• 2023-03-21 09:16:50
  • ព័ត៌មាន

ប្រទេសហ្វីលីពីន ត្រៀមអត្តពលិកជិត ១ពាន់នាក់ ​មកដណ្ដើមមេដាយក្នុងព្រឹត្តិការណ៍ស៊ីហ្គេម នៅកម្ពុជា

  • 2023-03-21 09:16:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធានគណៈកម្មាធិការអូឡាំពិកនៃប្រទេសហ្វីលីពីន (POC) លោក Abraham Tolentino បានប្រកាសជាផ្លូវការនូវចំនួនអត្តពលិក និងមន្ត្រីដែលត្រូវបានជ្រើសរើសតំណាងប្រទេសរបស់ខ្លួនសម្រាប់ការចូលរួមប្រកួតព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើក ទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា។

សេចក្តីប្រកាសនេះត្រូវបានប្រារព្ធធ្វើឡើងនៅក្នុងមហាសន្និបាតប្រចាំឆ្នាំ ដោយលោក Abraham Tolentino ប្រកាសដោយផ្ទាល់ថា ហ្វីលីពីន នឹងមានប្រតិភូសរុបចំនួន ១,២៣៣នាក់ ចូលរួមកីឡាស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា ក្នុងនោះមានអត្តពលិកចំនួន ៩០៥នាក់ និងមន្ត្រីចំនួន ២៥៧នាក់ ដែលនឹងប្រកួតលើកីឡាទាំង៣៦ប្រភេទ ព្រមទាំងកីឡាសម្ដែង ១ប្រភេទផងដែរ។

លោក Abraham Tolentino បានមានប្រសាសន៍ថា ៖«ខ្ញុំជឿជាក់ថា អ្នកទាំងនេះគឺជាអត្តពលិកដែលតាំងចិត្តប្រយុទ្ធ។ ពួកគេនឹងប្រកួតប្រជែងក្នុងព្រឹត្តិការណ៍ទាំងអស់ ទោះបីជាមិនមានសក្ដានុពលក៏ដោយ»។

ហ្វីលីពីន មានចំនួនលើសពីអត្តពលិកចំនួន ៦៥៦នាក់ ដែលបានចូលរួមប្រកួតក្នុងកីឡាចំនួន ៣៨ប្រភេទ ក្នុងកីឡាស៊ីហ្គេម លើកទី៣១ កាលពីឆ្នាំមុន នៅប្រទេសវៀតណាម ដែលប្រទេសនេះបានបញ្ចប់នៅចំណាត់ថ្នាក់លេខ៤នៃតារាងមេដាយ ដោយទទួលបានមេដាយសរុប ២២៦គ្រឿង ក្នុងនោះមេដាយមាស ៥២គ្រឿង មេដាយប្រាក់ ៧០គ្រឿង និងមេដាយសំរឹទ្ធ ១០៤គ្រឿង។

គណៈកម្មាធិការអូឡាំពិកហ្វីលីពីក៏បានកំណត់ពេលវេលានៃការប្រារព្ធពិធីជូនដំណើរប្រតិភូ និងអត្តពលិកជាផ្លូវការសម្រាប់ប្រតិភូហ្វីលីពីន នៅថ្ងៃទី១៥ ខែមេសា នៅមជ្ឈមណ្ឌល សន្និបាតអន្តរជាតិហ្វីលីពីន៕

មតិយោបល់