• 2023-05-31 05:02:24
  • ព័ត៌មាន

អាន ស៊ីណែត ​ថា​ប្រទេស​នេះ​ជា​ក្ដី​បារម្ភ​សម្រាប់​ខ្លួន​ក្នុង​ការ​ការពារ​មេដាយ​មាស

  • 2023-05-31 05:02:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អាន ស៊ីណែត ​កីឡា​ការិនី​បាល់​បោះ​ជិះ​រទះ ​(Wheelchair Basketball) ​កម្ពុជា មាន​ទំនុក​ចិត្ត​ក្នុង​ការ​ការពារ​មេដាយ​មាស​ប៉ារ៉ាហ្គេម​របស់​ខ្លួន ប៉ុន្តែ​ក៏​នៅ​ខ្វល់​ខ្លះ​ចំពោះ​គូ​ប្រជែង​ប្រទេស​ថៃ​ផង​ដែរ។

​អាន ស៊ីណែត ​បាន​ខំប្រឹង​ជម្នះ​តស៊ូ ​ឆ្លង​កាត់​ឧបសគ្គ​រាប់​មិនអស់​ក្នុង​នាម​ជន​ពិការ​ភាព​ម្នាក់​ រហូត​អាច​អភិវឌ្ឍ​ខ្លួន ​ក្លាយ​ជា​អត្តពលិក​ជម្រើស​ជាតិ​ ហើយ​មាន​សមត្ថភាព​ដណ្តើម​បាន​មេដាយ​មាស​ និង​មេដាយ​ប្រាក់​ជូន​ប្រទេស​ជាតិ ពី​ការ​ប្រកួត​អាស៊ាន​ប៉ារ៉ាហ្គេម​លើកទី​១១ នៅ​ប្រទេស​ឥណ្ឌូ​ណេស៊ី ​ឆ្នាំ២០២២។ ខណៈ​ដែល​អាស៊ាន​ប៉ារ៉ាហ្គេម​លើក​ទី​១២​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ ​ស៊ីណេត ​ក៏​នឹង​មាន​តួ​នាទី​ការពារ​មេដាយ​របស់​ខ្លួន​ផង​ដែរ។

​មុន​ការ​ប្រកួត​ដែល​នឹង​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ទី​៣​ខែ​មិថុនា​ឆ្នាំ​២០២៣​ខាង​មុខ​នេះ ​ស៊ីណែត ​បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ថា​៖ “ខ្ញុំ​សង្ឃឹម​ថា​យើង​នឹង​ទទួល​បាន​មេដាយ​ជូន​ជាតិ ប៉ុន្តែ​មិន​ទាន់​ច្បាស់​ថា​បាន​មេដាយ​មាស​ឬ​ប្រាក់​នោះ​ទេ។ ​បច្ចុប្បន្ន​យើង​បាន​ហាត់​ជាមួយ​គ្នា​ច្រើន ​សាមគ្គី​គ្នា​ជា​ក្រុម​បាន​ល្អ។ ​តែ​យ៉ាង​ណា​គេ​ក៏​ហាត់​យើង​ក៏​ហាត់ ដូច្នេះ​មិន​អាច​ធានា​បាន​១០០%​នោះ​ទេ។ ​សម្រាប់​ប្រទេស​ដែល​ជា​គូ​ប្រជែង​របស់​យើង ​ខ្ញុំ​គិត​ថា​ជា​ប្រទេស​ថៃ ព្រោះ​សមត្ថភាព​ពួកគាត់​ល្អ​ទាំង​ការ​ស៊ុត​ជិត និង​ឆ្ងាយ”។

​រំលឹក​ថា​អាស៊ាន​ប៉ារ៉ាហ្គេម​លើក​ទី​១២​នៅ​កម្ពុជា ​មាន​១៤​ប្រភេទ​កីឡា ​និង​៤៣១​វិញ្ញាសា។ ​ប្រទេស​អាស៊ាន​ទាំង​១១​​បាន​ចុះ​ឈ្មោះ​អត្តពលិក និង​មន្ត្រី​សរុប ២ ៦៩២​នាក់។ ការ​ប្រកួត​នឹង​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​៣​ដល់​៩​ខែ​មិថុនា​ឆ្នាំ​២០២៣​ខាង​មុខ៕

អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់
អត្ថបទថ្មី