- 2023-04-24 02:35:55
- ព័ត៌មាន
ក្រុមហ៊ុន កូកា-កូឡា កម្ពុជា ប្តេជ្ញាគាំទ្រព្រឹត្តិការណ៍កីឡាស៊ីហ្គេមជាប្រវត្តិសាស្ត្រនៅកម្ពុជា
- 2023-04-24 02:35:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រុមហ៊ុន កូកា-កូឡា កម្ពុជា ប្តេជ្ញាគាំទ្រព្រឹត្តិការណ៍កីឡាស៊ីហ្គេមជាប្រវត្តិសាស្ត្រនៅកម្ពុជា
ចន្លោះមិនឃើញ
ក្រុមហ៊ុនភេសជ្ជៈកម្ពុជា ដែលគេស្គាល់ជាទូទៅថា កូកា-កូឡាកម្ពុជា នឹងក្លាយជាអ្នកឧបត្ថម្ភភេសជ្ជៈមានជាតិហ្គាសផ្លូវការសម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នៅព្រះរាជាណាចក្រកម្ពុជា។
តាមរយៈការចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយគណៈកម្មាធិការរៀបចំការប្រកួតកីឡាស៊ីហ្គេមកម្ពុជា (CAMSOC) និងក្រុមហ៊ុន SPORTSMAZING CO.,LTD នៅថ្ងៃនេះ ក្រុមហ៊ុន កូកា-កូឡា កម្ពុជា នឹងប្តេជ្ញាចូលរួមឧបត្ថម្ភពិសេសដល់ព្រឹត្តិការណ៍កីឡាដ៏ធំបំផុតប្រចាំតំបន់នេះ ដែលនឹងប្រារព្ធធ្វើឡើងក្នុងព្រះរាជាណាចក្រកម្ពុជាជាលើកដំបូងមិនធ្លាប់មាន។
ពិធីចុះហត្ថលេខានេះមានការចូលរួមពីសំណាក់ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការរៀបចំការប្រកួតកីឡាស៊ីហ្គេមកម្ពុជា (CAMSOC) លោក Steven Path នាយកប្រតិបត្តិក្រុមហ៊ុន Sportsmazing និងលោក Joseph Ho អគ្គនាយកក្រុមហ៊ុន កូកា-កូឡា កម្ពុជា។ ភាគីទាំងអស់បានឯកភាពគ្នាថា ព្រឹត្តិការណ៍កីឡាស៊ីហ្គេមនឹងជាឱកាសដ៏ល្អបំផុតដើម្បីលើកកម្ពស់មោទនភាពជាតិ និងបង្ហាញពីការអភិវឌ្ឍដ៏គួរអោយកត់សម្គាល់របស់កម្ពុជា ទៅកាន់បណ្ដាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ និងពិភពលោកទាំងមូល។
លោក Joseph Ho អគ្គនាយកក្រុមហ៊ុន កូកា-កូឡា កម្ពុជា បានមានប្រសាសន៍ថា៖ «នេះមិនមែនគ្រាន់តែជាព្រឹត្តិការណ៍កីឡាប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាមោទនភាពជាតិមួយផងដែរ ដែលកម្ពុជាអាចសម្រេចបាននូវសមិទ្ធិផលដែលនាំមកនូវកិត្តិយសមុខមាត់លំដាប់ថ្នាក់តំបន់ លើវិស័យកីឡា បដិសណ្ឋារកិច្ច ហេដ្ឋារចនាសម្ព័នកីឡា និងវឌ្ឍនៈភាពសង្គម ហើយយើងពិតជារំភើបណាស់ដែលកម្ពុជា ក្លាយជាម្ចាស់ផ្ទះផ្លូវការសម្រាប់កីឡាស៊ីហ្គេមលើកទី៣២ នេះ»។ លោកបានបន្តថា៖ «នៅក្រុមហ៊ុន កូកា-កូឡា កម្ពុជា យើងមានមោទនភាពដែលបានក្លាយជាផ្នែកមួយនៃព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ ក្នុងនាមជាដៃគូ អ្នកឧបត្ថម្ភ និងអ្នកជឿជាក់លើកម្ពុជា។ យើងជឿលើភាពអស្ចារ្យរបស់កម្ពុជា»។
កីឡាស៊ីហ្គេមលើកទី៣២ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ១៧ ខែឧសភា ឯកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣ ខែមិថុនា រហូតដល់ថ្ងៃទី៩ ខែមិថុនា។ ពាក្យស្លោកសម្រាប់ព្រឹត្តិការណ៍កីឡានេះគឺ «កីឡារស់ក្នុងសន្តិភាព»។ នៅក្នុងព្រឹត្តិការណ៍កីឡានេះ គេរំពឹងថានឹងមានកីឡាករនិងគ្រូបង្វឹកប្រមាណ ១ម៉ឺននាក់មកចូលរួមក្នុងកម្មវិធីនេះ។
ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC បានមានប្រសាសន៍ថា៖ «កីឡាស៊ីហ្គេមលើកទី៣២ នេះពិតជាពិសេសណាស់សម្រាប់យើងទាំងអស់គ្នានៅក្នុងប្រទេសកម្ពុជាក្នុងនាមជាម្ចាស់ផ្ទះជាលើកដំបូងមិនធ្លាប់មាន និងសម្រាប់បណ្តាប្រទេសចូលរួមផងដែរ។ យើងមានសេចក្តីសោមនស្សរីករាយដែលក្រុមហ៊ុន កូកា-កូឡា កម្ពុជា ប្តេជ្ញាផ្តល់ការគាំទ្រនេះ»។
លោក Steven Path នាយកប្រតិបត្តិក្រុមហ៊ុន Sportsmazing ដែលបានធ្វើជាភ្នាក់ងារកណ្តាលក្នុងការចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន កូកា-កូឡា កម្ពុជា បានថ្លែងថា៖ «យើងពិតជាមានក្តីរីករាយដែលទទួលបានការឧបត្ថម្ភពីម៉ាកយីហោដ៏ល្បីនេះ។ យើងសូមថ្លែងអំណរគុណដល់ក្រុមហ៊ុន កូកា-កូឡា កម្ពុជា សម្រាប់ការចូលរួមចំណែកនិងការគាំទ្ររបស់ពួកគេ»។
ក្រុមហ៊ុន កូកា-កូឡា កម្ពុជា បានចូលរួមគាំទ្រដល់ព្រឹត្តិការណ៍កីឡាក្នុងព្រះរាជាណាចក្រកម្ពុជាជាច្រើនឆ្នាំកន្លងមកហើយ។ ក្រៅពីការឧបត្ថម្ភដល់ព្រឹត្តិការណ៍ស៊ីហ្គេម ក្រុមហ៊ុន កូកា-កូឡា កម្ពុជា ក៏បានឧបត្ថម្ភយុទ្ធនាការ Beyond the Games ដើម្បីចូលរួមលើកស្ទួយដល់មោទនភាពជាតិ។ នៅឆ្នាំ២០២២ ស្ថិតក្រោមយុទ្ធនាការ «ភាពរីករាយដ៏ពិតប្រាកដ» ក្រុមហ៊ុន កូកា-កូឡា កម្ពុជា បាននាំយកពានរង្វាន់បាល់ទាត់ FIFA World Cup មកកម្ពុជាជាលើកដំបូងដែលធ្វើឱ្យអ្នកគាំទ្របាល់ទាត់ក្នុងស្រុករីករាយចំពោះការមកទស្សនាពានរង្វាន់ FIFA World Cup នេះ។
ក្រុមហ៊ុន កូកា-កូឡា ក៏ធ្លាប់បានគាំទ្រការប្រកួតកីឡាស៊ីហ្គេមនៅប្រទេសផ្សេងៗផងដែរនាពេលកន្លងមក។ ឧទាហរណ៍ នៅឆ្នាំ១៩៨៩ និងឆ្នាំ២០០២ ក្រុមហ៊ុន កូកា-កូឡា គឺជាអ្នកឧបត្ថម្ភផ្លូវការរបស់កីឡាស៊ីហ្គេមនាឆ្នាំនោះ។ ក្រុមហ៊ុនក៏បានគាំទ្រដល់ការធ្វើជាម្ចាស់ផ្ទះសម្រាប់កីឡាស៊ីហ្គេមឆ្នាំ២០១១ នៅប្រទេសឥណ្ឌូនេស៊ី និងឆ្នាំ២០១៩ នៅប្រទេសហ្វីលីពីន។លើសពីនេះ ក្រុមហ៊ុន កូកា-កូឡា គឺជាដៃគូឧបត្ថម្ភយូរជាងគេបំផុតដល់ព្រឹត្តិការណ៍កីឡាអូឡាំពិកដោយបានចូលរួមឧបត្ថម្ភដល់ព្រឹត្តិការណ៍កីឡាដ៏ល្បីមួយនេះចាប់តាំងពីឆ្នាំ១៩២៨ មក។
លោក Joseph Ho អគ្គនាយកក្រុមហ៊ុន កូកា-កូឡា កម្ពុជា បានបន្ថែមថា៖ «ក្នុងនាមជាអ្នកចំណូលថ្មីដែលបានផ្លាស់មករស់នៅប្រទេសកម្ពុជានៅដើមឆ្នាំនេះ ខ្ញុំមានអារម្មណ៍ថា [ប្រជាជនកម្ពុជា]មានមោទនភាព និងឆន្ទៈចូលរួមខ្ពស់ នៅក្នុងព្រឹត្តិការណ៍នេះ។ ខ្ញុំសូមអបអរសាទរដល់ប្រទេសកម្ពុជា និងជូនពរអ្នករៀបចំ កីឡាករ និងអ្នកគាំទ្ររាប់លាននាក់ ឱ្យទទួលបានសេចក្តីសុខទាំងអស់គ្នា»។
លោកថ្លែងទៀតថា៖ «ខ្ញុំជឿថា យើងអាចរួមគ្នាធ្វើឱ្យព្រឹត្តិការណ៍កីឡាទាំងនេះ ក្លាយជាព្រឹត្តិការណ៍អស្ចារ្យមួយក្នុងប្រវត្តិសាស្ត្រកម្ពុជា។ ក្រុមហ៊ុន កូកា-កូឡា កម្ពុជា ត្រៀមខ្លួនរួចជាស្រេចដើម្បីចូលរួម ផ្ដល់ភាពស្រស់ស្រាយនិងថាមពលដល់អ្នកចូលរួមគ្រប់រូបនៅក្នុងព្រឹត្តិការណ៍នេះ»៕