• 2023-03-07 06:44:27
  • បាល់ទះ

​នេះ​មូល​ហេតុ ​សួន ចាន់ណារ៉ូ ​នឹង​ចូល​និវត្តន៍ ​ក្រោយចាយ​ពេល​ជាង​១០​ឆ្នាំ​ជាមួយ​បាល់​ទះ​

  • 2023-03-07 06:44:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​កីឡាករបាល់ទះឆ្នើមរបស់កម្ពុជា​ និងប្រធានក្រុម សួន ចាន់ណារ៉ូ​ បាន​សម្រេចចិត្ត​យ៉ាង​ច្បាស់​លាស់​ជុំវិញ​អាជីព​របស់​ខ្លួន ដោយកំណត់ថា នឹងចូលនិវត្តន៍ ពីក្រុមជម្រើសជាតិ ព្រម​ទាំង​ចែក​ផ្លូវ​ជាមួយ​ក្លិប​បាល់​ទះ​វិសាខា ក្រោយពេលបំពេញភារកិច្ចស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ចប់រួចរាល់។

​កីឡាករកម្ពស់ ១,៩៣ម៉ែត្រ​ សួន ចាន់ណារ៉ូ ​បានប្រាប់​ថា ពិតជាសម្រេចចិត្តច្បាស់មែន បើ​ទោះ​ពេល​នេះ​ វ័យហាក់មិនទាន់ជាចាស់ខ្លាំងក៏ដោយ​។ ដើម​ចម​នៃ​ការ​ប្រកាស​ចូល​និវត្តន៍​ទាំង​វ័យ​ក្មេង​បែប​នេះ ​គឺ​ដោយសារ​តែ​ខ្លួន​រូបគេ ​ចង់​ផ្ដល់​ពេល​វេលា​ជាមួយ​គ្រួសារ​ឱ្យ​បាន​ច្រើន​បន្តិច​ និង​មាន​ការងារ​ជា​ច្រើន​ទៀត​ គឺ​ទាក់ទង​នឹង​ការងារ​ជា​មន្ត្រីរាជការ​ដែល​ត្រូវ​បំពេញ។

កីឡាករវ័យ២៩​ឆ្នាំ​ខាង​លើ ​បាន​និយាយ​បែបនេះ​ថា៖ « ខ្ញុំ​សម្រេច​ចិត្តច្បាស់​ហើយបង​ គឺចប់ស៊ីហ្គេម ខ្ញុំ​សុំ​ឈប់ពីជម្រើសជាតិ​ ហើយ​ក៏​សម្រេច​ចិត្ត​ចែកផ្លូវ​គ្នា​ជាមួយ​ក្លិប​វិសាខា​ដែរ។​ ខ្ញុំ​ឈប់​នេះ​ក៏​ដោយសារ​ខ្ញុំ​ចង់​ផ្ដល់​ឱកាសឱ្យក្មេងៗ​ស្រករក្រោយ ​គាត់បានបង្ហាញសមត្ថភាព​ ហើយខ្ញុំទៀតសោត ត្រូវ​ទៅបម្រើការងារនៅអង្គភាព​ និងចង់ផ្ដល់ពេលវេលា​ខ្លះ​ជាមួយ​គ្រួសារ ព្រោះ​ថាខ្ញុំបាន​ចំណាយ​ពេល​វេលា​ច្រើន​ជាមួយ​បាល់ទះនេះ​ អស់​ជាង​១០ឆ្នាំ​ហើយ​ដែរ។ ​ណាមួយទៀត​ ខ្ញុំក៏​ហាក់​ថម​ថយ​កម្លាំង​ មិន​នៅ​ខ្លាំង​ និង​រហ័ស​រហួន​ដូចមុនដែរបង ​អ៊ីចឹងហើយក៏សម្រេចចិត្តប្រកាសថា ចូលនិវត្តន៍ ក្រោយ​ចប់ស៊ីហ្គេម​នេះតែម្ដងទៅ»។

សួន ចាន់ណារ៉ូ ​បានចូលប្រឡូកអាជីពកីឡាបាល់ទះ ​នៅឆ្នាំ២០១២​ ដោយ​ចូលដំបូង​លេង​ឱ្យក្លិប​បាល់​ទះ​កងពល​ធំអន្តរាគមន៍លេខ៣ តែ​ក្រោយ​មក​ក៏បាន​ផ្លាស់​ទៅ​លេង​ឱ្យក្លិប​សសយក​ខេត្ត​ព្រៃ​វែង ​ហើយក្លិបនេះ​ក៏បានប្ដូរឈ្មោះ​មក​ជា​ក្លិប​វិសាខា ដល់បច្ចុប្បន្ន។​ អ្នក​លើកបាល់​របស់កម្ពុជា​រូប​នេះ ​បានជាប់ជម្រើសជាតិ​ នៅឆ្នាំ២០១៥​ និងបានចេញទៅប្រកួតស៊ីហ្គេម នៅក្រៅប្រទេស​សរុប​បាន​ចំនួន​៣លើក គឺស៊ីហ្គេម ឆ្នាំ២០១៧ នៅសិង្ហបុរី ស៊ីហ្គេម ឆ្នាំ២០១៩ នៅហ្វីលីពីន និងស៊ីហ្គេម ឆ្នាំ២០២២ នៅវៀតណាម។

នៅក្នុងចំណោមការចូលរួមប្រកួតស៊ីហ្គេម ទាំង៣លើកនេះ សួន ចាន់ណារ៉ូ បានក្លាយជាបេក្ខភាពមួយយ៉ាងសំខាន់ ដែលបានឱ្យជួយក្រុមជម្រើសជាតិ ដណ្តើមបានមេដាយសំរឹទ្ធ ជាប្រវត្តិសាស្រ្តលើកដំបូង ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣១ នៅវៀតណាម កាលេពីខែឧសភា ឆ្នាំ២០២២។ ចំណែកសមិទ្ធផលលេងឱ្យក្លិបវិញ ចាន់ណារ៉ូ បានជួយឱ្យក្រុមវិសាខា ឈ្នះជើងឯកជាច្រើនមានដូចជា ឆ្នាំ២០១៦ ឈ្នះមេដាយមាស កីឡាជាតិ លើកទី១ ឆ្នាំ២០១៧ បានមេដាយមាស លីគស្រាបៀរកម្ពុជា ហើយនៅឆ្នាំ២០១៧ ដដែលនោះ ក៏ឈ្នះបានមេដាយមាសម្ដងទៀត ក្នុងពានរង្វាន់ស្រាបៀរ LEO។ នៅឆ្នាំ២០១៧នោះដែរ វិសាខា បានទៅលេងពានរង្វាន់កម្រិត ( ខ ) នៅថៃ ហើយទទួលបានមេដាយមាសទៀត។

កីឡាករ ដែលគេបានដាក់រហស្សនាមថា ជាដៃប៉ះសេលេខ១នៅកម្ពុជា សួន ចាន់ណារ៉ូ បានរួមដំណើរជាមួយក្រុមវិសាខា ដើម្បីចូលរួមការប្រកួតពានរង្វាន់កម្រិត «ក» នៅប្រទេសថៃម្តងទៀត ក្នុងឆ្នាំ២០១៨ និងទទួលបានចំណាត់ថ្នាក់លេខ៣ ហើយនៅឆ្នាំ២០១៨ ដដែលនោះ ក្រុមវិសាខា បានឈ្នះមេដាយមាសកីឡាជាតិលើកទី២ ម្ដងទៀត។ ចំណែកឆ្នាំ២០២២ ចាន់ណារ៉ូ ក៏បានជួយវិសាខាឱ្យឈ្នះជើងឯកពានសម្ដេចតេជោ ហ៊ុន សែន ហើយឆ្នាំ២០២៣ បានត្រឹមលេខ២ ក្នុងរង្វាន់នេះដដែល ដោយចាញ់ក្រសួងមហាផ្ទៃ ទទួលបានមេដាយប្រាក់៕

អត្ថបទ៖ Camsoc

មតិយោបល់