្រែង មិនដំអក់ ឬចាំមើលបំណាំគ្នាឡើយ ដោយរក្សាពាក្យស្លោកថា៖ “ក្មេងមានកម្លាំង ចាស់ដឹងផ្លូវ”៕