- 2023-03-17 07:46:40
- ព័ត៌មាន
Thiago ថា ខ្លួនគេមិនដែលដឹង ពិភពលោកក៏មិនដឹងដូចគ្នា តែឥឡូវច្បាស់ហើយពី "គុនខ្មែរ" និង"មួយថៃ"
- 2023-03-17 07:46:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Thiago ថា ខ្លួនគេមិនដែលដឹង ពិភពលោកក៏មិនដឹងដូចគ្នា តែឥឡូវច្បាស់ហើយពី "គុនខ្មែរ" និង"មួយថៃ"
ចន្លោះមិនឃើញ
កីឡាករប្រដាល់ជនជាតិប្រេស៊ីល Thiago Teixeira ថ្មីៗនេះ បានពោលពាក្យថា តាំងពីយូរយារមកហើយ រូបគេ រួមទាំងពិភពលោកដែរ មិនបានដឹងសោះថា អ្នកណាជាម្ចាស់ក្បាច់ប្រដាល់ពិតប្រាកដ តែឥឡូវគេដឹងច្បាស់ហើយ។
Thiago បានសរសេរបែបនេះនៅលើបណ្ដាញសង្គមរបស់គេ ក្រោយពីបានទៅទស្សនាខេត្តសៀមរាបជាលើកទី១ ក្នុងបេសកកម្មស្វែងរកការពិតមួយពីក្បាច់គុនប្រដាល់។ បេសកកម្មដែលដឹកនាំដោយ ឧកញ៉ា ស្រី ចាន់ថន អគ្គលេខធិការរងសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានធ្វើឲ្យ កីឡាករប្រដាល់សញ្ជាតិប្រេស៊ីលបានភ្លឺភ្នែកនូវរឿងមួយដែលគេលើកឡើងថា វាជាការដែលគេបានយល់ខុសជាង ១០ឆ្នាំមកហើយ។
Thiago Teixeira បានសរសេរនៅលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនថា "នេះជាបទពិសោធន៍ដ៏មិនគួរឲ្យជឿមួយ...ពិតជារីករាយខ្លាំងណាស់ដែលបានឃើញទីកន្លែងនៃក្បាច់គុន ដែលខ្ញុំបានហាត់រៀនតាំងពីអាយុ ១៦ឆ្នាំមុន ជាក្បាច់គុនដែលខ្ញុំបានហៅថា "Muy Thai”...ថ្ងៃនេះខ្ញុំបានស្វែងរកឃើញថា អ្វីដែលខ្ញុំតែងតែហាត់នោះ គឺជា គុនខ្មែរសោះ!”។
កីឡាករប្រដាល់បរទេសរូបនេះ បញ្ជាក់បន្ថែមថា រូបគេពិតជាសប្បាយចិត្តខ្លាំងចំពោះការរកឃើញការពិតនេះ ដែលថា ក្បាច់គុន "មួយថៃ" គឺមានកំណើតចេញពី "គុនខ្មែរ"។ នេះជារឿងដែលរូបគេមិនដែលដឹងអស់រយៈពេល ១៨ឆ្នាំ ក្នុងនោះអ្នកប្រដាល់ជាច្រើននៅជុំវិញពិភពលោក ក៏មិនដែលដឹងដូចគ្នា។
ដូច្នេះហើយ តាមរយៈសហព័ន្ធប្រដាល់គុនខ្មែរ Thiago បានលើកឡើងថា រូបគេនឹងព្យាយាមផ្សព្វផ្សាយពីគុនខ្មែរទៅកាន់ពិភពលោក។
Thiago Teixeira ក្រោយពីរបគគំហើញនេះ បានវិលត្រឡប់ទៅប្រទេសកំណើតរបស់គេហើយ។ ប៉ុន្តែតាម យៈសហព័ន្ធប្រដាល់គុនខ្មែរ បានឲ្យដឹងថា រូបគេនឹងវិលត្រឡប់មកកម្ពុជាជាថ្មីនៅដើមខែមេសា ២០២៣ ដើម្បីបន្តកិច្ចការងាររបស់គេអំពីគុនខ្មែរនៅកម្ពុជា។
Thiago Teixeira បានលង់ចិត្តស្រឡាញ់ប្រទេសនិងប្រជាជនកម្ពុជាយ៉ាងខ្លាំង ក្រោយពីបានឡើងមកប្រកួតជាមួយ កីឡាករកម្ពុជា ធឿន ធារ៉ា កាលពីខែមុន។ ត្បិតថារូបគេបរាជ័យនៅលើសង្វៀន ប៉ុន្តែគេបានឈ្នះបេះដូងប្រជាជនកម្ពុជា ក្រោយពីរូបគេបានបង្ហាញសកម្មភាពស្រឡាញ់ និងគោរពវប្បធម៌របស់កម្ពុជាយ៉ាងបើកចំហរ។
កីឡាករប្រេស៊ីល បានសច្ចាថា នឹងមករស់នៅក្នុងប្រទេសកម្ពុជា ដើម្បីជួយផ្សព្វផ្សាយពីគុនខ្មែរ ហើយរូបគេក៏មានបំណងនាំក្រុមគ្រួសារមករួមរស់ជាមួយប្រជាជនកម្ពុជានាពេលអនាគតឆាប់ៗនេះដែរ៕