• 2023-06-15 04:22:18
  • ព័ត៌មាន

ស្ថានទូតសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា ការប្រកួតកីឡាតេក្វាន់ដូដណ្ដើមពានរង្វាន់ឯកអគ្គរដ្ឋទូត ធ្វើឡើងជាផ្នែកមួយនៃព្រឹត្តិការណ៍ប្រចាំសប្តាហ៍របស់កូរ៉េ ឆ្នាំ ២០២៣

  • 2023-06-15 04:22:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅថ្ងៃពុធ ទី១៤ ខែមិថុនា ឆ្នាំ២០២៣ ស្ថានទូតនៃសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា បានរៀបចំការប្រកួតកីឡាតេក្វាន់ដូដណ្ដើមពានរង្វាន់ឯកអគ្គរដ្ឋទូតឆ្នាំ២០២៣ នៅអគារតេក្វាន់ដូ ប៊ូយ៉ុង-ខ្មែរ ក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក ។

ការប្រកួតកីឡាតេក្វាន់ដូដណ្ដើមពានរង្វាន់ឯកអគ្គរដ្ឋទូតលើកនេះ គឺផ្តោតលើកីឡាករ-កីឡាការិនីតេក្វាន់ដូជម្រើសជាតិកម្ពុជា ដែលបានចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍(ស៊ីហ្គេម) លើកទី៣២ ដែលប្រារព្ធឡើងនៅកម្ពុជា កាលពីខែឧសភាឆ្នាំនេះ វិញ្ញាសាដែលដាក់ឱ្យប្រកួតមាន វិញ្ញាសា ៣ប្រភេទទម្ងន់ ចែកជាបុរស-នារី វិញ្ញាសាសម្តែងមេគុន ចែកជាបុរស-នារី ចំនួន ២វិញ្ញាសា និងវិញ្ញាសាទាត់ល្បឿន ៤ប្រភេទទម្ងន់ ចែកជាបុរស-នារី ចំនួន ២វិញ្ញាសា។ ដោយមានក្រុមកីឡាករ-កីឡាការិនី សរុបចំនួន ៣៣២ នាក់ មកពីក្លឹបកីឡាតេក្វាន់ដូចំនួន ២៤ នៅរាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តសៀមរាប និងខេត្តបាត់ដំបង បានចូលរួមក្នុងព្រឹត្តិការណ៍ប្រកួតនេះ។

ឯកឧត្តម PARK Jung-Wook ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា

ឯកឧត្តម PARK Jung-Wook ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា បានអបអរសាទរចំពោះកម្ពុជា ដែលបានទទួលជោគជ័យក្នុងការធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍(ស៊ីហ្គេម) លើកទី៣២ ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រឆ្នាំនេះ ហើយលោកសង្ឃឹមថាកីឡាករ-កីឡាការិនីតេក្វាន់ដូវ័យក្មេងរបស់កម្ពុជានឹងរីកចម្រើនក្លាយជាអត្តពលិកតំណាងឱ្យប្រទេសកម្ពុជានាពេលអនាគត ដូចកីឡាការិនីតេក្វាន់ដូ ស៊ន សៀវម៉ី ដែលជាអ្នករត់កាន់ភ្លើងគប់ចុងក្រោយគេក្នុងដំណើការនៃពិធីបើកព្រឹត្តិការណ៍ស៊ីហ្គេម។

ការប្រកួតប្រជែងនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាកម្ពុជា និងជាប្រធានសមាគមតេក្វាន់ដូកម្ពុជា បានអញ្ជើញចូលរួមដោយផ្ទាល់ និងបានលើកទឹកចិត្តដល់អត្តពលិកតេក្វាន់ដូទាំងអស់ ហើយវីរកីឡាការិនីតេក្វាន់ដូកម្ពុជា ស៊ន សៀវម៉ី ក៏បានចូលរួម និងទាក់ទាញការចាប់អារម្មណ៍ផងដែរ។

កីឡាករ-កីឡាការិនីជ័យលាភីទាំង ១៦ រូបក្នុងការប្រកួតលើកនេះ ទទួលបានមេដាយ រួមជាមួយទូរសព្ទ Galaxy ស្មាតហ្វូន និងកាសស្តាប់ត្រចៀកឥតខ្សែ ដែលឧបត្ថម្ភដោយក្រុមហ៊ុន SAMSUNG Electronics ផ្តល់ជារង្វាន់។

លើសពីនេះ ស្ថានទូតសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា និងក្រុមហ៊ុន SAMSUNG Electronics បានរៀបចំស្តង់ផ្សព្វផ្សាយពិព័រណ៍ពិភពលោកប៊ូសានឆ្នាំ 2030 នៅកន្លែងប្រកួត និងធ្វើសកម្មភាពផ្សព្វផ្សាយអំពីពិព័រណ៍ពិភពលោកប៊ូសានឆ្នាំ 2030 ។

អត្ថបទ៖ ទារិកា

មតិយោបល់
អត្ថបទថ្មី