• 2023-07-21 06:24:38
  • បាល់ទាត់

អង្គការ​ HFCA​ ចុះ​កិច្ចសហការ​ជា​មួយ​ CJ​ Coaching​ ដើម្បី​ពង្រឹង​គុណភាព​បាល់ទាត់​ឲ្យ​កាន់​តែ​ល្អ​ប្រសើរ​

  • 2023-07-21 06:24:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​រសៀល​ថ្ងៃ​ទី២០​ ខែ​កក្កដា​ ម្សិលមិញ​នេះ​អង្គការ​បាល់ទាត់​រីករាយ​កម្ពុជា​ អូស្រ្តាលី ​ ឬ​ហៅ​ថា​ HFCA​ បាន​ចុះ​កិច្ច​សហការ​ភាព​ជា​ដៃគូ​ជា​មួយ​អង្គការ CJ Coaching​ គោល​បំណង​ជួយ​ពង្រឹង​សមត្ថភាព​គ្រូ​បង្វឹក​ កីឡាករ​ កីឡា​ការិនី​ ឲ្យ​រឹតតែ​ល្អ​ជាង​មុន​លើ​វិស័យ​បាល់ទាត់។​

ទិដ្ឋភាពម្សិលមិញ

លោក Paraic Grogan​ ស្ថាបនិក​អង្គការ​ HFCA​ បាន​ឲ្យ​ដឹង​ថា​ កិច្ចសហការ​ភាព​ជា​ដៃគូ​ជា​មួយ​ CJ Coaching​ គឺ​មាន​រយៈពេល​២ឆ្នាំ​លើ​ការ​ជួយ​បណ្ដុះបណ្ដាល​ជំនាញ​បច្ចេកទេស​ដល់​គ្រូ​បង្វឹក​បាល់ទាត់​របស់​ HFCA។​ កត្តា​ដែល​អង្គការ​របស់​លោក​សម្រេច​សហការ​ជា​មួយ​អង្គការ​ CJ Coaching​ គឺ​ដោយ​សារ​តែ​អង្គការ​មួយ​នេះ​​សំបូរ​ធនធាន​ល្អៗ​ពិសេស​គ្រូ​បង្វឹក​ដែល​មាន​បទ​ពិសោធ​ខ្ពស់​ជា​ច្រើន​មក​ពី​អឺរ៉ុប​ជា​ដើម។​

ស្ថាបនិក​អង្គការ​ HFCA​ ខាង​លើ​នេះ​ជឿជាក់​ថា​ ការ​សហការ​ជា​មួយ​ CJ Coaching ​នឹង​ជួយ​បាន​ច្រើន​ដល់​ HFCA​ ក្នុង​ការ​បង្ហាត់​បង្រៀន​ដល់​គ្រូៗ​ទាំង​នៅ​ភ្នំពេញ​ក៏​ដូច​ជា​សៀមរាប​ឲ្យ​រឹតតែ​មាន​គុណភាព​ខ្ពស់​ និង​ច្រើន​ដល់​កីឡាករ​ កីឡា​ការិនី​ យុវជន​ និង​កុមារា កុមារី​ ផង​ដែរ។​

លោក Paraic Grogan(ឆ្វេង) លោក Jay Wood(ស្ដាំ)

លោក Jay Wood ប្រធាន​ផ្នែក​ប្រតិបត្តិការ​ CJ Coaching​ ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា​ លោក​នឹង​ប្ដេជ្ញាចិត្ត​នាំ​យក​គ្រូ​បង្វឹក​ដែល​មាន​សមត្ថភាព​ពិសេស​មក​ពី​ប៉ែក​អឺរ៉ុប​ដូច​ជា​អង្គគ្លេស​ និង​អេកឡង់​ដើម្បី​ជួយ​បង្វឹក​គ្រូៗ​បាល់ទាត់​នៅ​កម្ពុជា​ឆ្ពោះ​ទៅ​កាន់​តែ​ល្អ​ប្រសើរ​ និង​ភាព​ជា​អាជីព។​ លោក​បន្ថែម​ទៀត​ថា​ អង្គការ​ HFCA​ គឺ​ធ្វើ​ការ​បាន​ល្អ​មែនទែន​ពិសេស​វិស័យ​បាល់ទាត់​ជា​មួយ​ក្រុម​កុមារ​កម្ពុជា​កន្លង​ទៅ​ ហេតុ​នេះ​ហើយ​ទើប​លោក​ក៏​ដូច​ជា​ CJ Coaching​ ចង់​រួម​ចំណែក​ក្នុង​ការ​កសាង​ធនធាន​បាល់ទាត់​នេះ​ឲ្យ​រឹតតែ​សំបូរ​បន្ថែម​ទៀត។​

ទិដ្ឋភាពម្សិលមិញ

បញ្ជាក់​ដែរ​ថា​ HFCA ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​ ២០០៥​ ជា​អង្គការ​មិនមែន​រដ្ឋាភិបាល​មួយ​ក្នុង​គោលបំណង​ផ្ដល់​កម្លាំង​ចិត្ត​ដល់​យុវជន​ក្រីក្រ​ក្នុង​ប្រទេស​កម្ពុជា​តាម​រយៈ​កីឡាបាល់ទាត់។​ HFCA ធានា​លទ្ធភាព​ដល់​យុវជន​ក្រីក្រ​ទទួល​បាន​ការ​ហ្វឹកហាត់​ដែល​មាន​គុណភាព​ខ្ពស់​ ការ​កសាង​ក្រុម​ និង​ឱកាស​ក្នុង​ការ​ប្រមូល​ផ្តុំ។​ នេះ​ជា​ការ​គាំទ្រ​ចំពោះ​សុខុមាលភាព​ សុខភាព​ផ្លូវ​ចិត្ត​ ការ​ជឿជាក់​លើ​ខ្លួនឯង​ និង​មាគ៌ា​ដ៏​សំខាន់​ឆ្ពោះ​ទៅ​រក​ឱកាស​បន្ថែម​ទៀត​ដោយ​អភិវឌ្ឍ​ជំនាញ​ទន់​ដើម្បី​ទទួល​បាន​ភាព​ជោគជ័យ​ក្នុង​ការ​អប់រំ​ និង​អាជីព​ការងារ៕​

ទិដ្ឋភាពម្សិលមិញ

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់