• 2023-03-21 03:22:33
  • ព័ត៌មាន

កម្ពុជា​ បង្ហាញ​ចំនួន​ប្រតិភូកីឡា​បណ្ដា​ប្រទេស​អាស៊ីអាគ្នេយ៍​ចូលរួម​ស៊ីហ្គេម​២០២៣

  • 2023-03-21 03:22:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រះ​រាជា​ណា​​ចក្រ​កម្ពុជា ក្នុង​ឋានៈ​ជាម្ចាស់​ផ្ទះ​​រៀប​ចំ​​ការ​ប្រកួត​ព្រឹត្តិការណ៍​អាស៊ីអាគ្នេយ៍លើកទី៣២ និង​កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ បាន​រៀបចំ​ព្រះរាជពិធីប្រោសព្រះរាជទាន ព្រះអគ្គិជ័យកីឡា​ដើម្បីចាប់ផ្ដើមការដង្ហែភ្លើងគប់ ទៅកាន់បណ្ដាប្រទេសជាសមាជិកប្រចាំតំបន់អាស៊ីអាគ្នេយ៍ ដែលជាប្រពៃណីរបស់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម។

ក្នុងឱកាសដ៏មហា​នក្ខត្តប្ញក្ស​វិសេសវិសាល និង​កិត្តិយសដ៏ឧត្តុង្គឧត្តមថ្លៃថ្លា ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបាន​ស្តេចយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងព្រះរាជពិធីប្រោសព្រះរាជទានព្រះអគ្គិជ័យកីឡា សម្រាប់ការប្រកួតកីឡាទាំងពីរខាងលើ ដែលប្រារព្ធ​នៅ​​វេលាព្រឹកថ្ងៃអង្គារ៍ ១៥រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ នៅក្ដារបែនបរិវេណប្រាសាទអង្គរវត្ត ខេត្តសៀមរាប។

ក្នុង​ពិធី​​នេះ ​ឯកឧត្តម​បណ្ឌិត ថោង ខុន​ រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ ប្រធាន​ក្រុមប្រឹក្សា​សហព័ន្ធ​កីឡា​អាស៊ីអាគ្នេយ៍​និង​ជា​ប្រធាន​គណៈកម្មាធិការជាតិអូឡាំពិក​កម្ពុជា​​បាន​​មាន​ប្រសាសន៍​ថា៖ "ក្នុង​នាម​ក្រុម​ប្រឹក្សា​សហព័ន្ធ​កីឡា​អាស៊ីអាគ្នេយ៍​ទូល​ព្រះ​បង្គំ​សូម​ក្រាប​បង្គំ​ទូលថ្វាយ​​ភ្លើង​ព្រះអគ្គិជ័យ​​ កីឡា​មាន​ប្រវត្តិ​និង​ខ្លឹម​សារ​ស៊ីជម្រៅ​​ជាប់​ពាក់ព័ន្ធ​ភ្លើង​កីឡា​អូឡាំពិក​ដែល​កាល​ពី​ប្រមាណ​២០០០​ឆ្នាំ​មុន​គ.ស រៀងរាល់​ការ​ប្រារព្ធ​ពិធី​ប្រកួត​កីឡា​អូឡាំពុក​បុរាណ​នៅ​លើ​ភ្នំ​អូឡាំព៉្យា​ ប្រទេស​ក្រិច​​បុរាណ​បាន​យក​ភ្លើង​ពី​កំដៅ​ព្រះ​អាទិត្យ​ដើម្បី​បើក​ការ​ប្រកួត​កីឡាអូឡាំពិក​រហូត​ដល់​បច្ចុប្បន្ន"។

ឯកឧត្តម​បណ្ឌិត​បាន​មាន​ប្រសាសន៍​បន្ត​ទៀត​​ថា៖ "ព្រះ​អគ្គិជ័យកីឡា​​មាន​អត្ថន័យ​ជ្រាលជ្រៅ​​ជា​និមិត្តរូប​នៃ​កម្លាំង​ថាមពល​នៃ​ជីវិត​មនុស្ស​សត្វ និង​ជា​សភាវៈធម៌ដ៏បរិសុទ្ធ​ដែល​ផ្ដល់​នូវ​សេចក្ដី​សុខ សុភមង្គល និង​សន្តិភាព​ដល់​មនុស្ស​ជាតិ​​ទាំង​អស់​រស់​នៅ​លើ​​លោក​ភពផែនដី​តាម​ប្រធាន​បទ "កីឡា​នាំ​មក​នូវ​សាមគ្គីភាព មិត្តភាព​និង​សន្តិភាព"។ ផ្ដើម​ចេញ​ពី​ប្រវត្តិ​និង​ខ្លឹម​សារ​ព្រះ​អគ្គិជ័យកីឡា​ទើប​កម្ពុជា​រៀបចំ​ព្រះ​រាជ​ពិធី​ប្រោស​ព្រះរាជ​ទាន​ព្រះ​អគ្គិជ័យ​កីឡា​ពេល​នេះ​ដើម្បី​ទទួល​បាន​ព្រះអគ្គិជ័យ​កីឡា​ទៅ​រត់​ដង្ហែភ្លើង​គប់​និង​ប្រារព្ធ​​ពិធី​បើក​​ការ​ប្រកួត SEA Games-ASEAN Para Games ឆ្នាំ​២០២៣​ខាង​មុខ"។

ជាមួយ​គ្នា​នេះ​ដែរ​កម្ពុជា​ក៏​បាន​​បង្ហាញ​ចំនួន​ប្រតិភូ​​កីឡា​បណ្ដា​ប្រទេស​អាស៊ីអាគ្នេយ៍​​ដែល​នឹង​ចូលរួម​ស៊ីហ្គេម​២០២៣​នេះ​តាម​តួ​លេខ​បឋម​មាន​ដូច​តទៅ៖

១. ប្រតិភូ​កីឡា ប្រ៊ុយណេ ចំនួន​៨២​នាក់

២. ប្រតិភូ​កីឡា កម្ពុជា ចំនួន​១៣១២ នាក់

៣. ប្រតិភូ​កីឡា ឥណ្ឌូណេស៊ី ចំនួន​១៧៣៦​នាក់

៤. ប្រតិភូ​កីឡា ឡាវ ចំនួន​៥៨៣​នាក់

៥. ប្រតិភូ​កីឡា ម៉ាឡេស៊ី ចំនួន​១៤៤០​នាក់

៦. ប្រតិភូ​កីឡា មីយ៉ាន់ម៉ា ចំនួន​៦៦៣​នាក់

៧. ប្រតិភូ​កីឡា ហ្វីលីពីន ចំនួន​១១២១​នាក់

៨. ប្រតិភូ​កីឡា សិង្ហបុរី ចំនួន​១២៧១​នាក់

៩. ប្រតិភូ​កីឡា ថៃ ចំនួន​១៨៥៥​នាក់

១០. ប្រតិភូ​កីឡា ទីម័រខាងកើត ចំនួន១៦៧​នាក់​​​​​

១១. ប្រតិភូកីឡា វៀតណាម ចំនួន​១២២៣​នាក់

ចំនួន​សរុប ១១ ៤៥៣​នាក់។

មតិយោបល់