- 2023-03-03 04:19:37
- ព័ត៌មាន
ក្រោយមានរឿង ឯកឧត្តម វ៉ាត់ ចំរើន ថា ថៃបានជួយឲ្យ "គុនខ្មែរ" ចំណេញច្រើន
- 2023-03-03 04:19:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រោយមានរឿង ឯកឧត្តម វ៉ាត់ ចំរើន ថា ថៃបានជួយឲ្យ "គុនខ្មែរ" ចំណេញច្រើន
ចន្លោះមិនឃើញ
សន្ទុះនៃការគាំទ្រ “គុនខ្មែរ" បានមកដល់ចំណុចខ្ពស់មួយនាពេលបច្ចុប្បន្ន មិនថាតែនៅក្នុងស្រុក និងសូម្បីក្រៅស្រុក ហើយចំណុចមួយដ៏គួរឲ្យកត់សម្គាល់នៅរយៈចុងក្រោយនេះ គឺថៃបានជួយឲ្យ "គុនខ្មែរ" របស់យើងចំណេញច្រើន។
រឿងចម្រូងចម្រាស់អំពី "គុនខ្មែរ" និង "មួយថៃ" បានកើតឡើង ក្រោយពីកម្ពុជាបានសម្រេចដាក់បញ្ចូលវិញ្ញាសារ "គុនខ្មែរ" ទៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី ៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ បញ្ហានេះបានធ្វើឲ្យភាគីសហព័ន្ធមួយថៃអន្តរជាតិប្រតិកម្ម ហើយពួកគេថា នឹងមិនបញ្ជូនកីឡារបស់ខ្លួនប្រភេទនេះមកចូលរួមនោះទេ។ មិនត្រឹមប៉ុណ្ណឹង ពួកគេនៅបានព្រមាន សមាជិកដទៃទៀតមិនឲ្យចូលរួមដែរ បើពុំនោះទេ ពួកគេនឹងមិនត្រូវបានអនុញ្ញាតិឲ្យចូលរួមក្នុងព្រឹត្តិការណ៍ «Asian Indoor and Martial Arts Games» នៅប្រទេសថៃនាចុងឆ្នាំនេះទេ។
មិនត្រឹមតែកម្រិត សហព័ន្ធ ប៉ុន្តែសូម្បីអត្តពលិក ដូចជាកីឡាករប្រដាល់ ប៊ូខាវ ក៏បានចេញមកអះអាងថា ខ្លួនមិនជាប់ឈាមជ័រជាខ្មែរ ពោលគឺជនជាតិគួយក្នុងពេលតំណាលគ្នាថែមទៀត។ រឿងរ៉ាវទាំងនេះ បានជំរុញទឹកចិត្តស្រឡាញ់ក្នុងស្រុកផ្ដើមស្រឡាញ់ប្រភេទកីឡាប្រភេទនេះរបស់ខ្មែរ ក្នុងនោះគេឃើញក្រុមអ្នកមានទ្រព្យធន ឧកញ៉ា ជាច្រើនបានបរិច្ឆាគធនជាតិជូនកីឡាករគុនខ្មែរបង្ហាញពីការរួបរួមគ្នា គាំទ្រគុនខ្មែរ។
មិនត្រឹមតែនៅក្នុងស្រុក ប៉ុន្តែនៅក្រៅស្រុកក៏ដូចគ្នា ជាក់ស្ដែង សូម្បីកីឡាករប្រដាល់ មួយថៃ និងជាពិធីករល្បីឈ្មោះរបស់ថៃ អាំងទាន់ ពីនតូ ក៏បានសរសេរលើបណ្ដាញសង្គមរបស់គេដែរថា គេកត់សម្គាល់ថា នៅពេលនេះ មនុស្សជាច្រើនឡើងៗ គាំទ្រគុនខ្មែរ។
ក៏ដូចគ្នា ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡា ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ (CAMSOC-CAMAPGOC) ក្នុងថ្ងៃ សន្និសីទសារព័ត៌មានស្ដីពីវឌ្ឍនភាពនៃការត្រៀម SEA GAMES-ASEAN Para Games 2023នៅ NOCCរៀបចំដោយក្លឹបអ្នកកាសែតកម្ពុជា បានលើកឡើងថា ថៃបានជួយឲ្យគុនខ្មែរចំណេញច្រើនពីករណីនេះ។
ក្រៅពីការបណ្ដុះស្មារតីគាំទ្រគុនខ្មែរទាំងក្នុង និងក្រៅស្រុក ក្នុងនោះ កម្ពុជាក៏ចំណេញលើសមាជិកភាពនៃសហព័ន្ធគុនខ្មែរអន្តរជាតិទៀតផង។ ឯកឧត្តម លើកឡើងថា តាំងពីមានរឿងមក មានប្រទេសជាច្រើនសុំចូលជាសមាជិក "សហព័ន្ធគុនខ្មែរអន្តរជាតិ" ពីជាង ២០ប្រទេស មកជាង ៥០ប្រទេសហើយនាពេលបច្ចុប្បន្ន។
ឯកឧត្តមបន្តថា ប្រទេសធំៗមានដូចជា ឥណ្ឌា អ៊ីរ៉ង់ ជាដើមសុំចូលជាសមាជិក "សហព័ន្ធគុនខ្មែរអន្តរជាតិ" ដោយពួកគេស្រាវជ្រាវហើយយល់ថា គុនខ្មែរល្អ មានមូលដ្ឋានគ្រឹះ មានក្បួនច្បាប់ត្រឹមត្រូវ មានមូលដ្ឋានច្បាស់ ហើយគុនខ្មែរមានមូលដ្ឋានស៊ីជម្រៅផ្នែកវប្បធម៌របស់ខ្លួន។ ដូច្នេះហើយ ទើបប្រទេសជាច្រើនសុំចូលជាសមាជិកបន្តបន្ទាប់៕