- 2023-05-29 01:58:57
- ព័ត៌មាន
សម្តេចពិជ័យសេនា ទៀ បាញ់៖ យើងនឹងរៀបចំឲ្យអស្ចារ្យ ទាំងពិធីបើក បិទអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣
- 2023-05-29 01:58:57
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សម្តេចពិជ័យសេនា ទៀ បាញ់៖ យើងនឹងរៀបចំឲ្យអស្ចារ្យ ទាំងពិធីបើក បិទអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣
ចន្លោះមិនឃើញ
សម្តេចពិជ័យសេនា ទៀ បាញ់ បានអះអាងថាកម្ពុជានឹងរៀបចំឲ្យមានភាពអស្ចារ្យ ទាំងពិធីបើក និងពិធីបិទនៃព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ក្រោយពីទទួលបានបទពិសោធកាលពីព្រឹត្តិការណ៍ស៊ីហ្គេម២០២៣រូចមកហើយ។
សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម (CAMSOC-CAMAPGOC) បានបើកកិច្ចប្រជុំ កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ នៅសាលមជ្ឈមណ្ឌលប្រតិបត្តិការហ្គេមនៃពហុកីឡដ្ឋានជាតិមរតកតេជោ។ ក្នុងឱកាសនោះដែរ សម្ដេចបានគូសបញ្ជាក់ថា នេះជាកិច្ចប្រជុំដ៏មានសារៈសំខាន់ ដែលត្រៀមរៀបចំព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ដោយកែសម្រួលបន្តិចបន្តួចប៉ុណ្ណោះពីព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលទើបបញ្ចប់ដោយជោគជ័យ កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣។
សម្តេចពិជ័យសេនា បានប្រសាសន៍បន្ថែមយ៉ាងដូច្នេះថា៖ “ឆ្លងកាត់បទពិសោធន៍របស់យើង គឺនឹងរៀបចំឲ្យមានភាពអស្ចារ្យ ទាំងពិធីបើក និងពិធីបិទនៃព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣។ យើងទាំងអស់គ្នាដឹងហើយថា កីឡាករ កីឡាការិនីដែលចូលរួមប្រកួតក្នុងព្រឹត្តិការណ៍នេះ គឺសុទ្ធសឹងជាអ្នកមានពិការភាព ហើយការប្រកួតលើវិញ្ញាសាក៏ខុសគ្នាពីការប្រកួតស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣កន្លងមកដែរ។ ទោះបីជាយ៉ាងណាក៏ដោយ ក៏ការទទួលរៀបចំធ្វើម្ចាស់ផ្ទះជាលើកដំបូងនៃអាស៊ានប៉ារ៉ាហ្គេមនឹងត្រូវទៅតាមតម្រូវការមិនឲ្យខុសទម្រង់នៃបទពិសោធន៍អាស៊ានប៉ារ៉ាហ្គេម កន្លងមកនោះទេ។ កិច្ចការនេះគឺមានការសហការគ្នាយ៉ាងស្អិតរមួតជាមួយគណៈកម្មការជំនាញបច្ចេកទេស ដើម្បីត្រៀមខ្លួនឲ្យបានរួចហើយៗនឹងចាប់ផ្តើមជាផ្លូវការពីថ្ងៃទី០៣ ដល់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣”។
ប្រទេសដែលចូលរួមប្រកួត គឺ១១ប្រទេសដដែល ប៉ុន្តែចំនួនប្រតិភូ កីឡាករ កីឡាការិនីសរុបមានប្រមាណ ២៦០០នាក់ប៉ុណ្ណោះ ក្នុងនោះអត្តពលិកសរុប ប្រមាណ ១៤០០នាក់ (ស៊ីហ្គេម លើកទី៣២ ជាង ១៥០០០នាក់)។ សម្តេចពិជ័យសេនាក៏បានជម្រាបថា សម្រាប់ការទទួលហូបចុក ស្នាក់នៅ ការដឹកជញ្ជូន ការផ្សព្វផ្សាយ ការចូលទស្សនាពិធីបើក-បិទ និងការប្រកួតអាស៊ានប៉ារ៉ាហ្គេម នៅតែរក្សា ឥតគិតថ្លៃ ដូចស៊ីហ្គេម លើកទី៣២ កន្លងមកដូចគ្នាផងដែរ៕