• 2023-03-15 03:55:33
  • ព័ត៌មាន

អ្នក​ខ្លាំង​ខាង​កីឡា E-Sport ១១​ប្រទេស​នឹង​មក​ប្រកួត​គ្នា​ក្នុង​កម្មវិធី​ធំ​នៅ​កម្ពុជា

  • 2023-03-15 03:55:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​ផែន​ការ ជើង​ខ្លាំង​កីឡា E-Sport ចំនួន​១១​ប្រទេស​នឹង​មក​ធ្វើ​ការ​ប្រកួត​គ្នា​យក​ជយលាភី​ក្នុង​កម្មវិធី​ធំ​មួយ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ក្នុង​ព្រឹត្តិការណ៍​កីឡាស៊ីហ្គេម​លើក​ទី ៣២។ នេះ​បើ​តាម​ការ​ជូន​ដំណឹង​របស់សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា (EFC)។

ប្រទេស​ចំនួន ១១ បូក​នឹង​កម្ពុជា​ផ្ទះ​ផ្ទះ​ផង នឹង​ចូល​រួម​ប្រកួត​ក្នុង​ក្របខណ្ឌ​កីឡា E-Sport សម្រាប់​ព្រឹត្តិការណ៍ MSC ឆ្នាំ២០២៣ គ្រោង​ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣ ខាងមុខនេះ។ នោះ​ជាការប្រកួតលក្ខណៈអាជីព (Pro Team) ក្នុងនោះ​​ក្រុមអាជីព​ដែល​ចូល​រួម​មាន ព្រះរាជាណាចក្រកម្ពុជា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី សឹង្ហបុរី ហ្វីលីពីន វៀតណាម ឡាវ ថៃ អាមេរិកខាងជើង និងប្រទេសមជ្ឈិមបូព៌ា អាហ្រ្វិកខាងជើង និងតួគី។

ចំនួន Slot ដែលនឹងផ្តល់ជូនតាមប្រទេសនីមួយៗ រួមមាន៖

  1. ឥណ្ឌូនេស៊ី- ២ ក្រុម

  2. ហ្វីលីពីន- ២ ក្រុម

  3. ម៉ាឡេស៊ី- ១ ក្រុម

  4. កម្ពុជា- ១ ក្រុម

  5. សឹង្ហបុរី- ១ ក្រុម

  6. មីយ៉ាន់ម៉ា- ១ ក្រុម

  7. តួគី- ១ ក្រុម

  8. មជ្ឈឹមបូព៌ា និងអាហ្រ្វិកខាងជើង- ១ ក្រុម

  9. អាមេរិកខាងជើង- ១ ក្រុម

  10. ប្រកួតជម្រុះតំបន់ទន្លេមេគង្គ (ថៃ ឡាវ និងវៀតណាម)- យក ១ ក្រុម

ការ​ប្រកួត​ដ៏​ធំ​នេះ ត្រូវ​បាន​ប្រកាស​ក្នុង​ពិធី​ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាងសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា (EFC)និងក្រុមហ៊ុនអភិវឌ្ឍកីឡាអេឡិចត្រូនិកអន្តរជាតិ MOONTON Games។ សហប្រតិបត្តិការ​ភាគី​ទាំង​ពីរ មាន​ទិសដៅអភិវឌ្ឍ​វិស័យ​កីឡា Esports ​នៅ​កម្ពុជា និង​រៀបចំ​ការ​​ព្រឹត្តិការណ៍​ពានរង្វាន់អាស៊ីអាគ្នេយ៍ឆ្នាំ២០២៣ (Mobile Legends Bang Bang Southeast Asia Cup ឬ MSC 2023)។

លោក Ray Ng មានប្រសាសន៍ថា ៖«ជោគជ័យនៃការប្រកួត MPL Cambodia បានជួយពង្រឹងលើការអភិវឌ្ឍវិស័យ Esports នៅកម្ពុជា។ យើងខ្ញុំទន្ទឹងរង់ចាំនាំមកនូវព្រឹត្តិការណ៍ MSC 2023 ដើម្បីផ្តល់ឱកាសដ៏​អស្ចារ្យ​បន្ថែមទៀតដល់អត្តពលិកកម្ពុជា​ដែល​មាន​ទេពកោលសល្យ។ យើងពិតជារីករាយ​ក្នុងការបង្ហាញអត្តពលិកកម្ពុជាដ៏មានសក្តានុពលទៅ​កាន់​ឆាកអន្តរជាតិ»។

ចំណែក ឯកឧត្តម ជា ច័ន្ទបរិបូណ៌ មានប្រសាសន៍ថា អ្វីដែលគួរឲ្យចាប់អារម្មណ៍ ឆ្នាំ២០២៣នេះ MOONTON GAMES បានផ្តោតមកលើព្រះរាជាណាចក្រកម្ពុជា និងបានសហការជាមួយសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា រៀបចំព្រឹត្តិការណ៍ដ៏ធំមួយនេះ នៅរាជធានីភ្នំពេញ ខណៈនៅកម្ពុជាមានកីឡាករ កីឡាការិនី និងអ្នកគាំទ្រលើវិញ្ញាសា Mobile Legends Bang Bang នេះយ៉ាងច្រើនសន្ធឹកសន្ធាប់។

ឯកឧត្តម​បន្ត​ថា ឱកាសធ្វើជាម្ចាស់ផ្ទះ រៀបចំព្រឹត្តិការណ៍ប្រកួតលំដាប់អន្តរជាតិដ៏ធំមួយនេះ គឺស្តែងអោយឃើញពីការអភិវឌ្ឍរបស់ព្រះរាជាណាចក្រកម្ពុជានិយាយជារួម និងលើវិស័យកីឡាអេឡិចត្រូនិក និយាយដោយឡែក ដោយឈរលើមូលដ្ឋាននៃកត្តាសុខសន្តិភាព សុខសុវត្ថិភាពពេញបរិបូរណ៍ ជាពិសេសគឺហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសកម្ពុជា ក៏ដូចជាការគ្រប់គ្រងបានយ៉ាងល្អ និងលុបបំបាត់ស្ទើរទាំងស្រុងនៃជំងឺកូវីដ-១៩។

ឯកឧត្តម​ថ្លែង​ថា "កន្លងមកយើងសង្កេតឃើញថា វិស័យកីឡាអេឡិចត្រូនិក មានការវិវឌ្ឍន៍មួយជំហានទៀត ក្នុងក្របខណ្ឌនៃលីគអាជីព ពេញលេញមួយដោយមានការអញ្ជើញ គ្រូពីក្រៅប្រទេស ក៏ដូចជាកីឡាករបរទេសមកចូលរួមជាក្រុម ក្នុងប្រទេសកម្ពុជាផងដែរ។ ខ្ញុំសង្ឃឹមថា ក្រុមកីឡាករអេឡិចត្រូនិកកម្ពុជា នឹងធ្វើបានល្អនៅក្នុងព្រឹត្តិការណ៍មួយនេះ។

ជាង​នេះ​ទៀត​សោត ការចុះហត្ថលេខាខាង​លើ ក៏​មាន​គោល​បំណងបង្កើតមូលដ្ឋានគ្រឹះនៃភាពជាដៃគូរវាងសហព័ន្ធ និងក្រុមហ៊ុន MOONTON ហើយជាផ្នែកមួយនៃការរួមគ្នាក្នុងការអភិវឌ្ឍឧស្សាហកម្ម​កីឡាអេឡិចត្រូនិកក្នុងស្រុក និងបង្កើតឲ្យមានព្រឹត្តិការណ៍ ថ្មីៗបន្ថែមទៀតក្នុងប្រទេស សម្រាប់កីឡាករ កីឡាការិនីអាជីពកម្ពុជា។ ក្នុង​នោះ នឹង​​​រៀបចំ​ព្រឹត្តិការណ៍​ពាន​រង្វាន់អាស៊ីអាគ្នេយ៍ឆ្នាំ២០២៣ (Mobile Legends Bang Bang Southeast Asia Cup ឬ MSC 2023)​ជា​ដើម៕

អត្ថបទ៖ ទារិកា

មតិយោបល់