- 2023-03-20 07:34:02
- បាល់ទាត់
ក្រុមបាល់ទាត់ក្រសួងសាធារណការ សងសឹក ក្រុមបាល់ទាត់ក្រសួងសុខាភិបាលបានសម្រេច
- 2023-03-20 07:34:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រុមបាល់ទាត់ក្រសួងសាធារណការ សងសឹក ក្រុមបាល់ទាត់ក្រសួងសុខាភិបាលបានសម្រេច
ចន្លោះមិនឃើញ
ក្រោយការប្រកួតយ៉ាងស្វិតស្វាញ ទីបំផុតក្រុមបាល់ទាត់ក្រសួងសាធារណការ និងដឹកជញ្ជូន បានយកលើក្រុមបាល់ទាត់ក្រសួងសុខាភិបាលក្នុងលទ្ធផល៤-៣ នៅវគ្គផ្ដាច់ព្រ័ត្រ ក្លាយជាម្ចាស់ជើងឯកបាល់ទាត់ពានរង្វាន់អន្តរក្រសួងស្ថាប័នឆ្នាំ២០២២-២០២៣។
ជាមួយលទ្ធផលនេះ ក្រសួងសាធារណការ ក៏អាចសងសឹងបានសម្រេចផងដែរ ក្រោយបរាជ័យម្ដងទល់នឹងក្រុមដែលជាដៃគូប្រកួតប្រជែងស្វិតស្វាញមួួយនេះ កាលពី៥ឆ្នាំមុន។ និយាយពីការប្រកួតកាលពីថ្ងៃទី ១៨ មីនា ក្រុមក្រសួងសុខាភិបាល បានព្យាយាមវាយសម្រុក លើក្រុមរបស់ក្រសួងសាធារណការ ប៉ុន្តែមិនអាចរកគ្រាប់បាល់បាន។ ផ្ទុយទៅវិញ ត្រូវក្រុមក្រសួងសាធារណការនិងដឹកជញ្ជនរកបានគ្រាប់បាល់នាំមុខ ២ ទល់ ០ មុន ក្រសួងតាមបាន ១គ្រាប់វិញ។
យ៉ាងណា មុនចប់តង់ទី១ ក្រុមក្រសួងសាធារណការ បានរកបានគ្រាប់ទី៣។ ជាលទ្ធផលចប់តង់ទី ១ ក្រសួងសាធារណការនាំមុខ ៣ ទល់ ១។ លុះចូលដល់តង់ទី២ ក្រុមក្រសួងសុខាភិបាលរកបាន២គ្រាប់ ខណៈក្រុមក្រសួងសាធារណការនិងដឹកជញ្ជូន រកបាន១គ្រាប់។ ចប់ការប្រកួតក្រុមក្រសួងសាធារណការ និងដឹកជញ្ជូនក្លាយជាម្ចាស់ជើងឯកពានរង្វាន់បាល់ទាត់អន្តរក្រសូង-ស្ថាប័នប្រចាំឆ្នាំ២០២២-២០២៣ ឯក្រុមក្រសួងសុខាភិបាលធ្លាក់មកនៅចំណាត់ថ្នាក់លេខ២ ។
ក្នុងពានតែមួយនេះដែរ ក្រុមក្រសួងសង្គមកិច្ច ទទួលបានចំណាត់ថ្នាក់លេខ៣ ក្រោយបានយកឈ្នះលើក្រុមក្រសួងបរិស្ថាន ក្នុងលទ្ធផល ២-០។
នេះជាឆ្នាំទី ៨ នៃព្រឹត្តិការណ៍បាល់ទាត់ពានរង្វាន់អន្តរក្រសួងស្ថាប័ន។ តាមឯកឧត្តម សុខ សប្បាយណា ប្រធានគណៈកម្មាធិការកីឡាបាល់ទាត់មិត្តភាពយុវជនអន្តរក្រសួង ស្ថាប័ន បានឲ្យដឹងថា ពានរង្វាន់នេះ បានចាប់ដំណើរដំបូងនៅឆ្នាំ ២០១៣។ កាលនោះ មានក្រុមបាល់ទាត់ត្រឹមតែ ៩ក្រុមប៉ុណ្ណោះបានចូលរួម ប៉ុន្តែមកដល់ឆ្នាំនេះ មានក្រុមបាល់ទាត់ដល់ទៅ ៣០ក្រុម និងមានកីឡាករ ៧៥០នាក់បានចូលរួម។
នេះបង្ហាញពីការរីកចម្រើននៃកីឡាបាល់ទាត់ក្នុងពានរង្វាន់មួយនេះ។ យ៉ាងណា ឯកឧត្តម សុខ សប្បាយណា សង្ឃឹមថា នៅឆ្នាំបន្ទាប់ នឹងអាចមានក្រុមបាល់ទាត់ ៣២ ក្រុមនឹងចូលរួម សម្រាប់ការបែកចែកពូលជា ៨ តាមស្តង់ដារ។
វិលមកការប្រកួតក្នុងឆ្នាំទី ៨ នេះវិញ បានបើកការប្រកួតតាំងពីថ្ងៃទី២៥ ខែធ្នូឆ្នាំ២០២២ មកម្ល៉េះ និងទើបតែរកឃើញម្ចាស់ជយលាភីលេខ១ លេខ ២ និងលេខ៣ កាលពីល្ងាចថ្ងៃទី១៨ ខែមីនាឆ្នាំ២០២៣សប្ដាហ៍មុននេះប៉ុណ្ណោះ៕