• 2023-07-28 11:00:21
  • បាល់ទាត់

Icardi នឹង​ចូល​រួម​ជា​ផ្លូវ​ការ​ជាមួយ​ក្លឹប​ទួរគី

  • 2023-07-28 11:00:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ Mauro Icardi នឹង​ចូល​រួម​ជា​ផ្លូវ​ការ​ជាមួយ​ក្លឹប​ទួរគី Galatasaray។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ធំៗ​ដូច​ជា Sky Sport ជា​ដើម។

យោង​តាម​ប្រភព​ Fabrizio Romano កីឡាករ​អាហ្សង់ទីន​ Icardi កំពុង​នៅ​ទួរគី​នា​ពេល​បច្ចុប្បន្ន​ដើម្បី​បង្ហើយ​នីតិ​វិធី​មួយ​ចំនួន​ដើម្បី​ត្រៀម​ចូល​រួម​ជា​ផ្លូវ​ការ​ជាមួយ Galatasaray ពី​ក្លឹប​យក្ស​បារាំង PSG។ បើ​តាម​ប្រភព​ដដែល PSG នឹង​ទទួល​បាន​តម្លៃ​ផ្ទេរ​ប្រមាណ ១០ លាន​អឺរ៉ូ​ពី​ក្លឹប​ទួរគី។

តាម​ពិត​ទៅ Icadi ធ្លាប់​លេង​ឲ្យ Galatasaray មួយ​រដូវ​កាល​ទៅ​ហើយ​កាល​ពី​រដូវ​កាល​មុន តែ​កាល​នោះ​លេង​ក្នុង​នាម​ជា​កីឡាករ​ខ្ចី​ជើង។ កីឡាករ​វ័យ ៣០ ឆ្នាំ​បាន​បង្ហាញ​ទម្រង់​លេង​ល្អ​ដោយ​ស៊ុត​ចូល ២៣ គ្រាប់ ក្នុង ២៦ ប្រកួត​ឲ្យ​ក្លឹប​ទួរគី។ នេះ​អាច​ជា​កត្តា​សំខាន់​មួយ​ដែល​ក្លឹប​ទួរគី​សម្រេច​បន្ត​ចង់​បាន​កីឡាករ​រូប​នេះ។

Icardi ធ្លាប់​ជា​កីឡាករ​ឆ្នើម​កាល​ពី​មុន ជា​ពិសេស​កាល​នៅ​លេង​ឲ្យ​ក្លឹប​អ៊ីតាលី Inter Milan កាល​ពី​ឆ្នាំ ២០១៣ ដល់ ២០១៩។ កីឡាករ​លេង​សរុប​ឲ្យ​ក្លឹប ២១៩ លើក និង​ស៊ុត​ចូល ១២៤ គ្រាប់។

កីឡាករ​ក៏​ផ្លាស់​ទៅ​លេង​ឲ្យ PSG កាល​ពី​ ២០១៩ ហើយ​លេង​រហូត​ដល់​ឆ្នាំ ២០២២។ ពេល​វេលា​នៅ​ក្លឹប​បារាំង​មិន​សូវ​កាក់​កប​ឡើយ​សម្រាប់​ Icardi។ ខ្សែ​ប្រយុទ្ធ​រូប​នេះ​​ច្រើន​លេង​ជា​កីឡាករ​បម្រុង ហើយ​ចូល​លេង​បាន​តែ ៩២ លើក​ប៉ុណ្ណោះ ហើយ​ស៊ុត​ចូល ៣៨ គ្រាប់៕

ប្រភព៖ Twitter ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់
អត្ថបទពេញនិយម