/646443348d0e8_1684292400_medium.jpg)
- 2023-05-17 03:05:24
- បាល់ទាត់
គ្រូឥណ្ឌូណេស៊ី: ថៃជាអ្នកបង្ករឿង ប៉ុន្តែខ្ញុំក៏មិនពេញចិត្តក្រុមខ្ញុំចំពោះទង្វើអសីលធម៌ដែរ
- 2023-05-17 03:05:24
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គ្រូឥណ្ឌូណេស៊ី: ថៃជាអ្នកបង្ករឿង ប៉ុន្តែខ្ញុំក៏មិនពេញចិត្តក្រុមខ្ញុំចំពោះទង្វើអសីលធម៌ដែរ
ចន្លោះមិនឃើញ
លោក Indra Sjafri គ្រូបង្វឹកក្រុមជម្រើសជាតិក្រោមអាយុ២២ឆ្នាំរបស់ឥណ្ឌូណេស៊ី បានអះអាងថាក្រុមជម្រើសជាតិថៃ ជាអ្នកបង្កហេតុមុនដែលធ្វើឱ្យមានការប៉ះទង្គិចគ្នាក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រដណ្ដើមមេដាយមាសនៅយប់មិញនេះ។
ជំនួបផ្ដាច់ព្រ័ត្រនៅយប់មិញក្នុងស្ដាតអូឡាំពិក ពិតជាក្ដៅគគុកមែនទែន។ គ្រាប់បាល់មានជាច្រើន ហើយការប៉ះទង្គិចគ្នាក៏មានច្រើនដូចគ្នាទាំងក្នុងទីលាននិងក្រៅទីលាន។ ជាក់ស្ដែង នៅលើទីលានមានកាតក្រហមដល់៧នាក់ លឿង១២នាក់ ហើយក្រៅទីលានវិញសមាជិកក្រុមគ្រូបង្វឹករបស់ក្រុមទាំងសងខាងក៏បានវាយគ្នាថែមទៀត ដែលបង្កជាភាពរញ៉េរញ៉ៃមែនទែន។ តែយ៉ាងណា ក្រុមឥណ្ឌូណេស៊ីទេ ដែលជាអ្នកក្ដោបឱកាសបានយកមេដាយមាស ដោយឈ្នះថៃ ក្នុងលទ្ធផល ៥-២ ក្រោយបញ្ចប់១២០នាទី។
ដោយឡែកចំណុចដែលវាយគ្នានៅក្រៅទីលានវិញ ត្រូវបានលោក Indra Sjafri បង្ហាញអារម្មណ៍ថា៖ “ថៃជាអ្នកបង្កភ្លើងមុន។ កីឡាករថៃ បានរត់មកអបអរឌឺដងខាងឥណ្ឌូណេស៊ីនៅពេលពួកគេរកគ្រាប់បាល់តាមស្មើបាននៅ ២-២។ ក្រោយមកនៅពេលឥណ្ឌូណេស៊ី រកបានគ្រាប់បាល់វិញ ក៏ខាងក្រុមខ្ញុំរត់ទៅអបអរមុខខាងថៃវិញ ទើបបង្កជាហិង្សាកើតឡើងតែម្ដង។ ខ្ញុំមិនគាំទ្រ និងមិនពេញចិត្តចំពោះកាយវិការរបស់ក្រុមខ្ញុំឡើយ។ កីឡាគួរតែមានភាពស្រស់ស្អាតជាងនេះ។ ខ្ញុំមិនពេញចិត្តចំពោះក្រុមខ្ញុំដែលធ្វើរឿងនេះឡើយ”។
សូមបញ្ជាក់ដែរថាតាំងពីឆ្នាំ១៩៩១មក ក្រុមជម្រើសជាតិបាល់ទាត់ឥណ្ឌូណេស៊ីមិនដែលបានឈ្នះមេដាយមាសនោះទេ ដោយបានត្រឹមឡើងវគ្គផ្ដាច់ព្រ័ត្រប៉ុណ្ណោះ។ ដូច្នេះហើយនៅឆ្នាំ២០២៣នេះ គឺជាការត្រលប់មកគ្រងជើងឯកវិញសម្រាប់ពួកគេក្នុងនាមជាក្រុមខ្លាំងមួយក្នុងតំបន់ផងដែរ៕