• 2023-02-27 03:55:27
  • ព័ត៌មាន

ដឹងទេថាមក​ដល់​ពេលនេះ មាន​ប៉ុន្មានប្រទេស​ហើយ សម្រេច​ចូល​រួមវិញ្ញាសារ គុនខ្មែរ នៅ​ស៊ីហ្គេម

  • 2023-02-27 03:55:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​ទោះ​ជា​មាន​ការ​ព្រមាន ពី​ភាគី​ថៃ ទៅ​ប្រទេស​ដទៃ​ដែល​ជា​សមាជិក IFMA មិន​ឲ្យ​ចូល​រួម ​​វិញ្ញាសារ "គុន​ខ្មែរ" ចូល​ទៅ​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​លើក​ទី៣២ ដែលកម្ពុជា​ម្ចាស់​ផ្ទះ ប៉ុន្តែ​យ៉ាង​នេះ​ក្ដី មក​ដល់​ពេល​នេះ មាន ៥ប្រទេស​ហើយ​បាន​សម្រេច​ចូល​រួមវិញ្ញាសារ "គុនខ្មែរ"។ នេះ​បើ​តាម​ឯកឧត្តម វ៉ាត់ ចំរើន  អគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអគ្នេយ៍ លើកទី៣២។

ឯកឧត្តម​អគ្គលេខាធិការ បញ្ជាក់​ថា មក​ពេល​នេះ មាន​ប្រទេស​ចំនួន ៥ ហើយ​ដែល​បាន​បញ្ជាក់​ពី​ការ​ចូល​រួម​វិញ្ញាសារ "គុន​ខ្មែរ" របស់​យើង។ តាម​ឯកឧត្តម ប្រទេស​ដែល​ចូល​រួម​នោះ​មាន វៀតណាម ឡាវ ភូមា ហ្វីលីពីន និង​ឥណ្ឌូណេស៊ី។ ដោយ​ឡែក​ប្រទេស​ដែល​មិន​បាន​ចូល​រួម មាន ប្រ៊ុយណេ ទីម័រ និង​សិង្ហបុរី។ ការ​ដែល​ប្រទេស​ទាំង​នេះ មិន​បាន​ចូល​រួម គឺ​ដោយ​សារ​តែ​ពួក​គេ មិនមាន​ប្រភេទ​កីឡា​នេះ​នោះ​ទេ។

នៅ​មុន​នេះ​បន្តិច ​សហព័ន្ធអន្តរជាតិនៃសមាគម«Muay Thai»(IFMA) បាន​ប្រតិកម្ម ជុំវិញ​កម្ពុជា​បាន​សម្រេច​​ដាក់​បញ្ចូល​វិញ្ញាសារ "គុន​ខ្មែរ" ទៅ​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម ហើយ​ថា ថៃ​នឹង​មិន​បញ្ជូន​កីឡា​របស់​ខ្លួន​ប្រភេទ​នេះ​មក​ចូល​រួម​នោះ​ទេ។ មិនត្រឹម​ប៉ុណ្ណឹង ពួក​គេ​នៅ​បាន​ព្រមាន សមាជិក​ដទៃ​ទៀត​មិន​ឲ្យ​ចូល​រួម​ដែរ បើ​ពុំ​នោះ​ទេ ពួក​គេ​នឹង​មិន​ត្រូវ​បាន​អនុញ្ញាតិ​ឲ្យ​ចូល​រួម​ក្នុង​ព្រឹត្តិការណ៍ «Asian Indoor and Martial Arts Games» នៅប្រទេសថៃនាចុងឆ្នាំនេះទេ។

ប៉ុន្តែ​យ៉ាង​នេះ​ក្ដី បញ្ហា​ដែល​កើត​ឡើង គឺ​មិន​មាន​ប៉ះពាល់​ដល់​ការ​រៀប​ចំ​របស់​កម្ពុជា​លើ​វិញ្ញាសារ "គុន​ខ្មែរ"។ តាម​ឯកឧត្តម វ៉ាត់ ចំរើន វិញ្ញសារ ថ្លែង​នៅ​ក្នុង​កម្មវិធី សន្និសីទសារព័ត៌មាន​ស្ដី​ពី​វឌ្ឍនភាព​នៃការ​ត្រៀម SEA GAMES-ASEAN Para Games 2023​នៅ NOCCរៀប​ចំ​ដោយ​ក្លឹប​អ្នក​កាសែត​កម្ពុជា កាល​ពី​សប្ដាហ៍​មុន បាន​ឲ្យ​ដឹង​ថា វិញ្ញាសារ "គុនខ្មែរ" នឹង​អាច​ដំណើរ​ការ​ទៅ​បាន​តាម​ការ​គ្រោង​ទុក ដោយ​សារ​គ្រប់​លក្ខខណ្ឌ​ហើយ។

ឯកឧត្តម វ៉ាត់ ចំរើន ថ្លែង​ថា "តាម​លក្ខខណ្ឌ ប្រសិន​បើ​មាន​អ្នកចូល​រួម​ចាប់​ពី ៤ឡើង​ទៅ គឺ​យើង​អាច​ធ្វើ​ទៅ​បាន​ហើយ តែ​នេះ​យើង​បាន ៥ ប្រទេស បូក​យើង​កម្ពុជា​យើង​ទៀត គឺ ៦ហើយ"៕

អត្ថបទ៖ ទារិកា

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី