• 2023-05-30 09:25:45
  • ព័ត៌មាន

កម្ពុជា ទទួល​អ្នកសារព័ត៌មាន​ជាតិ​និង​អន្ដរជាតិ​ជាង​៥០០នាក់ ​ មាន​អាហារ​សម្រន់​ឥត​គិត​ថ្លៃ​

  • 2023-05-30 09:25:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​សារព័ត៌មានជាតិ ​និងអន្តរជាតិ ​បានចុះឈ្មោះចូលរួមយកព័ត៌មាន នៅក្នុង​ព្រឹត្តិការណ៍​កីឡា​អាស៊ាន​ប៉ារ៉ាហ្គេម ​លើកទី១២ ឆ្នាំ២០២៣ ចំនួនជាង ៥០០នាក់ហើយ ក្នុងនោះ​មាន​អ្នក​សារព័ត៌មាន​អន្តរជាតិ​ជាង​១០០នាក់។ ​នេះ​បើ​តាម CAMSOC ​បាន​ចុះ​ផ្សាយ។

​តាម​ការ​បញ្ជាក់​របស់ឯកឧត្តម ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកព័ត៌មាន និង​សោតទស្សន៍ នៃក្រសួងព័ត៌មាន ​និង​ជាប្រធានគណៈកម្មការព័ត៌មាន និងផ្សព្វផ្សាយ នៃ​គណៈ​កម្មាធិការ​ជាតិ​ CAMSOC-CAMAPGOC ​បាន​គូស​បញ្ជាក់ថា​ ៖«ដូចគ្នានឹងស៊ីហ្គេម លើកទី៣២ ឆ្នាំ​២០២៣​ថ្មីៗ​នេះដែរ គឺយើងបានរៀបចំមជ្ឈមណ្ឌលព័ត៌មានកណ្តាល (MPC) សម្រាប់​អ្នកសារព័ត៌មានជា​តិ និង​អន្តរជាតិ ​ដោយ​កាល​ពី​ស៊ីហ្គេម គឺ​ទទួលបានការសហការ​ពី​អ្នក​ជំនាញ​មក​ពី​ក្រៅ​ប្រទេស ​ប៉ុន្តែសម្រាប់អាស៊ានប៉ារ៉ាហ្គេម លើកទី១២នេះ​ គឺ​ជាកិច្ច​សហការ​រៀបចំ​របស់​ស្ថានីយ​ទូរទស្សន៍​ក្នុង​ស្រុក​ទាំងអស់។ ​MPC អាចទទួលអ្នកសារព័ត៌មានជាតិ និង​អន្តរជាតិ​ចូលធ្វើកិច្ចការ​នៅក្នុងនេះ​ ក្នុងពេលតែមួយពី ២៥០នាក់ទៅ៣០០នាក់ ដោយ​មាន​ទទួលអាហារ​សម្រន់​ឥតគិត​ថ្លៃនៅ​ទីនេះផងដែរ»។

ជាមួយគ្នា​នេះ ​គណៈកម្មការ​ជំនាញ​ក៏​បានជួយសម្របសម្រួល​ដល់ការនាំចូលនូវសម្ភារ ឧបករណ៍​ផ្សព្វផ្សាយ​របស់អ្នកសារព័ត៌មានអន្តរជាតិ ​នៅព្រលានយន្តហោះ។ ពេល​នេះអ្នកសារព័ត៌មានជាតិ​ និងអន្តរជាតិ បានចុះឈ្មោះជាផ្លូវការច្រើនជាង ៥០០នាក់ហើយ ក្នុងនោះ​អ្នកសារព័ត៌មាន​អន្តរជាតិ​ជាង ១០០នាក់។ «ចំពោះការចុះថតយកព័ត៌មាន នៅតាមទីលានប្រកួតនានា ក៏ដូចគ្នា​នឹង​ការ​ប្រកួត​កីឡា​ស៊ីហ្គេម ថ្មីៗនេះដែរ លើកលែងតែពិធីបើក-បិទអាស៊ានប៉ារ៉ាហ្គេម លើកទី១២នេះ ដែល​តម្រូវ​ឱ្យ​មាន​តំបន់កំណត់ ដែលមិនប៉ះពាល់ដល់ការរៀបចំបច្ចេកទេស»។ ឯកឧត្តម ផុស សុវណ្ណ បាន​បន្ថែម៕

អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់
អត្ថបទថ្មី