- 2023-02-28 08:59:43
- ព័ត៌មាន
ភូមិកីឡា នឹងរៀបចំគ្រែសរុបជាង ៥ពាន់គ្រែ ដើម្បីទទួលស្វាគមន៍ប្រតិភូកីឡា ស្នាក់នៅ និងហូបចុក គ្រោងបញ្ចប់នៅចុងខែក្រោយនេះហើយ
- 2023-02-28 08:59:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ភូមិកីឡា នឹងរៀបចំគ្រែសរុបជាង ៥ពាន់គ្រែ ដើម្បីទទួលស្វាគមន៍ប្រតិភូកីឡា ស្នាក់នៅ និងហូបចុក គ្រោងបញ្ចប់នៅចុងខែក្រោយនេះហើយ
ចន្លោះមិនឃើញ
សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ (CAMSOC-CAMAPGOC) បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះដំណើរការសាងសង់ភូមិកីឡា ក្នុងដំណាក់កាលទី២ ដែលមានវឌ្ឍនភាពល្អ ហើយគ្រោងនឹងបញ្ចប់ការសាងសង់ នៅចុងខែមីនា ដើម្បីត្រៀមរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នាថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ ខាងមុខ។
ការកោតសរសើរនេះ បន្ទាប់ពីសម្ដេចពិជ័យសេនា ទៀ បាញ់ អមដំណើរដោយឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ដ្រៃយ៍ គណៈកម្មាធិការជាតិ CAMSOC-CAMAPGOC រួមជាមួយអ្នកឧកញ៉ា សៀ ឬទ្ធី អគ្គនាយកក្រុមហ៊ុន WorldBridge Sport Village ដែលជាក្រុមហ៊ុនទទួលបានសិទ្ធិសាងសង់ភូមិកីឡា បានដឹកនាំប្រតិភូ ចុះពិនិត្យវឌ្ឍនភាព នៃដំណើរការសាងសង់ភូមិកីឡា ក្នុងដំណាក់កាលទី២ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ដោយផ្ទាល់ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣។
ទោះជាយ៉ាងណាស្របពេលកម្ពុជា សល់ពេល ៦៦ថ្ងៃ ឆ្ពោះទៅរកពិធីបើកការប្រកួតស៊ីហ្គេមនោះ សម្ដេចបានជំរុញ និងណែនាំឱ្យកម្រិតពេលវេលាច្បាស់លាស់ ក្នុងការបញ្ចប់គម្រោង ដោយកំណត់ត្រឹមថ្ងៃទី៣១ ខែមីនា ត្រូវបញ្ចប់ការសាងសង់ជាស្ថាពរ និងប្រគល់ជូនគណៈកម្មាធិការជាតិ CAMSOC ។
សម្រាប់ភូមិកីឡានេះដែរ នឹងត្រូវរៀបចំគ្រែសរុបជាង ៥ពាន់គ្រែ ដើម្បីទទួលស្វាគមន៍ប្រតិភូកីឡា ដែលត្រូវស្នាក់នៅ និងហូបចុកនៅទីនោះ រៀងរាល់ថ្ងៃ ចន្លោះពី ២ពាន់នាក់ ទៅជាង ៥ពាន់នាក់ ពិសេសកំឡុងពេលពិធីបើកការប្រកួតកីឡាស៊ីហ្គេម ដែលនឹងមានអ្នកស្នាក់នៅប្រមាណជាង ៥ពាន់នាក់៕