• 2023-07-19 11:52:26
  • បាល់ទាត់

Felix ចង់​ទៅ​លេង​ឲ្យ Barca

  • 2023-07-19 11:52:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ Joao Felix មាន​ចេតនា​ចង់​ទៅ​ឲ្យ​ក្លឹប Barcelona។ នេះ​បើ​តាម​សម្ដី​ផ្ទាល់​របស់​កីឡាករ​វ័យ ២៣ ឆ្នាំ ប្រាប់​ទៅ​កាន់​អ្នក​សារព័ត៌មាន Fabrizio Romano។

Felix បាន​និយាយ​ថា Barcelona គឺ​ជា​ជម្រើស​ទី​មួយ​សម្រាប់​រូប​គេ ហើយ​រូប​គេ​ពិត​ជា​ចង់​ចូល​រួម​ជាមួយ​ក្លឹប​មួយ​នេះ។ កីឡាករ​ព័រទុយហ្គាល់​បាន​បន្ត​ថា ការ​លេង​ឲ្យ​ Barca គឺ​ជា​សុបិន​របស់​គេ​តាំង​ពី​តូច​មក ហើយ​បើ​សិន​ជា​បាន​ឱកាស​លេង​ឲ្យ Barca នោះ​សុបិន​របស់​រូប​គេ​នឹង​ក្លាយ​ជា​ការ​ពិត។

មិន​ទាន់​មាន​របាយការណ៍​ណា​មួយ​ដែល​អាច​បញ្ជាក់​ថា Barca ឆ្លើយ​តប​យ៉ាង​ណា​ឡើយ​ចំពោះ​ពាក្យ​សម្ដី​សាធារណៈ​បែប​នេះ​របស់ Felix។

Felix បាន​មក​ចូល​រួម​ជាមួយ​ Atletico Madrid កាល​ពី​ខែ​កក្កដា​ ឆ្នាំ​២០១៩ ក្នុង​តម្លៃ​ផ្ទេរ​ប្រមាណ ១៣០លាន​អឺរ៉ូ។ តម្លៃ​នេះ​ធ្វើ​ឲ្យ​កីឡាករ​ព័រទុយហ្គាល់​ស្ថិត​ក្នុង​ចំណោម​កីឡាករ​ដែល​មាន​តម្លៃ​ផ្ទេរ​ថ្លៃ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់។

កីឡាករ​លេង​សរុប​ឲ្យ​ក្លឹប​អេស្ប៉ាញ​ចំនួន ១៣១ ប្រកួត និង​ស៊ុត​ចូល ៣៤ គ្រាប់។ កាល​ពី​មក​ចូល​រួម​ពីរ​-បី រដូវ​កាល​ដំបូង​ៗ​ កីឡាករ​បាន​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ​ឲ្យ​ក្លឹប បើ​ទោះ​ជា​មាន​បញ្ហា​ខ្លះ​ដូច​ជា​បញ្ហា​របួស​ជា​ដើម។ ទោះ​ជា​យ៉ាង​ណា កាល​ពី​អំឡុង​ចុង​ឆ្នាំ​មុន កីឡាករ​ផ្ដើម​មាន​បញ្ហា​ធ្ងន់ធ្ងរ​ធ្វើ​ការ​មិន​កើត​ជាមួយ​លោក Diego Simone ដែល​ជា​អ្នក​ចាត់​ការ AT Madrid។

ដោយ​បញ្ហា​នេះ មាន​ការ​បាច​ទឹក​ដាក់​គ្នា​រវាង​ភាគី​ទាំង​ពីរ​ជា​ពិសេស​ពេល​សម្ភាសន៍​ជាមួយ​អ្នក​សារព័ត៌មាន ដែល​ធ្វើ​ឲ្យ​ការ​ជា​នា​គ្នា​មាន​ការ​លំបាក ហើយ​ជា​លទ្ធផល Felix មិន​អាច​បន្ត​នៅ​ជាមួយ AT បាន។

ក្រោយ​ពិភាក្សា​គ្នា ភាគី​ក្លឹប និង​ភាគី​កីឡាករ​សម្រេច​ផ្ទេរ​ទៅ​លេង​នៅ​ Chelsea ក្នុង​នាម​ជា​កីឡាករ​ខ្ចី​ជើង​កាល​ពី​ខែ​មករា​ដើម​ឆ្នាំ​នេះ។ ទោះ​ជា​យ៉ាង​ណា ដោយ​ Chelsea កំពុង​មាន​បញ្ហា​ផ្សេងៗ ហើយ​ធ្លាក់​ទម្រង់​លេង កីឡាករ​ Felix ក៏​លេង​មិន​សូវ​បាន​ល្អ​ឡើយ ដោយ​លេង​បាន​តែ ២០ លើក និង​ស៊ុត​ចូល ៤ គ្រាប់​ប៉ុណ្ណោះ។ ទម្រង់​លេង​បែប​នេះ Chelsea មិន​ទទួល​យក​បាន​ឡើយ រួច​ក៏​សម្រេច​បញ្ជូន Felix ឲ្យ AT Madrid វិញ។

នា​ពេល​នេះ សេចក្ដី​រាយការណ៍​ជា​ច្រើន​បាន​លើក​ឡើង Felix កំពុង​រិះ​រក​វិធី​ចេញ​ពី AT។ ទោះ​ជា​យ៉ាង​ណា​ ប្រភព​សាធារណៈ​មួយ​ចំនួន​បាន​ឲ្យ​ដឹង​ថា មាន​តែ​ក្លឹប​អង់គ្លេស Aston Villa មួយ​ប៉ុណ្ណោះ​ដែល​កំពុង​ចាប់​អារម្មណ៍ និង​ចង់​ដាក់​សំណើ​ផ្ទេរ​យក Felix៕

ប្រភព៖ Marca ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់
អត្ថបទថ្មី