• 2023-05-19 10:43:07
  • បាល់ទាត់

West Ham ឡើង​ជើង​នៅ​អឺរ៉ុប តែ​ស្រពោន​នៅ​លីគ​អង់គ្លេស

  • 2023-05-19 10:43:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

West Ham United បាន​ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​កម្មវិធី Europa Conference League ក្រោយ​យក​ឈ្នះ AZ Alkmaar សរុប​លទ្ធផល​ទាំង​ពីរ​ជើង ៣-១។

នេះ​បាន​ន័យ​ថា West Ham ត្រូវ​ប៉ះ​ជាមួយ​ក្លឹប Fiorentina នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ដែល​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ៧ មិថុនា​ខាង​មុខ។ បើ​ឈ្នះ ពាន​ Europa Conference League នេះ​គឺ​ជា​ពាន​អឺរ៉ុប​ដំបូង​ដែល West Ham ឈ្នះ​គិត​តាំង​ពី​ឆ្នាំ ១៩៦៥ មក។

West Ham បាន​បង្ហាញ​ទម្រង់​លេង​ល្អ​ក្នុង​កម្មវិធី Europa Conference League បាន​ហែល​ឆ្លង​ជា​ច្រើន​វគ្គ​រហូត​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ។

ទោះ​ជា​យ៉ាង​ណា West Ham ហាក់​ធ្លាក់​ទម្រង់​ក្នុង​លីគ​កំពូល​អង់គ្លេស​ក្នុង​រដូវ​កាល​នេះ។​ ក្លឹប​លេង ៣៦ ប្រកួត ចាញ់ ១៩ ដង ស្មើ ៧ លើក និង​ឈ្នះ​តែ ១០ ប្រកួត​ប៉ុណ្ណោះ ហើយ​ស៊ុត​ចូល​គេ ៣៨ គ្រាប់​ តែ​គេ​ស៊ុត​ចូល​វិញ​ដល់​ទៅ ៥២ គ្រាប់។ West Ham កំពុង​ឈរ​លេខ ១៥ មាន​ ៣៧ ពិន្ទុ ហើយ​ទើប​តែ​រួច​ប្រផឹតប្រផើយ​ចេញ​ពី​ការ​កាត់​ចេញ​ពី Premier League ប៉ុណ្ណោះ។

លទ្ធផល​នេះ​ដាច់​ឆ្ងាយ​ពី West Ham រដូវ​មុន​ណាស់។ West Ham កាល​ពី​រដូវ​កាល​ ២០២១/២០២២ បញ្ចប់​រដូវ​កាល​នៅ​លេខ ៧ ឈ្នះ ១៦ ដង ស្មើ ៨ លើក និង​ចាញ់ ១៤ ប្រកួត ហើយ​ស៊ុត​ចូល​គេ ៦០ គ្រាប់ និង​របូត​គ្រាប់​វិញ ៥១​គ្រាប់៕

ប្រភព៖ Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់