- 2023-02-18 08:45:12
- ព័ត៌មាន
ព្រឹត្តការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ដំបូងនៅកម្ពុជា មានក្រុមហ៊ុន វឌ្ឍនៈ ប៊្រូវើរី ជាដៃគូសហការឧបត្ថម្ភធំ
- 2023-02-18 08:45:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ព្រឹត្តការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ដំបូងនៅកម្ពុជា មានក្រុមហ៊ុន វឌ្ឍនៈ ប៊្រូវើរី ជាដៃគូសហការឧបត្ថម្ភធំ
ចន្លោះមិនឃើញ
ភ្នំពេញ, ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣- ក្រុមហ៊ុន វឌ្ឍនៈ ប៊្រូវើរី បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ក្លាយជាម្ចាស់ឧបត្ថម្ភធំផ្លូវការសម្រាប់ស្រាបៀរ និងភេសជ្ជៈក្នុងការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ចាប់ពីថ្ងៃទី៥ ដល់ទី១៧ ខែឧសភា និងការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣ ដែលនឹងប្រារព្ធឡើងនៅប្រទេសកម្ពុជាជាលើកដំបូងបន្ទាប់ពីខកខានរយៈពេល៦៤ឆ្នាំ។
ព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ត្រូវបានធ្វើឡើងរៀងរាល់ពីរឆ្នាំម្តង ដើម្បីជួយពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ ការយល់ដឹង និងការឯកភាពគ្នាក្នុងសហគមន៍អាស៊ីអាគ្នេយ៍។ នេះគឺជាព្រឹត្តិការណ៍កីឡាដ៏ធំបំផុតដែលបានប្រារព្ធឡើងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ទាក់ទាញការចាប់អារម្មណ៍ពីមនុស្សរាប់លាននាក់នៅក្នុងតំបន់។ ក្រុមហ៊ុន វឌ្ឍនៈ ប៊្រូវើរី មានមោទនភាព ចូលរួមជាចំណែកមួយគាំទ្រ និងឧបត្ថម្ភព្រឹត្តការណ៍ជាប្រវត្តិស្រ្តមួយនេះ ដើម្បីធ្វើឲ្យគុណតម្លៃស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមរបស់កម្ពុជា កាន់តែធំ មានគុណភាព និងកាន់តែអស្ចារ្យក្នុងភាពជាម្ចាស់ផ្ទះរបស់យើងទាំងអស់គ្នា។
ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណ:កម្មាធិការជាតិ រៀបចំស៊ីហ្គេម ២០២៣ បានមានប្រសាសន៍ថា៖ «ការចូលរួមរបស់វិស័យឯកជនជាពិសេសក្រុមហ៊ុនក្នុងស្រុកដូចជាក្រុមហ៊ុនវឌ្ឍនៈប្រ៊ូវើរីពិតជាមានសារៈសំខាន់ណាស់ ក្នុងការលើកកម្ពស់គុណតម្លៃរបស់ស៊ីហ្គេមរបស់កម្ពុជា ហើយខ្ញុំពិតជាមានមោទនភាពណាស់ដែលព្រឹត្តការណ៍ស៊ីហ្គេមនៅកម្ពុជា មានការចូលរួមពីភេសជ្ជៈកីឡាដំបូងបំផុតរបស់កម្ពុជា V-Active ដែលជាផលិតផលគុណភាពខ្ពស់ប្រគួតប្រជែងទីផ្សារអន្តរជាតិ ហើយនេះជាគោលបំណងរួមរបស់យើងក្នុងការលើកស្ទួយទាំងវិស័យសេដ្ឋកិច្ច តាមរយៈការផ្សព្វផ្សាយផលិតផលរបស់កម្ពុជាទៅបរទេស រួមទាំងវិស័យជាច្រើនទៀតដូចជាទេសចរ និងវប្បធម៌ជាដើម»។
លោក Steven Path ស្ថាបនិក និងជានាយកប្រតិបត្តិ Pathmazing បានមានប្រសាសន៍ថា៖ «សម្រាប់រាល់ការឧបត្ថម្ភពួកយើងក៏ពិចារណាទៅលើកត្តាគុណភាព ម៉ាកសញ្ញា និងប្រជាប្រិយភាពរបស់ម្ចាស់ឧបត្ថម្ភផងដែរ ព្រោះយើងត្រូវតែប្រាកដថាផលិតផលដែលផ្គត់ផ្គង់ជូនកីឡាករ កីឡាការីនី និងអ្នកចូលរួមត្រូវតែមានគុណភាពខ្ពស់។ ពួកយើងបានសិក្សា និងវាយតម្លៃលើម៉ាកផលិតផលជាច្រើន រួចសម្រេចរើសយកក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ព្រោះយើងខ្ញុំគិតថា វឌ្ឍនៈ ប្រ៊ូវើរី មិនត្រឹមតែផលិតនូវផលិតផលដែលមានគុណភាពខ្ពស់ ថែមទាំងជាម៉ាកសញ្ញាក្នុងស្រុកដ៏រឹងមាំ និងក៏ជាមោទនភាពរបស់កម្ពុជា ហើយលើសពីការឧបត្ថម្ភភេសជ្ជៈកីឡា វី-អាកទីវ ដែលពិតជាមានសារៈសំខាន់សម្រាប់ការហ្វឹកហាត់របស់កីឡាករ កីឡាការីនី តែក៏នឹងផ្តល់ការលើកទឹកចិត្តផ្សេងទៀតពី វឌ្ឍនៈ គ្រុប ផងដែរសម្រាប់ម្ចាស់មេដាយមាសទាំងអស់»។
អ្នកឧកញ៉ា សំអាង វឌ្ឍនៈ នាយកប្រតិបត្តិក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី មានប្រសាសន៍ថា៖ «នៅវឌ្ឍនៈ ប្រ៊ូវើរី យើងខ្ញុំជឿជាក់ថាអាថ៌កំបាំងនៃជីវិតគឺភាពរីករាយ។ ការស្រាវជ្រាវបង្ហាញថា ភាពរីករាយធ្វើឲ្យប្រសើរឡើងនៃប្រព័ន្ធភាពស៊ាំ ប្រយុទ្ធប្រឆាំងស្ត្រេស និងអាយុយ៉ឺនយូរ។ ហេតុនេះ ខ្ញុំ និងក្រុមការងារវឌ្ឍនៈ ប្រ៊ូវើរី បាននិងកំពុងបំពេញបេសកកម្ម ដើម្បីនាំយក និងចែករំលែកភាពរីករាយ ការជួបជុំ និងអំណរសាទរទៅកាន់ប្រជាជនកម្ពុជា និងភ្ញៀវអន្តរជាតិដែលមកកម្សាន្ត និងវិនិយោគនៅកម្ពុជា»។
អ្នកឧកញ៉ាបានបន្តថា៖ «កីឡានាំមកនូវការជួបជុំ ហើយការនាំមកនូវការជួបជុំ និងភាពរីករាយនេះហើយ ក៏គឺជាឆន្ទះរបស់ វឌ្ឍនៈ ប្រ៊ូវើរី ក្នុងនាមជាក្រុមហ៊ុនដែលមានម្ចាស់ភាគហ៊ុនជាជនជាតិខ្មែរហេតុនេះយើងខ្ញុំពិតជាមានកិត្តិយស និងមោទនភាពដែលបានចូលរួមជាចំណែកមួយ និងគាំទ្រដល់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងប៉ារ៉ាហ្គេម ជាអ្នកឧបត្ថម្ភធំ (Premium Tier) លើផលិតផលស្រាបៀរ និងភេសជ្ជៈ»។
នាយកប្រតិបត្តិក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី មានបានឱ្យដឹងផងដែរថា៖ «បន្ថែមពីលើការឧបត្ថម្ភជាសាច់ប្រាក់ និងផលិតផល យើងនឹងផ្តល់ការស្នាក់នៅរយៈពេល 3 ថ្ងៃ 2 យប់នៅសណ្ឋាគារ Rosewood Phnom Penh ដល់ម្ចាស់មេដាយមាសកម្ពុជាទាំងអស់ ។ យើងសង្ឃឹមថាការឧបត្ថម្ភរបស់យើងនឹងជំរុញ និងលើកទឹកចិត្តដល់អត្តពលិករបស់យើងឲ្យសម្រេចបានជោគជ័យកាន់តែច្រើន។ យើងខ្ញុំនឹងបន្តចូលរួមចំណែកដល់ការអភិវឌ្ឍន៍វិស័យកីឡានៅក្នុងប្រទេសកម្ពុជាតាមរយៈបណ្តាញទីផ្សារ និងការផ្សាយរបស់យើង ហើយក៏សង្ឃឹមថាដែរថាប្រជាជនកម្ពុជាទាំងអស់គ្នានឹងរួបរួមគ្នាលើកទឹកចិត្ត គាំទ្រដល់អត្តពលិករបស់យើង និងចូលរួមអបអរសាទរទាំងអស់គ្នាក្នុងឱកាសដ៏អស្ចារ្យនេះ»។
វឌ្ឍនៈ ប្រ៊ូវើរី គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធមួយរបស់ វឌ្ឍនៈ គ្រុប ដែលជាគ្រុបដ៏លេចធ្លោមួយមានក្រុមហ៊ុនជាច្រើនវិនិយោគលើវិស័យផ្សេងៗដូចជា វិស័យទំនិញ និងសេវាកម្ម អចលនទ្រព្យ សួនឧស្សាហកម្ម ធនាគារ ទីលានវាយកូនហ្គោល បដិសណ្ឋារកិច្ច សំណង់ ម្ហូបអាហារ និងវិស័យអប់រំ។ វឌ្ឍនៈ ប្រ៊ូវើរី ក៏ជាក្រុមហ៊ុនដែលកំពុងតែមានភាពលេចធ្លោខ្លាំងក្នុងឧស្សាហកម្មផលិតស្រាបៀរ និងភេសជ្ជៈនៅកម្ពុជាដែលមានគុណភាពខ្ពស់ និងឈ្នះរង្វាន់ធំៗពីស្ថាប័នអន្តរជាតិជាច្រើន។
វឌ្ឍនៈ ប្រ៊ូវើរី ក៏បានរួមចំណែកគាំទ្រលើវិស័យជាច្រើនទៀតដូចជា សិល្បៈ វប្បធម៌ សង្គម និងសេដ្ឋកិច្ចដោយទទួលបានលិខិតសរសើរពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដែលបានក្លាយជាក្រុមហ៊ុនក្នុងស្រុកគំរូដំបូងគេបង្អស់ស្ម័គ្រចិត្តចូលរួមសហការបំពាក់ឧបករណ៍វាស់ចំណុះស្រាបៀរ និងភេសជ្ជៈគ្មានសុរា ដើម្បីតម្លាភាពចំណូលពន្ធអាករជាតិ និងចូលរួមចំណែកយ៉ាងពិតប្រាកដក្នុងការពង្រឹង វប្បធម៌បង់ពន្ធជូនរដ្ឋយ៉ាងសន្ធឹកសន្ធាប់ សម្រាប់ជំរុញកំណើនសេដ្ឋកិច្ចជាតិ។