- 2023-03-01 08:28:09
- ព័ត៌មាន
អតីតមេដាយសំរឹទ្ធ ស៊ីហ្គេម ២០១៣ ឈឿង លីណា ថាស៊ីហ្គេមឆ្នាំ២០២៣នេះ ជាព្រឹត្តិការណ៍ចុងក្រោយ លេងតំណាងឲ្យកម្ពុជា
- 2023-03-01 08:28:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អតីតមេដាយសំរឹទ្ធ ស៊ីហ្គេម ២០១៣ ឈឿង លីណា ថាស៊ីហ្គេមឆ្នាំ២០២៣នេះ ជាព្រឹត្តិការណ៍ចុងក្រោយ លេងតំណាងឲ្យកម្ពុជា
ចន្លោះមិនឃើញ
កីឡាការិនីជម្រើសជាតិតេក្វាន់ដូកម្ពុជា ឈឿង លីណា បានចាត់ទុកការចូលរួមការប្រកួតព្រឹត្តិការណ៍ស៊ីហ្គេមនៅកម្ពុជា ឆ្នាំ២០២៣ ជាការប្រកួតតំណាងឲ្យជាតិ លើកចុងក្រោយរបស់ខ្លួន បន្ទាប់ពីប្រឡូកក្នុងវិស័យនេះ អស់រយៈពេលជាច្រើនឆ្នាំ។
កីឡាការិនីស្រស់សោភាខាងលើនេះ បានចូលរួមការប្រកួតព្រឹត្តិការណ៍ស៊ីហ្គេម បានចំនួន២លើក រួចមកហើយ គឺឆ្នាំ២០១៣ ស៊ីហ្គេម មីយ៉ាន់ម៉ា ធ្លាប់ទទួលបានមេដាយសំរឹទ្ធ ១គ្រឿង និងស៊ីហ្គេម ឆ្នាំ២០១៧ នៅម៉ាឡេស៊ី មិនទទួលបានមេដាយឡើយ។ បន្ថែមលើសពីការប្រកួតស៊ីហ្គេម កីឡាការិនីជម្រើសជាតិដដែល ធ្លាប់ចូលរួមការប្រកួតកម្រិតពិភពលោក នៅប្រទេសកូរ៉េ ផងដែរ។
សម្រាប់ស៊ីហ្គេម នៅឆ្នាំ២០២៣វិញ កីឡាការិនីខាងលើ បានចាប់ផ្ដើមហ្វឹកហាត់កាលពីខែកក្កដា ឆ្នាំ២០២២ មកទល់នឹងពេលនេះ ដោយការហ្វឹកហាត់នៅពហុកីឡដ្ឋានជាតិអូឡាំពិក។ ក្នុងការហ្វឹកហាត់រាល់ថ្ងៃ កីឡាការិនីដ៏ស្រស់សោភាខាងលើ បានផ្ដោតលើការហ្វឹកហាត់ជារួម ក្រោមហេតុផលថា ខ្លួនមិនទាន់កំណត់ច្បាស់ថា នឹងត្រូវលេង២ ឬ ១វិញ្ញាសាឡើយ។
កីឡាការិនីដែលទើបបញ្ចប់ការសិក្សាពីប្រទេសវៀតណាម បាននិយាយបែបនេះថា «សម្រាប់មេដាយស៊ីហ្គេមឆ្នាំនេះ ខ្ញុំបានគិតហើយថា នឹង[ទទួល]បាន គ្រាន់តែមិនដឹងថា មេដាយកម្រិតណា។ ស៊ីហ្គេមឆ្នាំនេះ អាចជាការប្រកួតលើកចុងក្រោយរបស់ខ្ញុំតំណាងឲ្យកម្ពុជា ព្រោះថា ខ្ញុំមានវ័យរាងជ្រេដែរហើយ គឺ២៧[ឆ្នាំ]ហើយ។ ក្រោយចប់ការប្រកួតតំណាងឲ្យជាតិនេះទៅ ខ្ញុំគិតថា ចង់ផ្ដោតលើជំនាញរបស់ខ្ញុំវិញ [គឺការងារ]ផ្នែកឱសថ ដែលទើបបញ្ចប់ការសិក្សាពីប្រទេសវៀតណាម»៕