- 2023-07-03 13:36:51
- បាល់ទាត់
Roma ចង់ខ្ចីជើងខ្សែប្រយុទ្ធ Greenwood
- 2023-07-03 13:36:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Roma ចង់ខ្ចីជើងខ្សែប្រយុទ្ធ Greenwood
ចន្លោះមិនឃើញ
ក្លឹបអ៊ីតាលី Roma មានបំណងចង់ខ្ចីជើងខ្សែប្រយុទ្ធ Mason Greenwood ពីក្លឹប Manchester United។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Sun។
អ្នកចាត់ការក្លឹប Roma លោក Jose Mourinho ត្រូវបានរាយការណ៍ថា ចាប់អារម្មណ៍ចង់ខ្ចីជើងខ្សែប្រយុទ្ធ Greenwood ដោយលោកសម្លឹងឃើញសក្ដានុពលរបស់កីឡាករវ័យ ២១ ឆ្នាំរូបនេះ។ បើតាមរបាយការណ៍ចុងក្រោយ ក្លឹបបិសាចក្រហមក៏ចង់ឲ្យកីឡាកររូបនេះខ្ចីជើងទៅជាក្លឹបសមរម្យណាមួយផងដែរ ដើម្បីឲ្យខ្សែប្រយុទ្ធបានទទួលនូវភាពជឿជាក់លើខ្លួនឯងឡើងវិញ បន្ទាប់ពីខានលេងបាល់ទាត់ជាផ្លូវការជាង ១ ឆ្នាំកន្លះរួចមកហើយ ដោយបញ្ហាផ្លូវច្បាប់មួយចំនួន។
បច្ចុប្បន្ន បិសាចក្រហមបន្តផ្អាកជាបណ្ដោះអាសន្នមិនឲ្យMason Greenwood ចូលរួមលេងប្រកួតផ្លូវការ ឬចូលហ្វឹកហាត់ជាមួយក្រុមឡើយ តែក្លឹបអនុញ្ញាតឲ្យកីឡាកររូបនេះបន្តហាត់តែឯងបាន។
គួរបញ្ជាក់ផងដែរ Greenwood ត្រូវបានចាប់ខ្លួនកាលពីខែមករា ឆ្នាំ២០២២កន្លងទៅ ក្រោយសង្សាររបស់ខ្លួន Harriet Robson បានបង្ហោះវីដេអូ និងរូបភាពកីឡាកររូបនេះវាយធ្វើបាបនាង។ យ៉ាងណានៅដើមខែកុម្ភៈ កីឡាករនេះត្រូវបានដោះលែងឲ្យនៅក្រៅឃុំ តែការស៊ើបអង្កេតនៅតែបន្ត ពាក់ព័ន្ធបទចោទ សង្ស័យមានចេតនាវាយធ្វើបាបប្រើអំពើហិង្សា រំលោភផ្លូវភេទ និងគំរាមសម្លាប់ លើនារីជាសង្សាររបស់ខ្លួននេះ ។ ក្រោយការស៊ើបអង្កេតជាង ១ ឆ្នាំកន្លងទៅ តុលាការសម្រេចទម្លាក់បទចោទមកលើកីឡាកររូបនេះកាលពីខែកុម្ភៈ ឆ្នាំ២០២៣នេះ។
ទោះជាទម្លាក់បទចោទក្ដី នៅមានរឿងផ្លូវច្បាប់មួយចំនួននៅបន្ត។ ដូច្នេះហើយទើប Man Utd បន្តផ្អាកកីឡាកររូបនេះមិនចូលលេង ឬហ្វឹកហាត់ជាមួយក្រុម។ ទោះជាយ៉ាងណា សេចក្ដីរាយការណ៍ចុងក្រោយជាច្រើន បានលើកឡើងថាអ្នកចាត់ការបិសាចក្រហម លោក Erik Ten Hag ពេញចិត្តនឹងសក្ដានុពលរបស់ Greenwood ហើយមិនចង់លក់កីឡាកររូបនេះឡើយ តែបើចាំបាច់អាចបណ្ដោយឲ្យកីឡាករខ្ចីជើងនៅក្លឹបសមរម្យណាមួយបាន៕