• 2023-06-29 01:11:00
  • ព័ត៌មាន

មានហេតុផលមួយទៀត អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា សម្រេចនាំលោកគ្រូ អេ ភូថង មករួមរស់ជាមួយ Galaxy Navatra

  • 2023-06-29 01:11:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានប្រកាសជាសាធារណៈនាថ្ងៃម្សិលមិញ អំពីរឿងទិញក្លឹបប្រដាល់លោកគ្រូប្រដាល់ អេ ភូថង ក្នុងនោះ ក្រៅពីគឺមិនចង់ឲ្យលោកគ្រូលក់ក្លឹបមួយនេះ គឺមានហេតុផលផ្សេងមួយទៀតទើបអ្នកឧកញ៉ា សម្រេចនាំយកលោកគ្រូអេ មករួមទ្រនំគ្រួសារ Galaxy Navatra។

អ្នកឧកញ៉ា បានប្រកាសនៅថ្ងៃនេះថា "ក្រុមការងារ ថ្នាក់ដឹកនាំ Galaxyសម្រេច មិនឱ្យគាត់លក់ក្លឹបនោះទេ។គឺGalaxyទទួលការផ្ទេរក្លឹបប្រដាល់គុនខ្មែរ របស់លោកគ្រូអេភូថង មករួមរស់ជាមួយគ្នាដើម្បីបង្កើត កម្មវិធីប្រដាល់ និងស្វែងរកSponsorដើម្បីចិញ្ចឹមជីវភាព របស់ក្លឹប គុនខ្មែរ"។

ការនាំយកអតីតស្ដេចប្រដាល់របស់កម្ពុជាមកចូលក្នុងគ្រួសារ Galaxy Navatra ដោយយោងលើហេតុផលថា ដើម្បីសម្រាលការលំបាករបស់ម្ចាស់ក្លឹប ដែលបច្ចុប្បន្នលោកមានជំងឺផង និងខ្វះលទ្ធភាពក្នុងការរក្សាស្ថិរភាពក្លឹបផង។ ដោយឡែកហេតុផលមួយផ្សេងទៀត ដែលបង្ហើបដោយមនុស្សជំនិតម្នាក់ របស់អ្នកឧកញ៉ា គឺថា អ្នកឧកញ៉ា គោរព ឲ្យតម្លៃដល់គ្រូប្រដាល់អេ ភូថងខ្លាំង។

“និយាយទៅ គឺគាត់ទិញហ្នឹងហើយ តែអ្នកឧកញ៉ានៅរក្សាឈ្មោះ អេ ភូថង ដដែល នោះក៏ព្រោះតែ Respect អេ ភូថង ខ្លាំង ចាត់ជានិមិត្តរូប ជាស្ដេចប្រដាល់ម្នាក់របស់កម្ពុជា បើគេផ្សេងតែគេទិញចូលក្រុមហ៊ុនគេ គេដាក់ឈ្មោះក្រុមហ៊ុនទាំងអស់បាត់ហើយ!”។

ក្រោយមករួមរស់ជាមួយ Galaxy Navatra Group ក្លឹបនេះត្រូវបានដោយរក្សានៅអត្តសញ្ញាណកេរ្តិ៍ឈ្មោះរបស់ លោកគ្រូ គឺក្លឹប “Galaxy Navatra អេភូថង គុនខ្មែរ"។ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានប្រកាសថា នឹងដំណើរក្លឹបនេះ ដើម្បីបណ្ដុះថ្នាលគុន្មែរ ដោយក្នុងនោះ អ្នកឧកញ៉ា ប្រកាសអាហារូបករណ៍ ជូនដំណឹងទៅដល់សិស្សទាំងអស់ចង់ក្លាយជាអ្នកប្រដាល់ដែលមានបំណងចង់ស្នងមរតកគុនខ្មែរ។

ការផ្ដល់ជូននេះ គឺសិស្សគុនខ្មែរអាហារូបករណ៍ដែលមានលក្ខខណ្ឌគ្រប់គ្រាន់ គឺមិនបាច់បង់ថ្លៃអ្វីទាំងអស់លើ ការហាត់ កន្លែងស្នាក់នៅ ហូបចុក មួយចប់តែម្ដង។

យ៉ាងណា សិស្សគុនទាំងនោះ ត្រូវមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ទើប លោកគ្រូអេភូថងទទួល។ អ្នកឧកញ៉ា ប្រកាសដែរថា បណ្ដាក្រុមហ៊ុនដែលមានបំណង ផ្សព្វផ្សាយផលិតផល តាមកម្មវិធីប្រដាល់ អាចទាក់ទងមកបានមុន និងមាន លក្ខខណ្ឌពិសេសបំផុតជូន។ ធ្វើបែបនេះ ដើម្បីក្លឹបបានចំណូលទ្រទ្រង់បេសកកម្ម បណ្ដុះថ្នាលប្រដាល់គុនខ្មែរយើង៕

អត្ថបទ៖ ទារិកា

មតិយោបល់
អត្ថបទថ្មី